ជាតិ
ម្ចាស់កសិដ្ឋាន សហគមន៍សម្បូរសប្បាយ ដាំដុះដំណាំស្ត្រប៊ឺរី នៅទឹកដីអូរសោម
21, Mar 2021 , 9:59 am        
រូបភាព
លោក យ៉ង សាំងកុមារ ជាម្ចាស់កសិដ្ឋាន សហគមន៍សម្បូរសប្បាយ ដែលស្ថិតក្នុងឃុំអូរសោម ខេត្តពោធិ៍សាត់។ កាលពីចុងឆ្នាំ២០២០ លោកបានយកដំណាំស្ត្រប៊ឺរី ពីប្រទេសថៃ មកដាំដុះលើទឹកដីអូរសោម ដោយសង្ឃឹមថា ដំណាំមួយប្រភេទនេះ នឹងទទួលបានទិន្នផលល្អ ហើយនាំឲ្យតំបន់អូរសោម កាន់តែមានសក្តានុពលកសិ-ទេសចរណ៍បន្ថែមទៀត។



អូរសោម ជាតំបន់សក្តានុពលកសិ-ទេសចរណ៍មួយ ក្នុងខេត្តពោធិ៍សាត់។ តំបន់មួយនេះ សម្បូរទៅដោយដំណាំចម្រុះដូចជា ក្រូចឃ្វិច ទុរេន ប័រ ផាសិន កាហ្វេ និងបន្លែផ្លែឈើធម្មជាតិជាច្រើនមុខទៀត។ កាលពីចុងឆ្នាំ២០២០ លោក យ៉ង សាំងកុមារ បានយកដំណាំស្ត្រប៊ឺរី ចំនួន ១ពាន់ដើម ពីប្រទេសថៃ មកដាំក្នុងកសិដ្ឋានរបស់ខ្លួន។ អាកាសធាតុអំណោយផល គឺជាហេតុផលចម្បង ដែលធ្វើឱ្យលោក កុមារ សាកល្បងដាំស្ត្រប៊ឺរី នៅតំបន់អូរសោម។ 
 
លោក យ៉ង សាំងកុមារ ពន្យល់ប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរសព្ទដូច្នេះថា៖« មូលហេតុ ដែលជ្រើសរើសដំណាំស្រ្តប៊ឺរី មកដាំលើទឹកដីអូរសោម ដោយសារនៅអូរសោម មានអំណោយផលអាកាសធាតុល្អ ហើយស្ត្រប៊ឺរី ជាដំណាំមានសក្តានុពលផង។ បើដំណាំស្ត្រប៊ឺរី ទទួលបានជោគជ័យ តំបន់អូរសោម នឹងមានលក្ខណៈពិសេសមួយឈានមុខគេខាង ដំណាំស្រ្តប៊ឺរី»។ 


 
ក្រៅពីដាំដុះ អ្នកជំនាញរូបនេះ ក៏បានបណ្តុះបណ្តាលបច្ចេកទេស ការថែទាំ និងការប្រមូលផលដំណាំស្ត្រប៊ឺរី ដល់ស្រ្តីវ័យក្មេង៣រូប ដែលកំពុងធ្វើការនៅកសិដ្ឋានរបស់ខ្លួនផងដែរ។ តាម លោក យ៉ង សាំងកុមារ រហូតមកដល់ពេលនេះ មានដើមស្រ្តប៊ឺរីផ្លែចំនួន ១ ៩១៥ដើម កូនស្រ្តប៊ឺរីទំហំកណ្តាល ចំនួន៣០០ដើម និងមានកូនស្រ្តប៊ឺរីទំហំតូច ចំនួន ២៧៥ដើម។
 
 ទោះមិនទាន់អាចវាយតម្លៃពីទិន្នផលស្ត្រប៊ឺរី ដែលដាំដុះនៅក្នុងកសិដ្ឋានខ្លួន ប៉ុន្តែលោក កុមារ វាយតម្លៃជារួមថា លទ្ធផល ទទួលបានល្អប្រសើរហើយ។ «មិនទាន់អាចប្រៀបធៀបបានទេ ថា ផលខាងប្រទេសថៃ គេយ៉ាងណា។ ខ្ញុំក៏កំពុងសិក្សា និងវាយតម្លៃ ថាតើស្រ្តីម្នាក់ គាត់ដាំបានប៉ុន្មានម៉ែត្រការ៉េ ឬប៉ុន្មានគុម្ព។ ហើយអាចរកប្រាក់ចំណូលបានសមស្រប ទៅនឹងការងារ ឬអត់? ហើយវាអាចនឹងត្រូវការពេល ៣ខែទៀត ដើម្បីអាចសន្និដ្ឋានបាន ព្រោះវាទាក់ទងជាមួយចំណូល ចំណាយ ប៉ុន្តែជារួម លទ្ធផល គឺល្អប្រសើរហើយ»។ នេះជាការបញ្ជាក់របស់លោក យ៉ង សាំងកុមារ។ 


 
យ៉ាងណាមិញ លោក ធុច វណ្ណា មើលខុសត្រូវកសិដ្ឋាន សហគមន៍សម្បូរសប្បាយ បានលើកឡើងថា ស្រ្តប៊ឺរីដែលដាំនៅអូរសោម មិនត្រឹមតែលូតលាស់ល្អទេ ទិន្នផលក៏អាចល្អជាងនៅតំបន់ផ្សេងដែរ ដោយសារអាកាសធាតុត្រជាក់ដ៏សមប្រកប។ ក្រៅពីមើលខុសត្រូវកសិដ្ឋាន លោក ធុច វណ្ណាក៏ជាអ្នកបណ្តុះបណ្តាលបច្ចេកទេសដល់កសិករនៅក្នុងកសិដ្ឋានដែរ។ បន្ថែមពីនេះ ក្រុមកសិករនៅក្នុងតំបន់អូរសោម ចំនួន ២៦រូប ក៏កំពុងទទួលបានការបណ្តុះបណ្តាល លើការដាំការ៉ុត ប័រ ផាសិន និងទុរេនផងដែរ។ 
 
ជាមួយគ្នានេះ យុវតី លឹម ស្រីឈៀន មានវ័យ១៦ឆ្នាំ ជាជនជាតិជ័ង និងកសិករម្នាក់ដែលបានសិក្សាការដាំដុះស្រ្តប៊ឺរីនេះយល់ថា ការដាំដំណាំនេះនៅតំបន់របស់ខ្លួនរស់នៅគឺពិតជាល្អ ទាំងវិស័យកសិកម្ម និងទេសចរណ៍។ 
 
រីឯ យុវតី ឆក ពេញ ដែលជាជនជាតិជ័ង វ័យ១៦ឆ្នាំ ដែលបានសិក្សាបច្ចេកទេសដាំស្ត្រប៊ឺរី ក៏លើកឡើងស្រដៀងគ្នាដែរ។ មិនតែប៉ុណ្ណោះ យុវតីរូបនេះ ក៏មានបំណងបង្កើតចំការស្រ្តប៊ឺរីមួយ ដែលអាចដំណាំស្រ្តប៊ឺរីលក់ និងរកប្រាក់ចំណូលពីភ្ញៀវទេសចរផងដែរ៕



 

Tag:
 អូរសោម
  ពោធិ៍សាត់
  ស្ត្រប៊ឺរី
  យ៉ង សាំងកុមារ
 កសិ-ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com