ជាតិ
ដំឡូងមីមិនរើសរដូវ ប៉ុន្តែត្រូវមានបច្ចេកទេសដាំដុះត្រឹមត្រូវ
22, Mar 2021 , 8:29 am        
រូបភាព
ដោយ:
ដំឡូងមី ជាដំណាំពេញនិយមព្រោះវាអាចដាំបានទាំងរដូវប្រាំង និងរដូវវស្សា។ គេអាចដាំនៅរដូវវស្សា ចាប់ពីខែឧសភា ដល់ ខែមិថុនា និងរដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ។ ដ្បិតដំឡូងមី ងាយដាំដុះ តែកសិករត្រូវស្វែងយល់ពីបច្ចេកទេស និងលក្ខខណ្ឌមួយចំនួន ដើម្បីឲ្យការដាំដុះទទួលបានទិន្នផលខ្ពស់។

 
លក្ខខណ្ឌមួយចំនួន ដែលអំណោយផល លើដំណាំដំឡូងមី មានដូចជា សីតុណ្ហភាព ពន្លឺ សំណើម តម្រូវការទឹក និងប្រភេទដី។ ក្រៅពីលក្ខខណ្ឌទាំងនេះ បច្ចេកទេសដាំដុះពិតជាសំខាន់។ ដើម្បីបង្កភាពងាយស្រួលដល់កសិករ ថ្ងៃនេះ ThmeyThmey សូមលើកយកបច្ចេកទេសដាំដំឡូងមី ពីសៀវភៅបច្ចេកទេសកសិកម្ម របស់ក្រសួងកសិកម្ម ដើម្បីចែករំលែកដល់បងប្អូនដែលមានបំណងដាំដុះដំឡូងមី។ 
 
ការជ្រើសពូជ៖ ការដាំដំឡូងមី ដែលទទួលបានផលខ្ពស់ ត្រូវជ្រើសរើសពូជធន់នឹងអាកាសធាតុ។ ពូជ ដែលល្អត្រូវមានអាយុចាប់ពី ៨-១៨ ខែ បើសិនពូជមានលក្ខណៈខ្ចី វានឹងងាយរងការបំផ្លាញពីសត្វល្អិត។ សម្រាប់ពូជដំឡូងមី មានប្រភេទពូជសម្រាប់ហូបមើម ពូជសម្រាប់យកម្សៅ។
 
ការរៀបចំដី៖ ត្រូវភ្ជួរដីហាលចោលឲ្យបាន ២ទៅ ៣ដង មុនពេលដាំ និងភ្ជួរឲ្យបានជម្រៅ ២០ ទៅ ៣០សង់ទីម៉ែត្រ។ 
 
ការដាំដុះ៖ របៀបនៃការដាំដុះដំឡូងមី មានច្រើនប្រភេទ។ វិធីទីមួយ៖ ត្រូវកាប់រណ្ដៅដីបួនជ្រុង និងជម្រៅកន្លះម៉ែត្រ រួចដាក់ជីកំប៉ុស្ដិ ឬជីធម្មជាតិនៅបាតរណ្ដៅ បន្ទប់មកត្រូវយកដើមដំឡូងមី ដែលកាប់ខ្លីៗ ទៅកប់បញ្ឈរត្រង់ ឬទ្រេត ក្នុងរណ្ដៅ(វិធីនេះល្អសម្រាប់ដាំនៅរដូវប្រាំង)។ វិធីមួយទៀត៖ លើកជារង មានទទឹង ២០ ទៅ ៣០សង់ទីម៉ែត្រ បន្ទាប់មកកាប់រណ្ដៅលើរង រួចកប់ដើមដំឡូងមី ដូចវិធីទីមួយដែរ។ តែត្រូវមានចន្លោះរង ៩០ ទៅ ១០០សង់ទីម៉ែត្រ និងចន្លោះគុម្ព ៤០ ទៅ ៩០សង់ទីម៉ែត្រ។ 
 
ការថែទាំ៖ ដើម្បីឲ្យដំណាំដំឡូងមី លូតលាស់ល្អ ត្រូវឧស្សាហ៍ជ្រោយដី ធ្វើស្មៅ ឲ្យបានញឹកញាប់។ ត្រូវពូនគល់ដំឡូងមី ក្រោយដាំរយៈពេល ២ទៅ ៣ខែ ដើម្បីជួយទប់ដើម។ ការដាក់ជីបំប៉ន ដោយប្រើជីអ៊ុយរ៉េដើម្បីបន្ថែមជាតិម្សៅដល់មើមដំឡូងមី គេអាចធ្វើបាននៅពេលដំឡូងមី ដាំរួចរយៈពេល ១ខែលើកទីមួយ និងលើកទីពីរ នៅពេលដំឡូងបាន ៣ខែ។ 
 
ដំឡូងមី ជាដំណាំដែលងាយទទួលរងការបំផ្លាញពីពួកសត្វល្អិតចង្រៃ និងជំងឺផ្សេងៗ ច្រើនប្រភេទ ដែលបង្កឡើងពីពពួកវីរុស អាចបំផ្លាញដល់ដំឡូងមី ដូចជាជំងឺអុចត្នោតកើតលើស្លឹក ជំងឺរលួយដើម ជំងឺរលួយឫស និងប្រភេទសត្វល្អិតចង្រៃ ដូចជាពពួកចៃជាដើម។ 
 
ដើម្បីដោះស្រាយបញ្ហាខាងលើ កសិករត្រូវឧស្សាហ៍សម្អាត និងកម្ចាត់ស្មៅចង្រៃជាចាំបាច់ ព្រោះវាអាចជួយបង្កើនទិន្នផល ហើយកសិករត្រូវព្យាយាម ផ្លាស់ប្ដូរដាំដំណាំវិលជុំ មិនត្រូវដាំដំណាំដដែលនោះទេ។ នៅរដូវក្ដៅ សម្បូរទ្រីប បំផ្លាញដំណាំ ដូច្នេះការស្រោចស្រព ជាវិធីសាស្រ្តដ៏ល្អ ក្នុងការកម្ចាត់ពពួកទ្រីប។
 
ការប្រមូលផល៖ ដំណាំដំឡូងមី អាចប្រមូលផលបានពេញមួយឆ្នាំ។ ដំឡូងមី ឲ្យផលនៅពេលបានអាយុ មួយឆ្នាំ បើសិនការប្រមូលផលដំឡូងដែលអាយុក្រោមមួយឆ្នាំ នឹងធ្វើឲ្យទិន្នផលដំឡូងថយចុះ។ ការប្រមូលផលដំឡូងមី ដែលល្អគួរធ្វើនៅរដូវប្រាំង ព្រោះមានកម្រិតជាតិម្សៅល្អ និងតម្លៃខ្ពស់។ មិនត្រូវពន្យាពេលប្រមូលផលដំឡូងមីនោះទេ ព្រោះអាចធ្វើឲ្យកម្រិតម្សៅរបស់មើមថយចុះ កើនសរសៃ និងធ្វើឲ្យរឹង៕
 

Tag:
 ដំឡូងមី
© រក្សាសិទ្ធិដោយ thmeythmey.com