អន្តរជាតិ
តុលាការប៉ាគីស្ថានកាត់ទោសប្រហារជីវិតបុរសពីរនាក់ពីបទរំលោភស្ត្រីម្នាក់នៅមុខកូនៗរបស់នាង
21, Mar 2021 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
តុលាការមួយនៅប៉ាគីស្ថាន បានផ្តន្ទាទោសប្រហារជីវិតបុរសពីរនាក់ ពីបទរំលោភដែលមានការថ្កោលទោសយ៉ាងខ្លាំងក្លាពីសាធារណជន។ ជនល្មើសបានប្លន់ និងរំលោភស្ត្រីសញ្ជាតិប៉ាគីស្ថាន-បារាំង នៅចំពោះមុខកូនពីរនាក់របស់នាង។



យោងតាមការផ្សាយរបស់ BBC ស្ត្រីរងគ្រោះ បានអស់សាំងរថយន្តនៅតាមផ្លូវក្បែរក្រុង Lahore។ ជនល្មើសបានឃើញបែបនោះ ពួកគេបានចូលទៅក្នុងរថយន្ត ហើយបានប្លន់យកទ្រព្យសម្បត្តិ មុននឹងនឹងរំលោភនាងនៅចំពោះមុខកូនៗទាំងពីរ។

កាលពីថ្ងៃសៅរ៍ តុលាការនៅក្រុង Lahore បានកាត់ទោសជនល្មើសទាំងពីរ Abid Malhi និង Shafqat Ali ពីបទរំលោភ បទចាប់ជំរិត និងបទប្លន់ ខណៈមេធាវីរបស់ពួកគេ បានអះអាងប្រាប់ AFP ពីការសម្រេចចិត្តប្តឹងឧទ្ធរណ៍។

រឿងរ៉ាវនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ខណៈអត្តសញ្ញាណជនរងគ្រោះមិនត្រូវបានបង្ហាញជាសាធារណៈនោះឡើយ។ ស្ត្រីរងគ្រោះកំពុងបញ្ហាស្មារតីយ៉ាងធ្ងន់ធ្ងរ។

ក្រោយករណីនេះ ពលរដ្ឋរាប់ពាន់នាក់នៅប៉ាគីស្ថាន បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មកាលពីឆ្នាំមុន ដើម្បីទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះ និងចង់បានការការពារកាន់តែប្រសើរសម្រាប់ស្ត្រីនៅក្នុងប្រទេស៕



© រក្សាសិទ្ធិដោយ thmeythmey.com