កីឡាអន្តរជាតិ
អន្តរជាតិ
Leicester ទម្លាក់ Man Utd ឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ FA Cup លើកដំបូង ក្នុងរយៈពេល៣៩ឆ្នាំ
22, Mar 2021 , 11:12 am        
រូបភាព
Leicester City ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាលើកដំបូងក្នុងរយៈពេល៣៩ឆ្នាំចុងក្រោយ បន្ទាប់ពីទម្លាក់ Manchester United នៅវគ្គ៨ក្រុមចុងក្រោយដោយលទ្ធផល ៣-១។ កញ្រ្ជោងត្រូវប៉ះ Southampton នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ Chelsea ជួបម្ចាស់ជើងឯកចាស់ Manchester City។



ក្រុមលោក Brendan Rodgers បានបង្ហាញទម្រង់លេងស៊ីចង្វាក់គ្នាដ៏អស្ចារ្យ ដោយរកបាន៣គ្រាប់លើគូប្រជែង Man Utd នៅជំនួបវគ្គ៨ក្រុមចុងក្រោយនាកីឡដ្ឋាន King Power នៅយប់ថ្ងៃទី២១ ខែមីនា។ ៣គ្រាប់របស់ Leicester ធ្វើបានដោយ Kelechi Iheanacho ២គ្រាប់ (នាទី២៤, ៧៨) និង Youri Tielemans ១គ្រាប់ ឯ Mason Greenwood ជាអ្នកសម្រេចទីឱ្យបិសាចក្រហមនៅនាទី៣៨។
 
តាមរយៈជ័យជម្នះនេះ បានជួយ Leicester បង្ហាញខ្លួនជាថ្មីនៅវគ្គ១/២ផ្តាច់ព្រ័ត្រ FA Cup ក្រោយរយៈពេល៣៩ឆ្នាំ ពោលគឺចាប់តាំងពីក្រុមរហស្សនាមកញ្រ្ជោងឈានដល់វគ្គនេះលើកចុងក្រោយឆ្នាំ ១៩៨២ ដលោយព្រកួតចាញ់ជើងឯក Tottenham Hotspur។ 
 
Leicester ត្រូវឡើងទៅប៉ះ Southampton នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Southampton បានយកឈ្នះ AFC Bournemouth ក្នុងលទ្ធផល ៣-០ នៅវគ្គ៨ក្រុមចុងក្រោយ។ ចំណែកម្ចាស់ជើងឯក FA Cup រដូវកាលមុន Man City បានទម្លាក់ Everton ដោយលទ្ធផល ២-០ នឹងត្រូវបន្តដំណើរទៅវគ្គ៤ក្រុមចុងក្រោយ ដោយត្រូវជួប Chelsea ដែលឈ្នះ Sheffield United ២-០។
ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup រដូវកាល ២០២០-២១ នឹងធ្វើឡើនៅថ្ងៃទី១៧ ខែមេសា៕
 

Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com