ជាតិ
សង្គមជាតិ
សាសនា / ធម៌
ទោះបានសុំខមាទោសពីព្រះមហា ពិន សែម តែលោក ផែង វណ្ណៈ មិនរួចផុតពីផ្លូវច្បាប់ឡើយ
22, Mar 2021 , 12:30 pm        
រូបភាព
លោក ផែង វណ្ណៈ ប្រគេនបច្ច័យដល់ព្រះមហាវិមលធម្ម ពិន សែម ពេលទៅក្រាបបង្គំសុំខមាទោសពីព្រះអង្គ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុក Pheng Vannak News
លោក ផែង វណ្ណៈ ប្រគេនបច្ច័យដល់ព្រះមហាវិមលធម្ម ពិន សែម ពេលទៅក្រាបបង្គំសុំខមាទោសពីព្រះអង្គ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុក Pheng Vannak News
លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដាក់បណ្តឹងទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល សុំឲ្យចាត់វិធានការផ្លូវច្បាប់លើលោក ផែង វណ្ណៈ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដ៏ល្បីម្នាក់ ពាក់ព័ន្ធនឹងការប្រើពាក្យប្រមាថលើព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប។

បណ្តឹងរបស់រដ្ឋមន្រ្តីក្រសួងធម្មការ ចុះតាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១មកម្ល៉េះ តែទើបនឹងត្រូវបានផ្សព្វផ្សាយ និងទើបតែបញ្ជូនទៅដល់អយ្យការ។ លោក សូ សារិន ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកណ្តាល អះអាងថា បណ្តឹងរបស់រដ្ឋមន្រ្តីក្រសួងធម្មការ បានទៅដល់អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅម៉ោង១០ព្រឹក នាថ្ងៃទី២២ ខែមីនានេះ។

លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បញ្ជាក់ថា ស្ថាប័នអយ្យការ កំពុងពិនិត្យបណ្តឹងរបស់រដ្ឋមន្រ្តីក្រសួងធម្មការ។ ចំពោះការកោះហៅលោក ផែង វណ្ណៈ ទៅសាកសួរនៅពេលណានោះ លោក ព្រះរាជអាជ្ញា មិនទាន់អាចប្រាប់បាទទេ ដោយលោក លើកហេតុផលថា ស្ថាប័នអយ្យការ ទើបតែទទួលបានបណ្តឹងនេះ ដែលតម្រូវឲ្យពិនិត្យមើលសិន។

នៅក្នុងបណ្តឹង លោក ឈិត សុខុន សុំប្តឹងលោក ផែង វណ្ណៈ ចំនួន៣បទល្មើស៣ គឺបទប្រមាថព្រះសង្ឃ តាមមាត្រា៥១៦ បទញុះញង់ឲ្យមានការរើសអើង តាមមាត្រ៤៩៦ និង បទគំរាមសម្លាប់ តាមមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ។

នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២១នេះ លោក ផែង វណ្ណៈ បានផ្សាយផ្ទាល់ (Live) លើបណ្តាញសង្គម ដោយបានរិះគន់ធ្ងន់ៗទៅលើព្រះមហាវិមលធម្ម ពិន សែម។ លោក រិះគន់ព្រះមហាវិមលធម្ម ពិន សែម ដោយសារតែព្រះអង្គ បានចេញបញ្ជាឲ្យព្រះសង្ឃក្រោមឱវាទ ប្រើផ្តៅវាយគូទព្រះសង្ឃ ដែលប្រព្រឹត្តខុសធម៌វិន័យនិងច្បាប់វត្ត។

សកម្មភាពនៃការដាក់ទណ្ឌកម្មដោយការវាយព្រះសង្ឃ ត្រូវបានចែករំលែកយ៉ាងផុសផុលលើបណ្តាញសង្គម។ តាមរយៈវីដេអូនោះ ព្រះសង្ឃមួយអង្គ ត្រូវវាយត្រឹមតែ៥រំពាត់ប៉ុណ្ណោះ តែព្រះសង្ឃមួយអង្គទៀត ត្រូវវាយដល់ទៅហាសិបរំពាត់។

កំណត់ហេតុ ដែលមន្រ្តីសង្ឃនិងអាជ្ញាធរ ធ្វើរួមគ្នា បង្ហាញថា មានភិក្ខុនិងសាមណេរ៩អង្គ ដែលធ្លាប់រងទណ្ឌកម្មដោយការវាយនឹងផ្តៅ។ វីដេអូ ដែលបង្ហោះលើបណ្តាញសង្គម ពុំបានបង្ហាញពីការវាយព្រះសង្ឃគ្រប់ទាំង៩អង្គនោះទេ។

តាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គម លោក ផែង វណ្ណៈ បាននិយាយថា៖«បើវាយកូនខ្ញុំបែបនេះ ខ្ញុំ អត់ទៅប្តឹងទេ ខ្ញុំ ទៅបាញ់ចោលតែម្តង ចំពោះអ្នកប្រព្រឹត្ត»។

លោក ឈិត សុខុន បានស្រង់សម្តីរបស់លោក ផែន វណ្ណៈ ចូលទៅក្នុងបណ្តឹងរបស់លោក ដើម្បីឲ្យអយ្យការអមសាលាដំបូងខេត្តកណ្តាលបានដឹងពីអង្គហេតុ។ រដ្ឋមន្រ្តីទទួលខុសត្រូវលើកិច្ចការសាសនារូបនេះ ជម្រាបអយ្យការអមសាលាដំបូងខេត្តកណ្តាលថា លោក ផែង វណ្ណៈ មិនត្រឹមតែប្រមាថព្រះមហាវិមលធម្ម ពិន សែម ទេ តែតែមទាំងបានវាយប្រហារមន្រ្តីសង្ឃខេត្តសៀមរាបទៀត។

លោក ចាត់ទុកសម្តីរបស់លោក ផែង វណ្ណៈ ថាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ លោករដ្ឋមន្រ្តី សរសេរក្នុងបណ្តឹងថា៖«ក្រសួងធម្មការនិងសាសនា សូមថ្កោលទោសលើបុគ្គលឈ្មោះ ផែង វណ្ណៈ ចំពោះសកម្មភាព ដូចបានរៀបរាប់ខាងលើនេះ និងស្នើសុំឯកឧត្តមព្រះរាជអាជ្ញា ចាត់វិធានការចំពោះបុគ្គលរូបនេះតាមច្បាប់ជាធរមាន»។

យ៉ាងណាក៏ដោយចុះ លោក ផែង វណ្ណៈ បានចេញលិខិតសុំទោសព្រះសង្ឃនៅទូទាំងប្រទេស ចំពោះពាក្យសម្តីរបស់លោក។ លើសពីនេះ កាលពីថ្ងៃទី២០ ខែមីនា លោក បានទៅដល់វត្តរាជបូណ៌ ដើម្បីក្រាបថ្វាយបង្គំសុំខមាទោសពីព្រះមហាវិមលធម្ម ពិន សែម។ ព្រះមហាវិមលធម្ម ពិន សែម មានថេរដីកា ទៅកាន់លោក ផែង វណ្ណៈ ថា ព្រះអង្គ បានលើកលែងទោសឲ្យលោក វណ្ណៈហើយ និងបានសរសើរលោក ផែង វណ្ណៈ ដែលបានលះនូវអស្មិមានះ។ ព្រះអង្គ ថែមទាំងចាត់ទុកលោក ផែង វណ្ណៈ ជាមិត្តផងដែរ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ លើកឡើងថា បណ្តឹងនេះ គឺធ្វើទៅតាមនីតិវិធីច្បាប់ ទោះបីជាលោក ផែង វណ្ណៈ បានសុំខមាទោសពីព្រះមហាវិមលធម្ម ពិន សែម ក៏ដោយ។ អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖«នេះជាភារកិច្ច ដែលយើងត្រូវបំពេញ ចំពោះលោក ផែង វណ្ណៈ ដែលបានបំពានដល់ព្រះសង្ឃ និងធ្វើឲ្យប៉ះពាល់ដល់តម្លៃសាសនាជាតិ»។

សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីលោក ផែង វណ្ណៈ បានឡើយ ដោយសារតែលោក មិនទទួលការហៅចូល។

ក្រោយនិយាយពាក់ព័ន្ធនឹងករណីព្រះមហាវិមលធម្ម ពិន សែម អង្គភាពសារព័ត៌មានរបស់លោក ផែង វណ្ណៈ ឈ្មោះ Pheng Vannak News ត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាបណ្ណ។ ហេតុផលរបស់ក្រសួងព័ត៌មាន គឺដោយសារតែលោក ផែង វណ្ណៈ បានប្រមាថព្រះសង្ឃនិងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា៕

Tag:
 ឈិត សុខុន
  ព្រះមហា ពិន សែម
  ផែង វណ្ណ៖
© រក្សាសិទ្ធិដោយ thmeythmey.com