កីឡាអន្តរជាតិ
អន្តរជាតិ
Son មិនអាចទៅលេងឱ្យកូរ៉ខាងត្បូង ពេលប៉ះជប៉ុនបានឡើយ
22, Mar 2021 , 2:06 pm        
រូបភាព
Son Heung-min ខ្សែប្រយុទ្ធ Tottenham Hotspur មិនអាចទៅចូលរួមជាមួយជម្រើសជាតិកូរ៉េខាងត្បូងដើម្បីប្រកួតមិត្តភាពទល់នឹងជប៉ុនក្រុងយូកូហាម៉ាបានទេ។ សព័ន្ធកីឡាបាល់ទាត់កូរ៉េត្បូង (KFA) ប្រកាសដូច្នេះនៅថ្ងៃទី២២ ខែមីនា ដោយបញ្ជាក់ថា Son នៅមានបញ្ហារបួសនៅឡើយ។


ខ្សែប្រយុទ្ធឆ្នើមវ័យ ២៨ ឆ្នាំរូបនេះបានរងរបួសសរសៃពួរក្នុងជំនួបដែល Spurs ចាញ់ Arsenal ២-១ នៅ Premier League កាលពី២សប្តាហ៍មុន ប៉ុន្តែរូបគេនៅតែមានឈ្មោះក្នុងក្រុមរបស់គ្រូបង្វឹក Paulo Bento នៅពេលប៉ះជប៉ុនរបស់គ្រូ Hajime Moriyasu នៅថ្ងៃទី២៥ ខែមិនានេះដែល។
 
របួស Son បានធ្វើឱ្យរូបគេខកខានចូលរួមជាមួយ Spurs ខណៈក្រុមដែលមានលោក Jose Mourinho ជាអ្នកចាត់ការទូទៅនេះបានធ្លាក់ចេញពី Europa League ត្រឹមវគ្គ១៦ក្រុមក្រោមថ្វីជើង Dinamo Zagreb និងមួយប្រកួតទៀតពេលក្រុមទទួលជ័យជម្នះលើក Aston Villa ២-០ ក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី២១ ខែមីនា។
 
ដោយសារអវត្តមានសម្រាប់ Spurs ចំនួនពីរប្រកួតចុងក្រោយនេះ ទើបកំពូលកីឡាករល្អបំផុតនៅអាស៊ីរូបនេះ ត្រូវគេដកខ្លួនជាផ្លូវការចេញពីក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ ការដកខ្លួន ក៏ស្របតាមការលើកឡើងរបស់អ្នកចាត់ការលោក Mourinho ផងដែរ។ 
 
អ្នកចាត់ការរហស្សនាម Special one ប្រសិនបើ Son ខកខានការប្រកួតលីគជាមួយ Aston Villa មួយលើកទៀត (ដែលប្រកួតរួចហើយដោយ Spurs ឈ្នះ ២-០) នោះរូបគេមិនរំពឹងថានឹងលេងឱ្យកូរ៉េខាងត្បូងនៅទឹកដីជប៉ុនក្នុងជំនួបមិត្តភាពបានឡើយ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ដែលក្តៅស្លឹកត្រជៀងក្រោយ Spurs ធ្លាក់ពី Europa League ផងនោះ ថែមទាំងបញ្ជាក់ច្បាស់ថា ៖«បើ Son មិនអាចលេងឱ្យក្លិបគាត់បានទៅហើយ នោះក៏មិនអាចលេងឱ្យប្រទេសគាត់បានដែរ»។
 
ក្រោយឈ្នះ Aston Villa ក្នុងជំនួបលីគសប្តាហ៍ទី២៩ Spurs បានឡើងទៅកាន់ចំណាត់ថ្នាក់ទី៦ និងកើនឱកាសដើម្បីប្រជែងតំបន់ Top 4 ឡើងវិញផងដែរ។ Spurs រកបាន៤៩ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Chelsea តែ៣ពិន្ទុប៉ុណ្ណោះ៕
 

Tag:
 Son Heung-min
© រក្សាសិទ្ធិដោយ thmeythmey.com