កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski, Ronaldo, Messi, Mbappe និង Salah នាំមុខគ្រាប់បាល់ក្នុងលីគកំពូលទាំង៥
23, Mar 2021 , 8:29 am        
រូបភាព
លីគកីឡាបាល់ទាត់កំពូលទាំង៥នៅអឺរ៉ុបបានដំណើរការប្រកួតចូលសប្តាហ៍ទី៣០ និងប្បែរ៣០អស់ហើយគិតត្រឹមថ្ងៃទី២២ ខែមិនានេះ ដោយក្នុងនោះ Manchester City, AT-Madrid, Inter Milan, Bayern Munich និង Paris Saint-Germain កំពុងនាំមុខរៀងខ្លួន។ អ្នករកគ្រាប់បាល់បានច្រើនជាងគេដើម្បីក្លាយជាម្ចាស់ស្បែកជើងមាសតាមលីគនីមួយ ក៏លេចមុខបណ្តើៗហើយដែរ រួមមាន Mohamed Salah, Lionel Messi, Cristiano Ronaldo, Robert Lewandowski និង Kylian Mbappe។


លីគកំពូលអង់គ្លេស Premier League ក្រុម Man City កំពុងនាំមុខគេ ដោយលើសក្រុមលេខ២ Man Utd ដល់ទៅ១៤ពិន្ទុឯណោះក្រោយការប្រកួត៣០លើក។ យ៉ាងណាក៏ដោយក្រុមមេឃខៀវមិនមែនមានកីឡាកររកបានគ្រាប់បាល់ច្រើនឡើយ ប៉ុន្តែ Mohamed Salah ខ្សែប្រយុទ្ធ Liverpool ឯណោះទេដែលរកបានគ្រាប់នាំមុខគេបណ្តោះអាសន្នមកទល់ពេលនេះ។ 
Salah រកបាន១៧គ្រាប់ តាមពីក្រោយដោយ Bruno Fernandes របស់ Man Utd និង Harry Kane របស់ Spurs ដែលរកបាន១៦គ្រាប់ដូចគ្នា។
 
ក្របខណ្ឌ La Liga របស់អេស្ប៉ាញ AT-Madrid កំពុងនាំមុខគេដោយរកបាន៦៦ពិន្ទុពីការប្រកួត២៨លើក លើសគូប្រជែង Barcelona ចំនួន៤ពិន្ទុ និងលេខ៣ Real Madrid ៦ពិន្ទុ។ សម្រាប់អ្នកគ្រាប់បានច្រើនជាងបណ្តោះអាសន្ន Lionel Messi នាំមុខគេដោយរកបាន២១គ្រាប់ តាមពីក្រោយដោយ Luis Suárez ខ្សែប្រយុទ្ធ AT-Madrid ដែលរកបាន១៨គ្រាប់ និង Karim Benzema របស់ Real Madrid ១៦គ្រាប់។
 
Cristiano Ronaldo កំពុងនាំមុខគេក្នុងនាមអ្នកស៊ុតចូលទីច្រើននៅ Serie A រដូវកាលនេះ បើទោះ Juventus ស្ថិតនៅចំណាត់ថ្នាក់ទី៣ក្តី។ ឆ្លងកាត់ការប្រកួត២៧លើកសេះបង្កង់រកបាន៥៥ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Inter Milan ដល់ទៅ១០ពិន្ទុ។ Ronaldo ដែលឈានចូលដល់វ័យ៣៦ឆ្នាំ អាចរកបាន២៣គ្រាប់ហើយ ក្រោយបង្ហាញខ្លួនក្នុងលីគ២៣លើក នាំមុខ Romelu Lukaku របស់ Inter Milan ដែលរកបាន១៩គ្រាប់ និង Luis Muriel របស់ Atalanta រកបាន១៥គ្រាប់។
 
សម្រាប់ Robert Lewandowski ឯណោះវិញ មិនត្រឹមជួយ Bayern Munich ឈរកំពូលតារាង Bundesliga ប៉ុណ្ណោះទេ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះថែមទាំងស៊ុតបញ្ចូលទីច្រើនសន្ធឹករហូតដល់ទៅ ៣៥គ្រាប់ឯណោះ។ ស្របពេល Lewandowski នាំមុខ André Silva របស់ Eintracht Frankfurt និង Erling Braut Haaland របស់ Dutmund ដល់ទៅ១៤គ្រាប់ Bayern Munich ឯណោះវិញក៏នាំមុខ RasenBallsport Leipzig ចំនួន៤ពិន្ទុផងដែរ ក្រោយឆ្លងកាត់ការប្រកួត២៦លើក។
 
ក្រោយជួយ Paris Saint-Germain ឡើងទៅកាន់កំពូលតារាង Ligue 1 បារាំងជាថ្មីវិញ Kylian Mbappe បានកើនគ្រាប់នាំមុខ ក្នុងនាមអ្នករកគ្រាប់បញ្ចូលច្រើនជាងគេចំនួន១៨គ្រាប់បណ្តោះអាសន្នផងដែរ។ Memphis Depay ខ្សែប្រយុទ្ធ Lyon ស្ថិតនៅលេខរៀងទី២ ក្នុងនាំអ្នកប្រជែងស្បែកជើងមាស ដោយរកបាន១៤គ្រាប់ ខណៈ Kevin Volland និង Wissam Ben Yedder របស់ Monaco រកបាន១៣គ្រាប់ដូចគ្នា។
 
PSG ដែលឈរកំពូលតារាង លីគកំពូលបារាំង ដោយរបាន៦៣ពិន្ទុ ស្មើជាមួយក្រុមលេខ២ Lille ក្រោយឆ្លងកាត់៣០ប្រកួត។ Lyon នៅលេខ៣មាន៦០ពិន្ទុ នាំមុខ Monaco ដែលឈរលេខ៤ចំនួន១ពិន្ទុ៕
 
 
 
 

Tag:
 Golden Shoe
© រក្សាសិទ្ធិដោយ thmeythmey.com