ជាតិ
សង្គមជាតិ
សហគមន៍ព្រៃឡង់ ស្នើឲ្យរដ្ឋាភិបាល តាមដាននិងដកមន្រ្តី ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
22, Mar 2021 , 10:00 pm        
រូបភាព
សកម្មភាពអាជ្ញាធរ ចាប់រថយន្តដឹកឈើខុសច្បាប់កន្លងមក។ រូបពីរូបពីទំព័រហ្វេសប៊ុកលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មាធិការទប់ស្កាត់បទល្មើសធនធានធម្មជាតិ
សកម្មភាពអាជ្ញាធរ ចាប់រថយន្តដឹកឈើខុសច្បាប់កន្លងមក។ រូបពីរូបពីទំព័រហ្វេសប៊ុកលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មាធិការទប់ស្កាត់បទល្មើសធនធានធម្មជាតិ
បណ្តាញសហគមន៍ព្រៃឡង់តាមបណ្តាខេត្ត៤ បានស្នើទៅរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ដែលជាសេធិការដ៏សំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ឲ្យតាមដានមើលមន្រ្តីឧទ្យានុរក្ស ហើយត្រូវដកចេញពីតួនាទី បើរកឃើញថា មន្រ្តីឧទ្យានុរក្សណា ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ឬអសកម្មក្នុងការបំពេញតួនាទី។ ការស្នើរបស់បណ្តាញសហគមន៍ព្រៃឡង់ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដើម្បីអបអរសាទរទិវាព្រៃឈរអន្តរជាតិ។



លោក នេត ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ទាមទារឲ្យបណ្តាញសហគមន៍ព្រៃឡង់ បង្ហាញភស្តុតាងឬឯកសារជាក់លាក់ ស្តីពីមន្រ្តីឧទ្យានុរក្ស ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ដើម្បីក្រសួងបរិស្ថាន ពិនិត្យនិងចាត់វិធានការលើមន្រ្តីឧទ្យានុរក្សនោះ។ លើសពីនេះ លោក ចង់ឲ្យបណ្តាញសហគមន៍ព្រៃឡង់ បង្ហាញឲ្យចំមន្រ្តីឧទ្យានុរក្សណាម្នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ជាជាងចោទប្រកាន់ជារួមទៅលើមន្រ្តីឧទ្យានុរក្ស ដោយគ្មានភស្តុតាងឬឯកសារត្រឹមត្រូវ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី២២ ខែមីនា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ទៅបណ្តាញសហគមន៍ព្រៃឡង់ថា៖«បញ្ជាក់ឲ្យច្បាស់មក អ្នកណាគេ បុគ្គលណាមួយ កុំឲ្យវាយ [មន្រ្តី] ទាំងមូលអ៊ីចឹង អាហ្នឹង គ្រាត់តែជាការលាបពណ៌ ឬនិយាយឲ្យតែបានទេ។ យើង មិនការពារមន្រ្តីរបស់យើង យើង មិនការពារមន្រ្តី ដែលខូចទេ»។

លោក បន្តថា ក្រសួងបរិស្ថាន មានគណៈកម្មការវិន័យ ដើម្បីពិនិត្យមន្រ្តី ដែលប្រព្រឹត្តខុសច្បាប់។ លោក បន្ថែមថា បើរកឃើញមន្រ្តីណា ដែលប្រព្រឹត្តបទល្មើសខុសច្បាប់ ក្រសួង នឹងមិនការពារមន្រ្តីនោះឡើយ ហើយនឹងចាត់វិធានការតាមច្បាប់។

លោក ឯក សុវណ្ណា អ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះ លើកឡើងថា បណ្តាញសហគមន៍ព្រៃឡង់របស់លោក មិនបានឃើញផ្ទាល់នឹងភ្នែកនោះទេ ចំពោះមន្រ្តីឧទ្យានុរក្ស ដែលប្រព្រឹត្តបទល្មើសព្រៃ ហើយក៏មិនធ្លាប់បានឃើញផ្ទាល់នឹងភ្នែកដែរ ចំពោះមន្រ្តីឧទ្យានុរក្ស ដែលទទួលសំណូកពីឈ្មួញ ដើម្បីអនុញ្ញាតឲ្យឈ្មួញ ដឹកឈើចេញ។ ប៉ុន្តែ លោក អះអាងថា បណ្តាញសហគមន៍ព្រៃឡង់ បានទទួលព័ត៌មាននិងធ្លាប់ជួបប្រទះជាច្រើន ពីករណីដឹកឈើចេញ។

លោក លើកឡើងថា ពេលខ្លះ បណ្តាញសហគមន៍ព្រៃឡង់ បានឃើញករណីដឹកឈើចេញ ហើយបណ្តាញសហគមន៍ព្រៃឡង់ បានសួរអ្នកដឹកនាំឈើនោះថា ហេតុអ្វី អាចដឹកឈើចេញបាន? អ្នកដឹកឈើ បានប្រាប់ទៅបណ្តាញសហគមន៍ព្រៃឡង់ថា រូបគេ បានបង់លុយ ទើបអាចដឹកឈើចេញបាន។ ព័ត៌មាន ដែលលោក និងបណ្តាញសហគមន៍ព្រៃឡង់ ធ្លាប់ទទួលបានពីអ្នកដឹកឈើ បានឲ្យដឹងថា ពេលខ្លះ អ្នកដឹកឈើ បង់លុយ២០ម៉ឺនរៀលទៅមន្រ្តី សម្រាប់ឈើមួយគោយន្ត ដើម្បីអាចដឹកឈើនោះចេញបាន។

អ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះរូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«តើពួកគាត់ [ជាមន្រ្តីនិងជាអ្នកដឹកឈើ] មានទំនាក់ទំនងបែបម៉េច បានបទល្មើស [ដឹកឈើ] ចេញចូលបានស្រួលអ៊ីចឹង? ពួកគាត់ ជាមន្រ្តីការពារព្រៃឈើ ដែលឈរនៅតាមតំបន់នីមួយៗ ដើម្បីទប់ស្កាត់ កុំឲ្យមានបទល្មើស តែអ្វីដែលសំខាន់ បទល្មើស [ដឹកឈើ] ចេញចូលបានដោយសេរី»។

ក្នុងសេចក្តីថ្លែងការណ៍ បណ្តាញសហគមន៍ព្រៃឡង់ ថែមទាំងបានស្នើឲ្យក្រសួងបរិស្ថាន អនុញ្ញាតឲ្យប្រជាពលរដ្ឋ ក្នុងបណ្តាញសហគមន៍ព្រៃឡង់ អាចដើរល្បាតព្រៃឡើងវិញ។ មួយរយៈកន្លងមកនេះ ក្រសួងបរិស្ថាន បានដាក់បម្រាមមិនឲ្យបណ្តាញសហគមន៍ព្រៃឡង់ ដើរល្បាតព្រៃតទៅទៀត ក្រោមហេតុផលថា បណ្តាញសហគមន៍ព្រៃឡង់ មិនទាន់បានចុះបញ្ជីផ្លូវការជាសមាគមន៍ឬជាអង្គការក្រៅរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ។

លោក នេត ភក្រ្តា មានប្រសាសន៍ថា ដើម្បីអាចដើរល្បាតព្រៃបានឡើងវិញ បណ្តាញសហគមន៍ព្រៃឡង់ ត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់ជាមុនសិន ពោលគឺ ត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ លោក ចោទសួរថា៖«ហេតុអី ពួកគាត់មិនស្ថិតនៅក្រោមច្បាប់ ហើយព្យាយាមនៅក្រៅច្បាប់? ចង់បន្តអនាធិបតេយ្យ ឬក៏យ៉ាងណា?»។

លោក អធិប្បាយថា ក្រសួងបរិស្ថាន ស្វាគមន៍ចំពោះការចូលរួមការពារធនធានធម្មជាតិ ហើយមិនប្រឆាំងនឹងអ្នកចូលរួមជួយការពារធនធានធម្មជាតិឡើយ តែភាគីទាំងនោះ ត្រូវគោរពច្បាប់ និងការណែនាំរបស់ក្រសួង-ស្ថាប័ន។ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះ បញ្ជាក់ថា៖«[យើង] មិនហាមឃាត់អ្នកណាទេ តែត្រូវមានភាពត្រឹមត្រូវតាមច្បាប់»។

លោក ឯក សុវណ្ណា ប្រាប់ថា បណ្តាញសហគមន៍ព្រៃឡង់ មានបំណងចង់ចុះបញ្ជីនៅក្រសួងមហាផ្ទៃ តែមិនទាន់អាចចុះបញ្ជីបាន ដោយសារមានបញ្ហាមួយចំនួន។ បើតាមលោក ឯក សុវណ្ណា បញ្ហាធំនោះ គឺការចុះបញ្ជី ទាមទារឲ្យមានលក្ខន្តិកៈ ដើម្បីយកទៅតម្កល់នៅក្រសួងមហាផ្ទៃ តែសព្វថ្ងៃ បណ្តាញសហគមន៍ព្រៃឡង់ មិនទាន់មានអ្នកណា ដែលអាចតាក់តែងលក្ខន្តិកៈរបស់ខ្លួនឡើយ។ លោក និយាយត្រង់ៗថា ប្រជាពលរដ្ឋភាគច្រើន ក្នុងបណ្តាញសហគមន៍ព្រៃឡង់ សិក្សារៀនសូត្របានតិច។

លោក និយាយទៀតថា បណ្តាញសហគមន៍ព្រៃឡង់ ក៏បញ្ហាខាងថវិកាដែរ។ លោក បើកបង្ហាញពីបញ្ហាថា ជួនកាល គឺត្រូវកាថវិកា ដើម្បីបំពេញកិច្ចការណាមួយ តែបណ្តាញសហគមន៍ព្រៃឡង់ មិនមានប្រភពចំណូលច្បាស់លាស់នោះទេ ហើយក៏មិនទទួលបានជំនួយពីអង្គការណាដែរ។

លោក ឯក សុវណ្ណា ដែលជាអ្នកស្ម័គ្រចិត្តចូលរួមការពារព្រៃឈើម្នាក់ដែរនោះ បរិយាយថា៖«ទោះបីថា ពួកយើង មិនទាន់បានចុះឈ្មោះ [នៅក្រសួងមហាផ្ទៃ] ក៏ពួកយើង នៅចង់ចូលរួមការពារ [ព្រៃឈើ] ដែរ មិនមែនទាល់តែថា បានចុះឈ្មោះហើយ បានចូលរួមការពារទេ ចុះទម្រាំតែបានទៅចុះឈ្មោះ បទល្មើសវា កាប់ [ឈើ] អស់បាត់ហើយ»។

តាមរយៈសេចក្តីថ្លែងការណ៍ដដែល បណ្តាញសហគមន៍ព្រៃឡង់  ស្នើឲ្យក្រសួងបរិស្ថាន រៀបចំផែនការជាក់លាក់ ក្នុងការប្រយុទ្ឋប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនិងការបរបាញ់សត្វព្រៃ។ បណ្តាញសហគមន៍ព្រៃឡង់ទាំងបួន ដែលចេញសេចក្តីថ្លែងការណ៍នេះ គឺសហគមន៍ព្រៃឡង់នៅខេត្តក្រចេះ សហគមន៍ព្រៃឡង់នៅខេត្តស្ទឹងត្រែង សហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ និង សហគមន៍ព្រៃឡង់នៅខេត្តព្រះវិហារ។

បើតាមសម្តីរបស់លោក នេត ភក្រ្តា នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ បច្ចុប្បន្ន កម្ពុជា លែងមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំហើយ គឺនៅមានតែបទល្មើសព្រៃឈើទ្រង់ទ្រាយតូចប៉ុណ្ណោះ ហើយក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធ កំពុងនាំគ្នាទប់ស្កាត់តទៀត។

នៅថ្ងៃ២១ ខែមីនា ដែលជាទិវាព្រៃឈើអន្តរជាតិ លោក នេត ភក្រ្តា បានបង្ហោះសារមួយលើគណនីហ្វេសប៊ុករបស់លោក ពាក់ព័ន្ធនឹងធនធានធម្មជាតិនៅកកម្ពុជា និងដើម្បីអបអរសាទរទិវានេះ។ សំណេររបស់លោក បង្ហាញថា បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីអភិរក្សទំហំ៧,៣លានហិកតា ស្មើនឹង៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ លោក រំលេចក្នុងសំណេរថា កម្ពុជា មានចលនាដាំដើមឈើស្តារគម្របព្រៃឈើនៅតំបន់រេចរឹល ដោយក្នុងមួយឆ្នាំៗ កូនឈើរាប់សែនដើម ត្រូវបានដាំនៅតាមតំបន់នានា។

«ព្រៃឈើ ពិតជាមានសារៈសំខាន់សម្រាប់ជីវិតមនុស្សសត្វ និងជីវៈចម្រុះផ្សេងទៀត ដូច្នេះយើង ត្រូវរួមគ្នាដោយឈរលើមូលដ្ឋានច្បាប់ ការទទួលខុសត្រូវ និងស្មោះត្រង់ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមានឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។ នេះជាសម្តីរបស់លោក នេត ភក្រ្តា នៅចុងបញ្ចប់ក្នុងសំណេររបស់លោក៕

Tag:
 នេត ភក្ត្រា
  សហគមន៍ព្រៃឡង់
  មន្រ្តីឧទ្យានុរក្ស
  ទិវាព្រៃឈើអន្តរជាតិ
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com