ជាតិ
សុខភាព
វេជ្ជបណ្ឌិត តាន់ តឹកស្រេង៖ ការផ្សាយថា ឈាម O មិនឆ្លងកូវីដ-១៩ នាំឲ្យអ្នកមានឈាមប្រភេទនេះ ធ្វេសប្រហែស
23, Mar 2021 , 4:01 pm        
រូបភាព
សាស្ត្រាចារ្យវេជ្ជបណ្ឌិត តាន់ តឹកស្រេង។ រូបថតហ្វេសប៊ុក Tan Teksreng
សាស្ត្រាចារ្យវេជ្ជបណ្ឌិត តាន់ តឹកស្រេង។ រូបថតហ្វេសប៊ុក Tan Teksreng
ភ្នំពេញ៖ ឈាមរបស់មនុស្សគឺមានក្រុម A, ក្រុមB, ក្រុម AB និងក្រុម O។ ថ្មីៗនេះ មានការចុះផ្សាយមួយចំនួនថា មនុស្សដែលមានគ្រាប់ឈាមប្រភេទក្រុម O អាចទប់ទល់មិនឆ្លងកូវីដ-១៩ ។ តើមនុស្សមានឈាមប្រភេទ O ពិតជាមិនឆ្លងជំងឺកូវីដ-១៩ មែនឬ? សាស្ត្រាចារ្យ វេជ្ជបណ្ឌិត តាន់ តឹកស្រេង ដែលជាម្ចាស់គ្លីនិកពិគ្រោះជំងឺ តាន់ តឹកស្រេង មិនគាំទ្រឲ្យមានការផ្សព្វផ្សាយបែបនេះ ដែលនាំឲ្យមនុស្សធ្វេសប្រហែល និងប្រមាទនោះឡើយ។

 
សូមស្តាប់ការពន្យល់របស់ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត តាន់ តឹកស្រេង៖




 
ចម្លើយ ពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត តាន់ តឹកស្រេង គឺថា គ្មានការសិក្សាច្បាស់លាស់ណាមួយបង្ហាញថា មនុស្សមានឈាម O មិនឆ្លងកូវីដ-១៩ទេ។ ហើយបើសិនជាមនុស្សមានឈាម O ពិតជាមិនឆ្លងឬមិនងាយឆ្លងជំងឺកូវីដ-១៩មែន ក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះនៅក្នុងកាលៈទេសៈនៃការឆ្លងរាលដាលកូវីដ-១៩នៅក្នុងសហគមន៍ឡើយដែលធ្វើឱ្យមនុស្សមាន O ធ្វេសប្រហែសពីការបង្ការកូវីដ-១៩នេះ។ 
 
លោក វេជ្ជបណ្ឌិត តាន់ តឹកស្រេង មានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗនាព្រឹកថ្ងៃទី២៣មីនា ឆ្នាំ២០២១ដូច្ន៖«ទោះជា[មានការសិក្សាណាមួយបង្ហាញថា មនុស្សមានឈាមO មិនឆ្លងកូវីដ-១៩។ វាពិតក៏ដោយ វាមិនបាន១០០ភាគរយដែរ...ដោយមនុស្សមានឈាមប្រភេទOនោះ ក៏ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ»៕ 

 
ជុំវិញបញ្ហានេះផងដែរ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានថ្មីៗ ថា បច្ចុប្បន្ននេះមិនទាន់មានការសិក្សាស្រាវជ្រាវណាមួយជាវិទ្យាសាស្ត្រច្បាស់លាស់ដែលបានចែងឡើយ ហើយអង្គការសុខភាពពិភពលោកក៏មិនទាន់និយាយអំពីបញ្ហានេះដែរ។លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ដូច្នេះ៖ «ត្រង់កន្លែងនេះ គឺយើងត្រូវឱ្យច្បាស់ទាំងអស់គ្នា! ហើយយើងឃើញហើយ ថាវីរុសកូវីដ-១៩នេះ វាយលុកដោយគ្មានរើសមុខទេ!​ ។ យើងកុំគិតថា យើងមានឈាម O មិនឆ្លងឬមានហានិភ័យទាបឆ្លងកូវីដ-១៩នោះ! សូមកុំយល់បែបនេះ ហើយត្រូវនាំគ្នាប្រុងប្រយ័ត្ននិងការពារចំពោះជំងឺនេះ ទាំងអស់គ្នា»៕
 

Tag:
 លោក តាន់ តឹកស្រេង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com