កីឡាអន្តរជាតិ
អន្តរជាតិ
Gladbach ផ្តល់តំណែងអ្នកចាត់ការឱ្យ Alonso តែសាមីខ្លួនមិនទាន់សម្រេចចិត្ត
23, Mar 2021 , 9:29 pm        
រូបភាព
កាសែតអាល្លឺម៉ង់ Bild នៅថ្ងៃទី២២ ខែមីនា ផ្សាយថា Borussia Moenchengladbach បានយល់ព្រមជួលអតីតខ្សែបម្រើឆ្នើមអេស្ប៉ាញ Xabi Alonso ធ្វើជាអ្នកចាត់ការទូទៅរបស់ពួកគេចាប់ពីរដូវកាលក្រោយតទៅ។ Alonso មិនទាន់សម្រេចចិត្តទទួលយកតំណែងនេះឡើយ។



Borussia Moenchengladbach ដែលស្ថិតនៅចំណាត់ថ្នាកទី១០ ក្នុងតារាងពិន្ទុក្របខណ្ឌកំពូល Bundesliga រដូវកាលនេះ កំពុងស្វែងរកអ្នកចាត់ការថ្មី ក្រោយអ្នកចាត់ការសព្វថ្ងៃលោក Marco Rose ប្រកាសកាលពីខែកុម្ភៈថា នឹងទៅដឹកនាំក្រុម Borussia Dortmund នៅរដូវកាលក្រោយ។
 
កាសែតអាល្លឺម៉ង់ Bild រាយការណ៍ថា Alonso ដែលមានការងារជាគ្រូ Real Sociedad ឈុត B អាចជាបេក្ខភាពនាំមុនគេក្រៅពីគ្រូ Ajax លោក Erik ten Hag និងអតីតជម្រើសជាតិហូឡង់លោក Mark van Bommel ដើម្បីជំនួសលោក Rose ។
 
Alonso វ័យ៣៩ឆ្នាំ ដែលេជួយអេស្ប៉ាញលើកពាន World Cup ឆ្នាំ២០១០ និង Euro ២សម័យ និងជួយ Liverpool និង Real Madrid ឈ្នះ Champions League បានក្លាយជាគ្រូបង្វឹកក្រុមយុវជន Real Sociedad ដែលលេងនៅលីគលំដាប់ទី៣អេស្ប៉ាញកាលពីឆ្នាំ ២០១៩ និងបានដឹកនាំពួកគេឈរកំពូលតារាងផង។
 
ជុំវិញព័ត៌មាននេះ ក្លិប Real Sociedad បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការចុះផ្សាយរបស់កាសែត Bild ឡើយ ប៉ុន្តែអះអាងថា Alonso កំពុងផ្តោតសំខាន់ដើម្បីជួយក្រុមឡើងទៅលីគបន្ទាប់នៅរដូវកាលក្រោយ៕
 

Tag:
 Xabi Alonso
© រក្សាសិទ្ធិដោយ thmeythmey.com