ជាតិ
សង្គមជាតិ
កម្មករ និយោជិតអាចឈប់សម្រាក ៣ថ្ងៃ នៃចូលឆ្នាំខ្មែរ ប៉ុន្តែក៏អាស្រ័យលើភាគីរោងចក្រ
24, Mar 2021 , 7:59 am        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ(រូបពីហ្វេសប៊ុកលោក អ៊ិត សំហេង)
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ(រូបពីហ្វេសប៊ុកលោក អ៊ិត សំហេង)
ដោយ:
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចឲ្យកម្មករ នយោជិតឈប់សម្រាករយៈពេល ៣ថ្ងៃ នាឱកាសចូលឆ្នាំខ្មែរនាពេលខាងមុខ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២១។

 
ទោះបីក្រសួងការងារ អនុញ្ញាតឲ្យឈប់សម្រាកក្តី ប៉ុន្តែវាក៏ស្ថិតនៅក្នុងសម្របសម្រួលរវាងភាគីម្ចាស់រោងចក្រ និងកម្មករដែរ។ ក្នុងន័យនេះ រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី២៣ មីនាថា៖«ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនក្នុងពិធីបុណ្យចូលឆ្នាំខាងមុខ ត្រូវសម្រួលជាមួយកម្មករនិយោជិតរបស់ខ្លួន ឲ្យមានការស្ម័គ្រចិត្ត ហើយបែងចែកពេលសម្រាកឲ្យបានសមស្រប។ កម្មករនិយោជិតដែលធ្វើការនៅថ្ងៃចូលឆ្នាំ មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែម ដែលមានចំណូលស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា»។
 
បើតាមរដ្ឋមន្រ្តីការងារដដែល ក្នុងករណីម្ចាស់រោងចក្រ និងសហគ្រាស មិនអាចកម្មករឈប់នៅអំឡុងពេលចូលឆ្នាំខ្មែរបាននោះ ត្រូវរៀបចំការឈប់ឱ្យបានសមរម្យនៅថ្ងៃបុណ្យភ្ជុំបិណ្ឌវិញ។ «ម្ចាស់រោងចក្រ ឬសហគ្រាស អាចលើកពេលឈប់សម្រាកនេះ ដើម្បីឈប់រួមជាមួយបុណ្យភ្នំបិណ្ឌ ឬថ្ងៃឈប់សម្រាកណាមួយសមស្របនាពេលខាងមុខ ដោយតម្រូវឲ្យមានការព្រមព្រៀងរវាងនិយោជក និងតំណាងនិយោជិត ដោយមានជាការលាយលក្ខណ៍អក្សរ»។ នេះជាការបញ្ជាក់របស់លោក អ៊ិត សំហេង។
 
ស្របពេលជាមួយគ្នានោះ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានក្រើនរំលឹកដល់ ម្ចាស់រោងចក្រ សហគ្រាស និងនិយោជិត បន្តចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កាជំងឺឆ្លងកូវីដ-១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com