អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលចម្ងាយខ្លីពីរគ្រាប់ តែអាមេរិកថា មិនមែនជាបញ្ហាធំដុំ
24, Mar 2021 , 12:09 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ រូបភាព៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ រូបភាព៖ KCNA
កូរ៉េខាងជើង បានបាញ់មីស៊ីលចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីតំបន់ឆ្នេរភាគខាងលិច នៅថ្ងៃទី២១ ខែមីនា។ យ៉ាងណាមិញ អាមេរិក បានចាត់ទុក ការបាញ់បែបនេះ មិនមែនជាបញ្ហាធំដុំឡើយ ព្រោះមិនបំពានបម្រាមអង្គការសហប្រជាជាតិ។

 
ជាលើកដំបូងចាប់តាំងពីខែមេសា ឆ្នាំ២០២០ កូរ៉េខាងជើង បានបាញ់មីស៊ីលពីរគ្រាប់ដែលជាប្រភេទស្វ័យទៅក្នុងសមុទ្រលឿង។ នេះជារឿងចម្លែកមួយ ព្រោះ កន្លងទៅកូរ៉េខាងជើង បាញ់មីស៊ីលចូលទៅក្នុងសមុទ្រខាងកើត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ 
 
«អ្វីដែលបាញ់ គឺមីស៊ីលស្វ័យនាំផ្លូវប៉ុណ្ណោះ មិនមែនមីស៊ីលបាលីស្ទិក ហើយមីស៊ីលទាំងនោះត្រូវបានតាមដានដោយឧបករណ៍របស់យើង»។ មន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងមួយរូប បានលើកឡើងបែបនេះ ដោយបន្ថែមថា មីស៊ីលពីរគ្រឿងនោះ គឺជាប្រភេទមីស៊ីលចម្ងាយខ្លី។ 
 
ការបាញ់មីស៊ីលនេះ មិនបានបំពានបម្រាមអន្តរជាតិឡើយ ព្រោះកន្លងមកសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ មិនបានហាមឃាត់ការបាញ់មីស៊ីលចម្ងាយខ្លីឡើយ។ ក្រុមប្រឹក្សាសន្តិសុខ ហាមកូរ៉េខាងជើងសាកល្បងមីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ។ 
 
ចំណែកប្រធានាធិបតីអាមេរិក ចូ បៃឌិន ថា ការសាកល្បងនេះ មិនមែនជាបញ្ហាធំដុំ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា លោក បៃឌិន បានលើកឡើងថា៖ « យើងបានសិក្សាថា វាគ្មានការផ្លាស់ប្តូរច្រើនឡើយ»។ 
 
ការបាញ់មីស៊ីលជាលើកដំបូងនៅក្នុងឆ្នាំ២០២១នេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយទស្សនកិច្ចរបស់ប្រមុខការពារជាតិ និងការទូតអាមេរិក នៅកូរ៉េខាងត្បូង ដើម្បីជជែកជាមួយសមភាគីពីបញ្ហាសន្តិសុខ សម្ព័ន្ធមិត្ត និងការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ ជាពិសេសបញ្ហារំសាយកម្មវិធីនុយក្លេអ៊ែរ ដែលជាប់គាំង តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ មក។ 
 
មិនតែប៉ុណ្ណោះ ការបាញ់មីស៊ីលទៅឆ្នេរភាគខាងលិចនេះ បានបាញ់បន្ទាប់ពីសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិក។ កន្លងមក កូរ៉េខាងជើង បានតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសមយុទ្ធនេះ និងព្រមានលុបចោលកិច្ចព្រមព្រៀងសន្តិភាពយោធាអន្តរកូរ៉េថែមទៀត។ 
 
អ្នកជំនាញមួយចំនួន យល់ឃើញថា ក្រុងព្យុងយ៉ាង ហាក់ដូចជាចង់គំរាមទៅក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ស្របពេលខ្លួននៅតែមានបំណងចង់ចរចាលើកម្មវិធីរំសាយនុយក្លេអ៊ែរដដែល។ ហេតុនេះ កូរ៉េខាងជើងជ្រើសយកការបាញ់មីស៊ីលស្វ័យនាំផ្លូវ ជាជាងមីស៊ីលបាលីស្ទិកចម្ងាយមធ្យម ឬចម្ងាយឆ្ងាយ។ 
 
គួររំលឹកថា ក្រុងព្យុងយ៉ាង បានចាប់ផ្តើមសាកល្បងមីស៊ីលជាថ្មី បន្ទាប់ពីកិច្ចចរចារំលាយកម្មវិធីនុយក្លេអ៊ែរត្រូវជាប់គាំង នៅក្នុងឆ្នាំ២០១៩ ប៉ុន្តែកូរ៉េខាងជើង បានផ្អាកទៅវិញចាប់ពីខែមេសា ក្នុងឆ្នាំ២០២០ វិញ។ ការផ្អាកនេះ ទំនងដោយសារការផ្ទុះកូវីដ-១៩ នៅលើពិភពលោក ឬអាចបង្វែរថវិកាមួយចំនួន ដើម្បីផ្តោតលើវិស័យសុខាភិបាលវិញ៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com