ជាតិ
សង្គមជាតិ
ចិននឹងផ្ដល់បរិក្ខារតេស្តរកជំងឺកូវីដ-១៩ ខ្នាតធំដល់ខេត្តព្រះសីហនុ នៅដើមខែមេសា
24, Mar 2021 , 7:59 pm        
រូបភាព
រូបពីហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា
រូបពីហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា
ដោយ:
ភ្នំពេញ៖ ចិននឹងផ្តល់បរិក្ខារតេស្តរកជំងឺកូវីដ-១៩ខ្នាតធំមួយគ្រឿង សម្រាប់ខេត្តព្រះសីហនុ។ បរិក្ខារតេស្តរកជំងឺកូវីដ-១៩នេះ នឹងដឹកមកខេត្តព្រះសីហនុ នាដើមខែមេសាខាងមុខ។ នេះបើតាមស្ថានទូតចិនប្រចាំកម្ពុជា ប្រកាសនាថ្ងៃទី២៤ ខែមីនា ។

 
ស្ថានទូតចិនប្រចំាកម្ពុជា បានបញ្ជាក់ថា បរិក្ខារតេស្តរកជំងឺកូវីដ-១៩នេះ នឹងជួយសម្រួលដល់ការតេស្តរកជំងឺកូវីដ-១៩ឲ្យកាន់តែលឿន ជួយសន្សំថវិការបស់ជាតិ និងជួយទប់ស្កាត់ជំងឺកូវីដ-១៩កុំឲ្យរាលដាលកាន់តែខ្លាំងឡើង។
 
បើតាមស្ថានទូតចិន សំណាករបស់អ្នកពាក់ព័ន្ធផ្សេងៗទៀតដែលនៅក្នុងខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនទៀត នឹងត្រូវបញ្ជូលមកមកខេត្តព្រះសីហនុទាំងអស់។
 
«បន្ទាប់ពីដាក់ឱ្យប្រើប្រាស់សំណាកតេស្តរកវីរុសរបស់ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះ នឹងត្រូវបានបញ្ជូនមកកាន់ទីនោះ ។ (បរិក្ខារ)នេះនឹងអាចជួយដល់ភាគីកម្ពុជាក្នុងការបង្កើនល្បឿនតេស្តរកជំងឺវីរុស ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសអាចអនុវត្តកាន់តែល្អប្រសើរ»។ នេះជាការរៀបរាប់របស់ស្ថានទូតចិននៅកម្ពុជា។
 
ក្រៅពីផ្តល់បរិក្ខារតេស្តរកជំងឺកូវីដ-១៩ រដ្ឋាភិបាលចិនក៏នឹងបញ្ជូនក្រុមអ្នកជំនាញមកជួយដំឡើង រៀបចំនិងបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យ និងបុគ្គលពាក់ព័ន្ធផ្សេងៗ។ នេះបើតាមការផ្សាយព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា។
 
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ មិនទាន់អាចបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗបាន ជុំវិញជំនួយចិនផ្តល់បរិក្ខារតេស្តកូវីដ-១៩នេះនៅឡើយទេ៕
 
 
 
 

Tag:
 បរិក្ខារ
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com