កីឡាអន្តរជាតិ
អន្តរជាតិ
Marca៖ Ronaldo នឹងចាកចេញពី Juventus បើ Real Madrid ហៅ
24, Mar 2021 , 10:29 pm        
រូបភាព
Cristiano Ronaldo មានឆន្ទៈចង់ចាកចេញពី Juventus ដោយរំភើបនឹងការវិលត្រឡប់ទៅកាន់ Real Madrid វិញ។ នេះបើតាមការផ្សាយរបស់កាសែតអេស្ប៉ាញ Marca ដែលដាក់ចំណងជើងថា Ronaldo នឹងចាកចេញពីសេះបង្កង់ភ្លាម ប្រសិនបើអធិរាជសហៅទៅវិញ។


ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ សព្វថ្ងៃរកបាន ៣០គ្រាប់ហើយក្នុងការបង្ហាញខ្លួន៣៤ប្រកួតសម្រាប់ Juventus រដូវកាលនេះ។ នេះបានបញ្ជាក់ច្បាស់ថា Ronaldo នៅតែជាម៉ាស៊ីនរកគ្រាប់បាល់សម្រាប់ក្រុមយក្សអ៊ីតាលីចាប់តាំងពីចាកចេញពីអេស្ប៉ាញឆ្នាំ២០១៨។
 
សេះបង្កង់ក្រោមការដឹកនាំរបស់អ្នកចាត់ការ Andrea Pirlo ធ្វើមិនបានល្អឡើយនៅរដូវកាលនេះ ទាំងក្នុងលីគ និង Champions League បើទោះ Ronaldo នាំមុខគេក្នុងនាមអ្នករកគ្រាប់បានច្រើនក៏ដោយ។ ម្ចាស់ការពារជើងឯក Juventus តាមពីក្រោយក្រុមកំពូលតារាង Inter Milan ដល់ទៅ១០ពិន្ទុឯណោះ។
 
បើតាមការផ្សាយរបស់កាសែត Marca ជំហានឆ្ពោះត្រឡប់ទៅកាន់ក្រុមចាស់ Real Madrid បានកើតឡើងហើយ ខណៈដំណើរផ្សងព្រេងនៅអ៊ីតាលីរបស់ Ronaldo បានមកដល់ទីបញ្ចប់។ 
កាសែតអេស្ប៉ាញនេះសរសេរថា៖ «ការចាកចេញពីទឹកដីអេស្ប៉ាញ ទៅអ៊ីតាលីដោយយល់ថា Ronaldo នឹងក្លាយជាកីឡាករសំខាន់ក្នុងគម្រោងរបស់ Juventus ក្នុងបំណងលើកពាន Champions League ដែលរូបគេធ្លាប់ធ្វើសម្រាប់ Real Madrid។ ប៉ុន្តែអ្វីៗមិនស្របតាមការចង់បាននោះទេ Juventus មិនអាចឆ្លងចូលវគ្គ ១/៤ ផ្តាច់ព្រ័ត្រនោះឡើយ។ ដូច្នេះ Ronaldo កំពុងត្រៀមខ្លួនចាកចេញពីក្រុម Juventus ហើយ បើសិនក្រុមរបស់លោក Zinedine Zidane ហៅត្រឡប់ទៅវិញ»។
 
Zidane ក៏ធ្លាប់បានលើកឡើងដែរថា ការវិលត្រឡប់របស់ម្ចាស់ពាន Ballon D’or អាចកើតឡើងបាន។ អ្នកចាត់ការទូទៅសញ្ជាតិបារាំង បន្ថែមថា៖ «Ronaldo ចាញ់ ហើយ Real Madrid ក៏ចាញ់។ គាត់ជាកីឡាករដែលជួយយើងឱ្យឈ្នះបាន»៕ 
 
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com