COVID-19
ជាតិ
COVID-19៖ បុរសខ្មែរ និងចិន ស្លាប់ដោយសារមេរោគវាយលុកសួតលឿនដូចករណីមុនៗ
25, Mar 2021 , 2:36 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ពីរនាក់បន្ថែម ដោយក្នុងនោះមានបុរសខ្មែរអាយុ៣៨ឆ្នាំ និងបុរសចិនអាយុ៤៣ឆ្នាំ នាព្រឹកថ្ងៃទី២៥មីនា។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ការស្លាប់របស់បុរសទាំងពីរនេះ គឺដោយសារតែជំងឺកូវីដ-១៩ បានវាយលុកលឿនធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្សោយសួតខ្លាំងពេក ដូចជា៥ករណីមុនផងដែរ។



ក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសជនជាតិវ័យ៤៣ឆ្នាំ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នោះ មានអាសយដ្ឋាននៅសណ្ឋាគារយ៉ុងយ័ន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ជនជាតិចិនរូបនេះ បានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១មីនា ឆ្នាំ២០២១ ហើយដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ។ ប៉ុន្តែដោយសារមានការអាការៈធ្ងន់ធ្ងរ អ្នកជំងឺរូបនេះក៏ត្រូវបានបញ្ជូនមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៨មីនា។

ដោយឡែក  បុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំ ដែលបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ-១៩ដែរ នោះ មានអាសយដ្ឋាននៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បុរសរូបនេះ ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៦មីនា  និងដាក់ឱ្យសម្រាកព្យាបាលនៅសណ្ឋគារGreat Duke។ ដោយសារតែបុរសរូបនេះ មានអាការៈធ្ងន់ធ្ងរ(ហត់) ក៏ត្រូវបានគ្រូពេទ្យបញ្ជូនមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២០មីនា។

នៅពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកជំងឺកូវីដ-១៩ទាំងពីរនាក់នេះ  ត្រូវបានក្រុមគ្រូពេទ្យ ពិនិត្យសុខភាពនិងថតសួត ដោយបង្ហាញថាសួតរបស់អ្នកទាំងពីរនេះ គឺមានរលាកធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងខ្សោយខ្លាំង  ដោយត្រូវការប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម។ រហូតដល់ ថ្ងៃទី២៥មីនា ប្រមាណម៉ោង៧ព្រឹក អ្នកជំងឺកូវីដ-១៩ទាំងពីរនាក់នេះ បានបាត់បង់ជីវិត។

 មកដល់ពេល កម្ពុជាមានអ្នកស្លាប់ឡើងដល់៧នាក់ហើយ ដោយអ្នកជំងឺ៥នាក់ដែលទទួលមរណភាពក្នុងមក សុទ្ធតែជាជនជាតិខ្មែរ រួមមានមាន បុរសអាយុ៥០ឆ្នាំ, ស្ត្រីអាយុ៦២ឆ្នាំ (ភរិយាតារាចម្រៀង ហួរ ឡាវី), បុរសអាយុ៤៦ឆ្នាំ, បុរសអាយុ៧៥ឆ្នាំ (វេជ្ជបណ្ឌិត ស្តើង ជា) និងស្ត្រីអាយុ៦២ឆ្នាំ (ម្តាយតារាកំប្លែងស្រីពីន)៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com