ជាតិ
សុខភាព
កម្ពុជា មានមនុស្សជាង៣៤ម៉ឺននាក់ហើយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
25, Mar 2021 , 1:59 pm        
រូបភាព
ភ្នំពេញ៖ មានពលរដ្ឋនិងយោធា ចំនួន៣៤១,៩១២នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19)។ ក្នុងចំណោមមនុស្សជាង៣៤ម៉ឺននាក់ដែលបានចាក់វាក់សាំងនេះ  មានជិត២៣ម៉ឺននាក់ជាពលរដ្ឋអាទិភាព និង ជាង១១,២ម៉ឺននាក់ទៀត ជាកងកម្លាំងយោធា។ នេះបើតាមរបាយការណ៍ដោយឡែកពីគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។

 
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៥មីនា មនុស្សជិត២៣ម៉ឺននាក់ខាងលើ ដែលបានចាក់វ៉ាក់សាំងរួចនោះ គឺមានជាង៨,១ម៉ឺននាក់ បានចាក់វ៉ាក់សាំងCOVISHIELD របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា។ 
 
កម្ពុជា ចាប់ផ្តើមវ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ដើម្បីបង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca  លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង រហូតដល់បច្ចុប្បន្ន។ សូមជម្រាបថា សម្រាប់អ្នកដែលមានបញ្ហាសុខភាពនិងប្រតិកម្មនានា គឺមិនអាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ទាំងនេះ បានឡើយ។ 
 
កន្លងមកកម្ពុជា បានទទួលវ៉ាក់សាំងជាង៩២ម៉ឺនដូស ដោយក្នុងនោះ មានវ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន៦០ម៉ឺនដូសបានពីជំនួយរបស់រដ្ឋាភិបាលចិន និង ជាង៣២ម៉ឺនដូសទៀត ជាវ៉ាក់សាំងរបស់AstraZeneca  ដែលកម្ពុជាបានពីយន្តការCOVAX។
 
ដោយឡែក វ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ប្រមាណ១,៥លានដូសទៀត នឹងមកកម្ពុជានៅថ្ងៃទី២៦ មីនា តាមរយៈកិច្ចព្រមព្រៀងទិញ-លក់ ជាមួយប្រទេសចិន។ នេះបើតាមសារសំឡេងរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៩ មីនាកន្លងទៅ។ នៅចុងមីនានេះដែរ វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន ៣០ម៉ឺនដូស ដែលជាជំនួយបន្ថែមរបស់ចិន មកឱ្យកម្ពុជា នឹងមកដល់ ផងដែរ។ 
 
ចំណែកវាក់សាំងSinopharm ជំនួយរបស់ចិន នៅសល់៤០ម៉ឺនដូសទៀត និង COVISHIELD របស់ក្រុមហ៊ុន AstraZeneca ក្រោមយន្តការ COVAX នៅសល់ប្រមាណ១លានដូសទៀតនោះ ក៏នឹងមកដល់កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះដែរ។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១,៨៧២ នាក់ ក្នុងនោះ ១,៣៤៨ នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដោយមាន៧នាក់បានស្លាប់បាត់បង់ជីវិត។ អ្នកជំងឺសរុប១,០៥៦នាក់ ក៏បានជាសះស្បើយផងដែរ។ ករណីសហគមន៍២០កុម្ភៈ មាននៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង សៀមរាប កំពង់ធំ កំពង់ចាម កោះកុង ស្វាយរៀង តាកែវ បាត់ដំបង ត្បូងឃ្មុំ និងកែប។  មនុស្ស ៨០៩នាក់ទៀត កំពុងបន្តសម្រាកព្យាបាល៕
 
 

Tag:
 COVID-19
  COVAX
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com