អន្តរជាតិ
UNICEF ថា ឥណ្ឌាអាចពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំងឱ្យ COVAX សម្រាប់ខែមីនានិងមេសា
25, Mar 2021 , 7:29 pm        
រូបភាព
ឥណ្ឌា ទំនងពន្យារពេលក្នុងការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩  របស់ក្រុមហ៊ុន AstraZeneca ទៅឱ្យយន្តការ COVAX សម្រាប់ខែមីនា និងមេសានេះ។ នេះបើតាមការបញ្ជាក់របស់អង្គការ UNICEF នៅថ្ងៃទី២៥ ខែមីនា។ ការពន្យាពេល ទំនងបណ្ដាលមកពីការស្តុកវ៉ាក់សាំងសម្រាប់ពលរដ្ឋឥណ្ឌា ស្របពេលតម្រូវការវ៉ាក់សាំងកើនឡើង ក្រោយការផ្ទុះករណីឆ្លងកាន់តែខ្លាំង។


«យើងអាចដឹងបានថា ការដឹកជញ្ជូនវ៉ាក់សាំងការពារកូវីដ-១៩ ទៅប្រទេសជាសមាជិកនៃយន្តការ COVAX  ទំនងជាប្រឈមនឹងភាពយឺតយ៉ាវ ក្រោយមានបញ្ហាក្នុងការទទួលបានអាជ្ញាបណ្ណនាំចេញវ៉ាក់សាំងកូវីដ-១៩ បន្ថែមទៀតដែលផលិតដោយវិទ្យាស្ថាន Serum  របស់ឥណ្ឌា សម្រាប់ការដឹកជញ្ជូនចេញក្នុងខែមីនា និងមេសានេះ»។ អង្គការ UNICEF ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នេះក្នុងសារអេឡិចត្រូនិកនៅថ្ងៃទី២៥ ខែមីនា។ 
 
ក្នុងសារដដែល UNICEF បន្តថា COVAX កំពុងជជែកជារដ្ឋាភិបាលឥណ្ឌាដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានលឿនតាមតែអាចធ្វើបាន។ 
 
វ៉ាក់សាំងក្រុមហ៊ុន AstraZeneca ផលិតនៅឥណ្ឌាជាមួយឈ្មោះ Covishield ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសជាច្រើនក្រោមយន្តការ COVAX ។ ឥណ្ឌាផ្ទាល់ ក៏ប្រើប្រាស់វ៉ាក់សាំងនេះដើម្បីចាក់ឱ្យប្រជាជនរបស់ខ្លួនដែរ។ តម្រូវការវ៉ាក់សាំងក្នុងប្រទេស ស្របពេលករណីឆ្លងកើនឡើងខ្លាំង ទំនងជាហេតុផលមួយដែលឥណ្ឌាពន្យារពេលផ្ដល់វ៉ាក់សាំងឱ្យយន្តការអន្តរជាតិដែល UNICEF សហការដឹកនាំជាមួយអង្គការសុខភាពពិភពលោក និងសម្ពន្ធ GAVI ជាដើម 
 
បើតាម Reuters ឥណ្ឌា ក៏បានពន្យារពេលក្នុងការដឹកជញ្ជូនវ៉ាក់សាំង AstraZeneca របស់ខ្លួន ទៅកាន់ប្រេស៊ីល ចក្រភពអង់គ្លេស ម៉ារ៉ុក និងអារ៉ាប៊ីសាអូឌីតរួចមកហើយដែរ។ មិនត្រឹមតែការផ្គត់ផ្គង់ពីឥណ្ឌាឡើយដែលមានបញ្ហា សូម្បីការផ្គត់ផ្គង់ពីរោងចក្រនៅកូរ៉េខាងត្បូង ក៏ជួបបញ្ហាដូចគ្នា។ 
 
អង្គការ UNICEF ក៏បានបញ្ជាក់ផងដែរថា ខ្លួនបានផ្តល់ដំណឹងទៅដល់ បណ្តាប្រទេសដែលជាសមាជិករបស់យន្តការ COVAX រួចមកហើយ អំពីការផ្គត់ផ្គង់ដែលអាចមានចំនួនទាបជាងការរំពឹងទុកនៃវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ដែលផលិតនៅកូរ៉េខាងត្បូងក្នុងខែមីនានេះ។
 
សូមបញ្ជាក់ថា មកដល់ពេលនេះយន្តការ COVAX ទទួលបានវ៉ាក់សាំងពីឥណ្ឌាសរុប ប្រមាណ ១៧,៧ លានដូសមកហើយ ក្នុងចំណោមវ៉ាក់សាំងជាង ៦០លានដូសដែលឥណ្ឌា បានផ្គត់ផ្គង់ ជាសកល។ កន្លងមក ឥណ្ឌាបាននាំចេញវ៉ាក់សាំងរបស់ AstraZeneca ដែលផលិតដោយវិទ្យាស្ថាន Serum ទៅឱ្យបណ្តាប្រទេសជាច្រើន ក្នុងនាមខ្លួនជារោងចក្រផលិតវ៉ាក់សាំងធំជាងគេបំផុតរបស់ពិភពលោកដើម្បីឆ្លើយតបនឹងតម្រូវការខណៈការរីករាលដាលនៃវីរុសកើនឡើងខ្លាំង៕
 
 
 

Tag:
 UNICEF
  COVAX
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com