ជាតិ
សង្គមជាតិ
អភិបាលខណ្ឌច្បារអំពៅ ហាមពលរដ្ឋសាងសង់សំណង់តាមប្រឡាយព្រែកប្រា
25, Mar 2021 , 7:59 pm        
រូបភាព
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រូបពីសាលាខណ្ឌច្បារអំពៅ
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រូបពីសាលាខណ្ឌច្បារអំពៅ
ដោយ:
ភ្នំពេញ៖ ពលរដ្ឋរស់នៅតាមប្រឡាយព្រែកប្រា ក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា និងភូមិចំពុះក្អែង១ សង្កាត់ព្រែកថ្មី ហាមសាងសង់សំណង់ផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់ការរំដោះទឹក និងការលិចលង់លំនៅឋានរបស់ពលរដ្ឋ។ នេះជាបម្រាមរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ។

 
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា អាជ្ញាធរបានចុះទៅណែនាំ និងហាមពលរដ្ឋសាងសង់សំណង់ផ្សេងៗនៅតាមបណ្តោយប្រឡាយព្រែកប្រា កន្លងមកដែរ ប៉ុន្តែពលរដ្ឋខ្លះ នៅតែបន្តសាងសង់សំណង់រំលោភចូលនៅប្រឡាយព្រែកប្រា ដដែល។
 
លោកអភិបាលខណ្ឌច្បារអំពៅ បានអំពាវនាវដល់ពលរដ្ឋកុំសាងសង់សំណង់ផ្សេងៗ នៅលើដីចំណីប្រឡាយព្រែកប្រា និងប្រឡាយសាធារណៈក្នុងភូមិសាស្ត្រខាងលើ ដើម្បីរក្សាសោភ័ណភាពក្នុងមូលដ្ឋាន។ 
 
លោក ចេង មុនីរ៉ា បានរៀបរាប់ក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី២៤ ខែមីនា ដូច្នេះថា៖«ដើម្បីរក្សាបាននូវទំហំប្រឡាយស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់ខណ្ឌ ដែលបានអនុម័តរួចហើយ ដែលជាមធ្យោបាយសមស្របបង្កលក្ខណៈងាយស្រួលដល់ការរំដោះទឹក ហើយបញ្ជៀសបាននូវការលិចលង់លំនៅឋាន ផលដំណាំរបស់ប្រជាពលរដ្ឋ រក្សានូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន និងរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់បញ្ឈប់នូវសកម្មភាពនេះជាបន្ទាន់»។
 
លោក ចេង មុនីរ៉ា បានសង្កត់ធ្ងន់ថា ក្នុងករណីបុគ្គលណាម្នាក់ដែលបំពាននូវការអំពាវនាវនេះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដែលមានជាធរមាន ដោយពុំមានការលើកលែងឡើយ៕  
 

Tag:
 សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com