កីឡាអន្តរជាតិ
អន្តរជាតិ
Alphonso Davies ជាកីឡាករបាល់ទាត់ទីមួយទទួលតំណែងទូតសុច្ឆន្ទៈរបស់ UNHCR
25, Mar 2021 , 8:29 pm        
រូបភាព
Alphonso Davies ខ្សែការពារក្រុម Bayern Munich បានក្លាយជាកីឡាករបាល់ទាត់ និងជាជនជាតិកាណាដាដំបូងគេដែលទទួលបានការតែងតាំងជាទូតសុឆន្ទៈពិភពលោកសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។



ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) នៅថ្ងៃទី២៤ ខែមីនា បានប្រកាសនៅលើវេបសាយផ្លូវការបស់ខ្លួនដើម្បីតែងតាំង Davies ជាទូតសុច្ឆន្ទៈពិភពលោកថ្មីរបស់ពួកគេ។
 
ក្នុងតំណែងជាទូតសុច្ឆន្ទៈរបស់ UNHCR ខ្សែការពារអន្តរជាតិកាណាដា វ័យ២០ឆ្នាំ Davies បានបង្ហាញអារម្មណរំភើបដែលបានចូលរួមចំណែកធ្វើការងារជាមួយអង្គការលំដាប់កំពូលលើលោកមួយនេះ ព្រោះរូបគេក៏មានប្រវត្តិជាជនភៀសខ្លួនមួយរូបផងដែរ។
 
«ខ្ញុំមានមោទកភាពដែលបានចូលរួមជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិក្នុងនាមជាទូតសុច្ឆន្ទៈ។ បទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ធ្វើឱ្យខ្ញុំចង់និយាយរៀបរាប់អំពីជនភៀសខ្លួន ដើម្បីចែករំលែករឿងរ៉ាវរបស់ពួកគេ និងជួយធ្វើឱ្យមានភាពប្រសើរឡើងដល់ពួកគេ»។


 
សម្រាប់ការស្វាគមន៍ Davies ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ UNHCR ថ្មី លោក Filippo Grandi ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនយល់ឃើញថា ការតែងតាំង Davies ជាកិត្តិយសរបស់អង្គការ ពីព្រោះលោកជឿជាក់ថាកីឡាជាថាមពលក្នុងការងារជាមួយជនភៀសខ្លួន ដើម្បីជំរុញពួកគេឱ្យមានក្តីសង្ឃឹម និងលើកស្ទួយជីវិតរបស់ពួកគេ។
 
«រឿងរ៉ាវផ្ទាល់ខ្លួនរបស់ Davies ក៏ដូចជាទេពកោសល្យ និងភាពជោគជ័យរបស់គាត់ក្នុងនាមជាកីឡាករបាល់ទាត់អាជីព ព្រមទាំងការប្តេជ្ញាចិត្តជួយជនភៀសខ្លួនគឺពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ ខ្ញុំពិតជាទន្ទឹងរង់ចាំធ្វើការជាមួយគាត់»។ លោក Filippo Grandi បន្ថែមដូច្នេះ។
 
Davies កើតនៅជំរុំជនភៀសខ្លួនមួយនៅក្នុងប្រទេសហ្គាណា ដែលមានឪពុកម្តាយជាជនជាតិលីបេរីយ៉ា។ ប៉ុន្តែ Davies នៅតែមិនភ្លេចថា ជំរំជនភៀសខ្លួនបានផ្តល់កន្លែងសុវត្ថិភាពដល់គ្រួសាររបស់គេនៅពេលភៀសខ្លួនពីសង្គ្រាមស៊ីវិល។
 
រហូតមកដល់ពេលនេះ Davies ដែលប្តូរទៅរស់នៅក្នុងប្រទេសកាណាដានៅអាយុ៥ឆ្នាំ កំពុងដើរលើផ្លូវជោគជ័យបំផុតក្នុងអាជីពជាកីឡាករបាល់ទាត់ និងការងារដែលទាក់ទងនឹងជនភៀសខ្លួនរបស់ UNHCR។ 
 
ក្នុងអាជីពបាល់ទាត់ Davies បច្ចុប្បន្នជាកីឡាករវ័យក្មេងដែលមានតម្លៃខ្លួនថ្លៃមួយរូប បន្ទាប់ពីបង្ហាញភាពលេចធ្លោខ្លាំងតាមរយៈការជួយក្រុមយក្សអាល្លឺម៉ង់ Bayern Munich ឈ្នះពានជាច្រើនក្នុង១រដូវកាល ដែលរួមមាន Bundesliga, Champions League, FIFA Club World Cup និងពានក្នុងស្រុកផ្សេងទៀត៕
 

Tag:
 Alphonso Davies
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com