កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ជួយស៊ុយអែតឈ្នះ, Zlatan ថាដូចបានលេងលើកដំបូងអ៊ីចឹង
26, Mar 2021 , 10:50 am        
រូបភាព
Zlatan Ibrahimovic បានវិលត្រឡប់ចូលក្រុមជម្រើសជាតិសារជាថ្មី ដោយជួយស៊ុតអែតយកឈ្នះហ្សកហ្ស៊ី ១-០ តាមរយៈការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទី នាកាប្រកួតបើកឆាក វគ្គជម្រុះ World Cup តំបន់អឺរ៉ុប នៅរាត្រីថ្ងៃទី២៥ ខែមីនា។ Ibrahimovic មានអារម្មណ៍ថា ជំនួបនេះដូចជាលេងឱ្យជម្រើសជាតិលើកទី១អ៊ីចឹង។


ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំ នៅតែបង្ហាញទម្រង់លេចធ្លោនៅពេលត្រឡប់ទៅកាន់ក្រុមជម្រើសជាតិសារជាថ្មី បន្ទាប់ពីអវត្តមានពីការចូលនិវត្តន៍អស់រយៈពេល៥ឆ្នាំមក។ Ibrahimovic បានបញ្ជូនបាល់ឱ្យដៃគូ Viktor Claesson សម្រេចទីនៅនាទី៣៥ និងជាគ្រាប់ជ័យជន្នះដើម្បីជួយស៊ុយអែតទទួលបាន៣ពិន្ទុ នៃវគ្គជម្រុះជុំទី១ ពូល B។
 
ការវិលត្រឡប់របស់ Ibrahimovic មានន័យថារូបគេក៏បានក្លាយជាកីឡាករចាស់ជាងគេដែលតំណាងឱ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិស៊ុយអែតផងដែរ។ ខ្សែប្រយុទ្ធក្រុម AC Milan រូបនេះបានបំបែកកំណត់ត្រាកីឡាករចាស់គេដែលមានវ័យ៣៨ឆ្នាំ និង៥៩ថ្ងៃ របស់អតីតអ្នកចាំទី Thomas Ravelli ដែលសព្វថ្ងៃមានអាយុ៦១ឆ្នាំ។
 
ក្រោយបានបង្ហាញខ្លួនជាថ្មី និងទទួលបានលទ្ធផលផ្លែផ្កាផង អតីតកីឡាករ Man Utd, PSG, Inter Milan និង Barcelona រូបនេះថារូបគេមានអារម្មណ៍ល្អណាស់។ Ibrahimovic បានប្រាប់វិទ្យុ Sverige ថា៖ « ខ្ញុំមានអារម្មណ៍ថានេះជាការប្រកួតអន្តរជាតិលើកដំបូងរបស់ខ្ញុំ។ វាជាថ្នាំបន្ធូរអារម្មណ៍តានតឹងអ៊ីចឹងដែរ។ ខ្ញុំគិតថាខ្ញុំអាចធ្វើអ្វីល្អៗបន្ថែមទៀតសម្រាប់ក្រុម បន្ទាប់ពីយើងឈ្នះការប្រកួតនេះហើយហើយ»។
 
នៅពូល B នេះដែរ អេស្ប៉ាញបានប្រកួតស្មើក្រិកក្នុងលទ្ធផល ១-១។ ដូច្នេះ ស៊ុយអែតឈរកំពូលតារាងបណ្តោះអាសន្នដោយរកបាន៣ពិន្ទុ។ ជំនួបបន្ទាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Janne Andersson និងត្រូវជួបកូសូវ៉ូនៅថ្ងៃទី២៩ ខែមីនា ខណៈអេស្ប៉ាធ្វើដំណើរទៅទឹកដីហ្សកហ្ស៊ី។
 
ចំណែកជំនួបគូខ្លាំងៗដទៃទៀត អង់គ្លេសឈ្នះសាំងម៉ារ៉ាំង ៥-០ សម្រាប់វគ្គជម្រុះ World Cup ពូល I ហើយអ៊ីតាលីឈ្នះអៀរឡង់ខាងជើង ២-០ ពូល C និងស្វ៊ីសឈ្នះប៊ុលហ្គារី ៣-១។ អាល្លឺម៉ង់ឈ្នះអ៊ីស្លង់ ៣-០ ពូល J៕ 
 

Tag:
 Zlatan Ibrahimovic
© រក្សាសិទ្ធិដោយ thmeythmey.com