ជាតិ
សង្គមជាតិ
ចិននិងវៀតណាម១៤នាក់ ដែលប្រើល្បិចនាំមនុស្សទៅធ្វើចត្តាឡីស័ក ដើម្បីជំរិតទារប្រាក់ ត្រូវបានឃាត់ខ្លួន
26, Mar 2021 , 3:50 pm        
រូបភាព
ជនសង្ស័យទាំង១៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី២៥មីនា ២០២១។ (រូបពីនគរបាលជាតិ)
ជនសង្ស័យទាំង១៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី២៥មីនា ២០២១។ (រូបពីនគរបាលជាតិ)
ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន និងវៀតណាម១៤នាក់ ពាក់ព័ន្ធនឹងការប្រើល្បិចនាំជនរងគ្រោះ ទៅចត្តាឡីស័កហើយបង្ខាំងទុក ដើម្បីជម្រិតទារប្រាក់ ក្នុងខណ្ឌដូពេញ រាជធានីភ្នំពេញ។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។



លោក អេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទាំង១៤នាក់ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួននៅសណ្ឋាគារ ប៉ូស៊ីកាណូប៊ីទិក សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញកាលពីថ្ងៃទី២៥ មីនា។ 
 
ដើមចមនៃការឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះ ដោយសារតែពួកគេបានប្រើល្បិចបន្លំធ្វើជាមន្ត្រីជំនាញសុខាភិបាល ដោយនាំជនជាតិចិនម្នាក់ ទៅធ្វើចត្តាទ្បីស័ក ហើយបង្ខាំងទុកនៅសណ្នាគារ SKAYLINE ស្ថិតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា ដោយជំរិតទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែង កាលពីថ្ងៃទី២០ មីនា។ ក្រោយពីជំរិតទារប្រាក់បានសម្រេច ទើបជនសង្ស័យដោះលែងជនរងគ្រោះ នៅថ្ងៃទី២៣ មីនា។ នេះបើតាមការពន្យល់របស់លោក អេង សោភា។ 
 
ក្រោយពីរថ្ងៃនៃករណីជំរិតប្រាក់នេះ កងកម្លាំងក្រុមរបស់លោក អេង សោភា បានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ខណ្ឌសែនសុខ និងខណ្ឌដូនពេញ បានចុះឃាត់ខ្លួនជនសង្ស័យទាំង១៤នោះ នៅក្នុងសង្កាត់ផ្សារកណ្ដាល១ តាមរយៈបណ្តឹងជនរងគ្រោះនោះ។ ជនសង្ស័យទាំងនោះ មានជនជាតិចិន៧នាក់ និងវៀតណាម៧នាក់ ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរនិងរៀបចំសំណុំរឿងដោះស្រាយតាមនីតិវិធី៕ 
 

Tag:
 ជំរិតទារប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com