កីឡាអន្តរជាតិ
អន្តរជាតិ
Dobson បញ្ចប់អាជីពបាល់ទាត់ទាំងរីករាយនៅអាយុ២៨ឆ្នាំ ដើម្បីថែមិត្តប្រុសដែលមានជំងឺមហារីក
26, Mar 2021 , 7:29 pm        
រូបភាព
Rhali Dobson កីឡាការិនីរបស់ក្លិប Melbourne City បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅអាយុ ២៨ ឆ្នាំ ដើម្បីយកពេលថែទាំមិត្តប្រុសរបស់នាងដែលកំពុងព្យាបាលជំងឺមហារីកខួរក្បាល។ Dobson បានយល់ព្រមទទួលជញ្ជៀនរៀបការពីមិត្តប្រុស នាការបង្ហាញខ្លួនចុងក្រោយផងដែរ។



កីឡាការិនីសញ្ជាតិអូស្រ្តាលីរូបនេះ ទទួលបានអារម្មណ៍រំភើបយ៉ាងខ្លាំង បើទោះនៅចំថ្ងៃបញ្ចប់អាជីពបាល់ទាត់របស់នាងក៏ដោយ។ នៅក្រោយបញ្ចប់ការប្រកួតចុងក្រោយដែល Melbourne City យកឈ្នះក្រុម Perth Glory ២-១ ក្នុងជំនួបលីគកំពូលអូស្ត្រាលី W-League នៅថ្ងៃទី២៥ ខែមីនា មិត្តប្រុសរបស់ Dobson លោក Matt Stonham បានយកជញ្ជៀនពេជ្រទៅកាន់ទីលានហើយលុតជង្គង់សុំនាងរៀបការ។ Dobson បានស្រក់ទឹកភ្នែក ហើយយល់ព្រមទទួលយកជញ្ជៀនទាំងរំភើប។
 
Dobson ដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិស្ត្រីអូស្ត្រាលីមួយលើក បានប្រាប់មិត្តរួមក្រុម Melbourne នៅមុនថ្ងៃប្រកួតនេះ ថាខ្លួននឹងចូលនិវត្តន៍ដើម្បីយកពេលជួយមិត្តប្រុស ដែលត្រូវព្យាបាលជំងឺមហារីកខួរក្បាល។ លោក Matt Stonham ត្រូវទទួលការព្យាបាលដោយប្រើវិទ្យុសកម្ម និងការព្យាបាលដោយប្រើគីមីសម្រាប់ជំងឺមហារីកនេះ។


 
Dobson ដែលទើបមានវ័យ២៨ឆ្នាំ បានរៀបរាប់នៅក្រោយចប់ការប្រកួត និងក្រោយទទួលជញ្ជៀនពីមិត្តប្រុស ជុំវិញការបញ្ចប់អាជីពរបស់ខ្លួនថា៖ «សេចក្តីស្រឡាញ់ គឺធំជាងកីឡា។ គាត់គឺជាពិភពលោកផ្តាច់មុខរបស់ខ្ញុំ។ ខ្ញុំត្រូវមើលថែទាំគាត់អំឡុងពេលនេះ»។
 
លោក Stonham ត្រូវបានរកឃើញថាមានជំងឺមហារីកកាលពី៦ឆ្នាំមុន បន្ទាប់លោកប្រកាច់ពេលកំពុងលេងបាល់ទាត់។ លោកទទួលការវះកាត់ជាលើកទី២កាលពីដើមខែមីនានេះ ហើយនឹងបន្តព្យាបាលដោយប្រើវិទ្យុសកម្ម មុនពេលការព្យាបាលដោយប្រើគីមី៕
 

Tag:
 Rhali Dobson
© រក្សាសិទ្ធិដោយ thmeythmey.com