COVID-19
ជាតិ
សង្គមជាតិ
ខេត្តសៀមរាបរកឃើញករណីកូវីដ-១៩ថ្មីមួយទៀតពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ
26, Mar 2021 , 8:04 pm        
រូបភាព
ហាងកាហ្វេដែលយុវតីមានវិជ្ជមានកូវីដ-១៩ បម្រើការងារត្រូវបានបិទបណ្តោះអាសន្នសិនដោយអាជ្ញាធរខេត្ត។  រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ហាងកាហ្វេដែលយុវតីមានវិជ្ជមានកូវីដ-១៩ បម្រើការងារត្រូវបានបិទបណ្តោះអាសន្នសិនដោយអាជ្ញាធរខេត្ត។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ដោយ: ថ្មីៗ
 ភ្នំពេញ៖ ករណីកូវីដ-១៩ មួយទៀតត្រូវបានរកឃើញនៅថ្ងៃសុក្រទី ២៦ ខែមីនានៅក្នុងខេត្តសៀមរាប ដែលជាករណីទាក់ទងជាមួយនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃ ២០ ខែកុម្ភៈ។ នេះបើតាមការជូនដំណឹងពីសំណាក់រដ្ឋបាលខេត្តសៀមរាប។

ករណីវិជ្ជមានកូវីដ-១៩ ដែលជាករណីទី៧ នេះគឺពាក់ព័ន្ធនឹងយុវតីដែលមានវ័យ ១៧ឆ្នាំ និងជាបុគ្គលិកហាងកាហ្វេលិង្គ ១០០០ ដែលមានទីតាំងស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ហាងកាហ្វេនេះក៏ត្រូវបានបិទជាបណ្តោះអាសន្នសិនដើម្បីទប់ស្កាត់ការឆ្លង រហូតដល់ស្ថានភាពប្រសើរឡើងវិញ។ 
 
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ករណីថ្មីនេះគឺ មានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយ អ្នកបើករថយន្តដឹកភ្ញៀវដែលមានផ្ទុកកូវីដ-១៩ ហើយបានចូលទៅហាងកាហ្វេនេះចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ បុរសជាអ្នកបើករថយន្តនេះត្រូវបានធ្វើតេស្តដោយបានលទ្ធផលវិជ្ជមាននៅថ្ងៃទី២៤ ខែមីនា។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល អាជ្ញាធរខេត្តក៏បានអំពាវនាវឲ្យដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងបុគ្គលវិជ្ជមាននេះ ចូលរួមសហការដោយមកធ្វើតេស្តនៅមណ្ឌលចត្តាឡីស័កដែលមានទីតាំងនៅសាលាគរុកោសល្យខេត្ត។ 

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ ២៦ ខែមីនា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១៩៦៨នាក់ ក្នុងនោះ១៤៤៤ នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ។ បច្ចុប្បន្នអ្នកជំងឺចំនួន ១០៧៤ បានជាសះស្បើយ ហើយ៨នាក់បានស្លាប់បាត់បង់ជីវិត។ ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈត្រូវបានរកឃើញនៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង សៀមរាប កំពង់ធំ កំពង់ចាម កោះកុង ស្វាយរៀង តាកែវ បាត់ដំបង ត្បូងឃ្មុំ និងកែប៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com