ជាតិ
ស្វែងយល់ពីការដាំបន្លែ និងដំណាំ តាមតំបន់នៅកម្ពុជា
28, Mar 2021 , 7:59 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ការដំាដុះបន្លែ ដើម្បីទទួលបានបានទិន្នផលល្អ កសិករគួរយល់ដឹង ពីកត្តាសំខាន់មួយចំនួន ដែលធ្វើឲ្យបន្លែលូតលាស់លឿន ប្រឆាំងនឹងការបំផ្លាញពីសត្វល្អិត ជំងឺផ្សេងៗ ការពុលដោយអាកាសធាតុ និងលក្ខខណ្ឌដីក្នុងតំបន់ជាដើម។ ថ្ងៃនេះ សារព័ត៌មានថ្មី២៥ រាជធានី-ខេត្ត និងលើកយកចំណេះដឹង ក្នុងការបែកចែកតំបន់ សម្រាប់ការដំាដុះដំណាំបន្លែ ដើម្បីទទួលបានទិន្នផលល្អ ដកស្រង់ចេញពីសៀវភៅ «បទដ្ឋានអនុវត្តបច្ចេកវិទ្យា សួនបន្លែគ្រួសារ» ដូចតទៅ។



ប្រទេសកម្ពុជា ត្រូវបានបែងចែកជាបីតំបន់ធំៗគឺតំបន់ខ្ពង់រាប តំបន់វាលរាប និងតំបន់វាលទំនាប។ ការដាំដុះបន្លែ ឬដំណាំ ក៏អាស្រ័យទៅតាមប្រភេទតំបន់ផងដែរ។ ដូច្នេះ កសិករគួរយល់ដឹង ពីស្ថានភាពផ្ទៃដី និងអាកាសធាតុជាដើម ក្នុងការដំាដុះដំណាំបន្លែ នៅតំបន់នីមួយៗខាងលើនេះ។
 
នៅតំបន់ខ្ពង់រាប ផ្ទៃដីមានសភាពចោត ពោលគឺផ្ទៃដីមិនស្មើ មានចំណោតខ្លាំង ឬទីទួលខ្ពស់ជាដើម។ ស្ថានភាពដីបែបនេះ នៅរដូវវស្សា តែងសម្បូរប្រភពទឹក តែនៅរដូវប្រាំងភាគច្រើន ខ្វះប្រភពទឹក។ រដូវភ្លៀងធ្លាក់ដដែលនេះ ក្នុងតំបន់ខ្ពង់រាម ទឹកភ្លៀងមានសន្ទុះហូរច្រោះខ្លាំង ដូច្នេះកសិករត្រូវកំណត់រយៈពេលដំាដំណាំ ឬបន្លែឲ្យបានច្បាស់លាស់។ ចាប់ពីចុងខែឧសភា ដល់ខែវិច្ឆិកា កសិករអាច ដាំម្ទេស ត្រប់ ប៉េងប៉ោះ ននោងវែង ត្រឡាច ល្ពៅ ឪឡឹក និងតាសក់ស្រូវជាដើម ដើម្បីឱ្យបន្លែទាំងនោះទទួលបានរបរទឹកភ្លៀង និងការស្រោចស្រពបន្ថែម។ ប៉ុន្តែលោកអ្នកអាចដំាដុះបានតែមួយដងប៉ុណ្ណោះ ក្នុងមួយឆ្នាំក្នុងតំបន់នេះ។
 
ចំណែកតំបន់វាលរាបវិញ ជាប្រភេទផ្ទៃដី ដែលមានច្រើនកន្លែង ក្នុងប្រទេសកម្ពុជា។ ផ្ទៃដីវាលរាបភាគច្រើន ជាផ្ទៃដីផលិតកម្មដំណាំស្រូវ នៅរដូវវស្សា ព្រមទាំងមានទីទួលខ្លះៗ ដែលកសិករ អាចរៀបចំជាសួនបន្លែបាន។ នៅរដូវភ្លៀង ចន្លោះពីខែតុលា និងវិច្ឆិកា កសិករអាចដំាដំណាំអាយុកាលខ្លី ឬមធ្យមដូចជា ប្រភេទដំណាំស្ពៃ ត្រកួន ផ្ទី តាសក់ សណ្ដែកទ្រើង ឬសណ្ដែកកួរ និងការដាំល្ពៅយកត្រួយជាដើម។ ចំពោះដំណាំអាយុកាលវែង រួមមានននោងទេស ត្រឡាចទ្រើង ត្រប់ អាចដំាបាននៅរដូវវស្សា ដោយវាធន់ នឹងសភាពដីសើម។ រីឯខាត់ណាផ្កា ម្ទេស ស្ពៃក្ដោប ប៉េងប៉ោះ ពពួកដំណាំទាំងនេះ មិនអំណោយផលល្អឡើយ សម្រាប់ការដាំដុះនៅតំបន់វាលរាប នៅក្នុងរដូវវស្សានោះ។
 
ដោយឡែកនៅតំបន់វាលទំនាប ដែលច្រើនសន្ធឹងតាមបណ្ដោយមាត់ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។ តំបន់នេះ លិចទឹកនៅរដូវវស្សា ដោយជំនន់ទន្លេមេគង្គ ហើយបានបន្ថែមនូវជីវជាតិដី ក្នុងតំបន់នេះដែរ។ ជាទូទៅ ការដំាដំណាំបន្លែក្នុងសួន ក្នុងតំបន់នេះ ច្រើនតែប្រកបបាននៅរដូវទឹកស្រក គឺចន្លោះពីខែតុលា ដល់ខែមីនាឆ្នាំបន្ទាប់។ កសិករ អាចដំាបាន ស្ទើរគ្រប់បន្លែ ទាំងអាយុកាលវែង និងខ្លី ប៉ុន្តែតម្រូវឱ្យមានការស្រោចស្រពទឹក ជាប់ជាប្រចាំ។ បន្លែ ដំណាំ ដែលអាចដាំបាន រួមមានតាសក់ស្រូវ តាសក់ផ្អរ សណ្ដែកទ្រើង (សណ្ដែកកួរ) ត្រប់ ជីរគ្រប់មុខ វល្លិជន្លង់ ម្រះ ត្រឡាច ឃ្លោក ល្ពៅ ស្លឹកបាស ម្ទេស (ប្រមូលស្លឹក និងផ្លែ) ននោងសាញ ននោងជ្រុង ននោងទេស និងប្រភេទបន្លែផ្សេងៗទៀត៕
 

Tag:
 កសិកម្ម
  ដំាបន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com