COVID-19
ជាតិ
អ្នកនាំពាក្យ បំភ្លឺថា ស្រ្តីខ្មែរអាយុ៤៣ឆ្នាំ ស្លាប់ដោយសារបាត់បង់ឈាមច្រើន មិនមែនដោយសារជំងឺកូវីដ-១៩ឡើយ
27, Mar 2021 , 4:05 pm        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ជុំវិញស្រ្តីខ្មែរអាយុ៤៣ឆ្នាំ ដែលផ្ទុកជំងឺកូវីដ-១៩ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អ្នកស្រី បំភ្លឺថា ស្រ្តីខ្មែរអាយុ៤៣ឆ្នាំរូបនោះ ពិតជាមានជំងឺកូវីដ-១៩មែន តែមិនមែនស្លាប់ដោយសារការវាយលុកពីជំងឺកូវីដ-១៩នោះទេ គឺស្លាប់ដោយសារបាត់បង់ឈាមច្រើន។



សេចក្តីប្រកាសព័ត៌មានរបស់អ្នកស្រី ឱ វណ្ណឌីន នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ស្រ្តីខ្មែររូបនោះ ហូរឈាមរដូវច្រើន និងមានជំងឺក្រពះរ៉ាំរ៉ៃ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលថ្ងៃទី២០ ខែមីនា។ សេចក្តីប្រកាសព័ត៌មាន បន្តថា នៅថ្ងៃទី២៤ ខែមីនា ក្រុមគ្រូពេទ្យ បានយកសំណាករបស់ស្រ្តីខ្មែររូបនោះ ទៅធ្វើតេស្ត ហើយលទ្ធផល ដែលបង្ហាញ នៅថ្ងៃទី២៧ ខែមីនា គឺវិជ្ជមានជំងឺកូវីដ-១៩។

អ្នកស្រី ឱ វណ្ណឌីន អះអាងថា ស្ត្រីខ្មែររូបនោះ មានសភាពធ្ងន់ធ្ងរ ដោយហូរឈាមក្រពះយ៉ាងច្រើន បូករួមទាំងហូរឈាមរដូវខ្លាំងផងដែរ ហើយក៏ស្លាប់ នៅម៉ោង៤កន្លះរសៀល ថ្ងៃទី២៦ ខែមីនា។ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បញ្ជាក់ថា៖«ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ [គឺ] ស្រ្តីជនជាតិខ្មែរអាយុ៤៣ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិត ដោយសារបណ្តាលមកពីការបាត់បង់ឈាមច្រើនយ៉ាងគំហុក មិនមែនដោយសារជំងឺកូវីដ-១៩ទេ»។

មុនអ្នកស្រី ឱ វណ្ណឌីន ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ សារព័ត៌មានមួយចំនួន ចុះផ្សាយ កាលពីព្រឹកថា ស្រ្តីខ្មែររូបនោះ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយយោងតាមសម្តីរបស់អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ចំណែក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានផ្សាយលើទំព័រហ្វេសប៊ុកដែរថា ស្រ្តីខ្មែររូបនោះ ស្លាប់ដោយសារជំងឺកូវីដ-១៩។

គិតមកដល់ថ្ងៃទី២៧ ខែមីនានេះ កម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៨នាក់ ដោយក្នុងនោះ ខ្មែរ៧នាក់ និងចិនម្នាក់៕

Tag:
 COVID-19
  ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com