ជាតិ
ស្ករត្នោតខេត្តកំពង់ស្ពឺ មានតម្លៃទាបជាងឆ្នាំមុន
27, Mar 2021 , 8:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ជាង ១០ឆ្នាំមកហើយ ដែលសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ បានជួយឲ្យពលរដ្ឋ ១៥០គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ មានជីវភាពធូធារ។ ដ្បិតទីផ្សារស្ករត្នោត ខេត្តកំពង់ស្ពឺ មានទីផ្សារល្អ តម្លៃស្ករត្នោតឆ្នាំនេះបានធ្លាក់ចុះជាងឆ្នាំមុនបន្តិច។

 
ឆ្នាំនេះ ស្ករត្នោតខេត្តកំពង់ស្ពឺ នៅតែមានទីផ្សារល្អ ប៉ុន្តែតម្លៃវិញបានថយចុះជាងឆ្នាំមុន ព្រោះតែបញ្ហាកូវីដ-១៩។ បើតាមលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ ឆ្នាំនេះស្ករត្នោតកំពង់ស្ពឺ លក់បានតម្លៃ ៦ ៨០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំ២០២០ លក់បាន ៧ ០០០រៀល ក្នុងមួយគីឡូក្រាម។
 
បើទោះបីជាតម្លៃស្ករត្នោតឆ្នាំនេះធ្លាក់ចុះជាងឆ្នាំមុន ប៉ុន្តែស្ថិតក្នុងកម្រិតមួយដែលកសិករអាចទទួលយកបាន។ របរធ្វើស្ករត្នោត មិនមានផលវិបាក និងចំណាយពេលច្រើននោះទេ ដូច្នេះក្រៅពីជាអ្នកឡើងត្នោត កសិករអាចប្រកបរបរកសិកម្ម ឬរបរផ្សេងៗបាន។ អ្នកធ្វើស្ករត្នោតក្នុងសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ ភាគច្រើនមានអាយុចាប់ ៥០ឆ្នាំ ទៅ ៦០ឆ្នាំ។


 
ប្រធានសមាគមរូបនេះ លើកឡើងថា៖ «ស្ករត្នោតបានជួយជីវភាពពលរដ្ឋកំពង់ស្ពឺច្រើន បានធ្វើឲ្យជីវភាពកសិករប្រសើរ និងកាត់បន្ថយការធ្វើចំណាកស្រុក។ មានកសិករខ្លះអាចទទួលប្រាក់ចំណូល ៤ ទៅ ៥លានរៀល ក្នុងមួយរដូវ ធ្វើឲ្យពួកគាត់មិនចង់បោះបង់មុខរបរនេះ ទោះពួកគាត់មានវ័យចំណាស់ក៏ដោយ»។ នេះបើតាមការអះអាងរបស់លោក សំ សារឿន។
 
លោក សំ សារឿន បានរៀបរាប់ពីចំណុចសំខាន់មួយចំនួន ដែលធ្វើឲ្យស្ករត្នោត ខេត្តកំពង់ស្ពឺ មានភាពល្បីល្បាញ គឺមានរសជាតិឆ្ញាញ់ មានភាពសុទ្ធល្អ និងគ្មានសារធាតុលាយ។ ម្យ៉ាងទៀត ដោយសារលក្ខណៈភូមិសាស្រ្ត អំណោយផល ដែលមានជម្រៅដីខ្សាច់ប្រមាណ ៨តឹក និងដីគ្រួស នៅខាងក្រោម។
 
ដើម្បីក្លាយជាសមាជិកសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ កសិករត្រូវគោរពតាមគោលការណ៍របស់សមាគម ដែលបានកំណត់។ កសិករត្រូវកំណត់ពេល ត្រងទឹកត្នោត មិនឲ្យលើសពី ១៥ម៉ោង និងប្រើរយៈពេល ៣ម៉ោង ក្នុងការរម្ងាស់។ នេះបើតាមការបញ្ជាក់របស់លោកប្រធានសមាគម។
 
បច្ចុប្បន្នសមាជិកសមាគមម្នាក់អាចផលិតស្ករប្រមាណ ១៥ទៅ ៣០គីឡូក្រាម ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់លើទីផ្សារ។ ខណៈក្នុងឆ្នាំ២០២១នេះ មានក្រុមហ៊ុនពីក្រៅប្រទេសបានបញ្ជាទិញ ស្ករត្នោតខេត្តកំពង់ស្ពឺ ប្រមាណ ២០០តោន។
 
សូមបញ្ជាក់ថា សមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ (PGI) ពីសហភាពអ៊ឺរ៉ុប កាលពីឆ្នាំ២០១៩។ ការចុះបញ្ជីទទួលស្គាលភូមិសាស្ត្រនេះបានជួយឲ្យស្ករត្នោតខេត្តកំពង់ស្ពឺ ទទួលបានតម្លៃខ្ពស់ និងជួយពង្រីកទីផ្សារកាន់តែធំផងដែរ៕
 
 
 

Tag:
 ស្ករត្នោត
 កំពង់ស្ពឺ
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com