ជាតិ
សេដ្ឋកិច្ច
គម្រោងរោងចក្រអគ្គិសនីតម្លៃជិត១,៣ពាន់លានដុល្លារ នៅខេត្តព្រះសីហនុ ត្រូវបាន CDC អនុម័ត
× ភ្នំពេញ៖ ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd ត្រូវបានក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យបង្កើតរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម កាលពីថ្ងៃទី២៦មីនា ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ CDC ដោយបញ្ជាក់ថា គម្រោងរោងចក្រអគ្គិសនីនេះមានកម្លាំង ៧០០មេហ្គាវ៉ាត់ ដែលមានតម្លៃវិនិយោគសរុប១,២៨៣លានដុល្លារ។
គម្រោងរោងចក្រផលិតថាមពលអគ្គិសនីដោយធ្យូងថ្មរបស់ខាងលើនេះ គឺជាការវិនិយោគរួមជាមួយក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) ដោយសាងសង់លើផ្ទៃដីជិត៥៥ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទី១ នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ CDC បានឲ្យដឹងថា គម្រោងរោងចក្រនេះ នឹងបង្កើតការងារជូនពលរដ្ឋបានជាង៥០០កន្លែង។
ផែនការគម្រោងនេះ នឹងធ្វើឡើងជា២ដំណាក់កាល ដោយដំណាក់កាលនីមួយៗមានកម្លាំង ៣៥០ មេហ្គាវ៉ាត់។ ដំណាក់កាលទី ១ រំពឹងថាអាចដាក់បញ្ចូលក្នុងបណ្តាញជាតិ នាឆ្នាំ២០២៣៕
Tag:
រោងចក្រ
អគ្គិសនី
ព្រះសីហនុ
CDC
© រក្សាសិទ្ធិដោយ thmeythmey.com