COVID-19
ជាតិ
សុខភាព
ករណីទី៩៖ ស្រ្តីខ្មែរអាយុ៧២ ស្លាប់ដោយសារជំងឺកូវីដ-១៩ ក្រោយចូលព្យាបាលបានប្រមាណ៧ម៉ោង
27, Mar 2021 , 8:33 pm        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ពលរដ្ឋខ្មែរម្នាក់ទៀត គឺស្រ្តីវ័យ៧២ឆ្នាំ បានបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ក្រោយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបានប្រមាណ៧ម៉ោង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។



អ្នកស្រី ឱ វណ្ណឌីន សរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា ស្រ្តីខ្មែរអាយុ៧២ឆ្នាំរូបនោះ មានអាសយដ្ឋាន នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅម៉ោងជិត៨ព្រឹក ថ្ងៃទី២៧ ខែមីនានេះ ហើយបន្ទាប់មកក្រុមគ្រូពេទ្យ បានយកសំណាករបស់គាត់ទៅធ្វើតេស្ត ដោយលទ្ធផលដែលបង្ហាញ គឺគាត់ មានវិជ្ជមានជំងឺកូវីដ-១៩។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យដដែល ក្រុមគ្រូពេទ្យ បានបន្តបញ្ជូនអ្នកជំងឺកូវីដ-១៩រូបនោះ ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅម៉ោងជិត១១កន្លះថ្ងៃត្រង់ ហើយដោយសារសុខភាពរបស់គាត់ មានសភាពកាន់តែធ្ងន់ធ្ងរ គាត់ ក៏បានទទួលមរណភាព នៅម៉ោងជិត២រសៀល នាថ្ងៃទី២៧ ខែមីនានេះ។

អ្នកនាំពាក្យ បញ្ជាក់ថា៖«ស្រ្តីខ្មែរអាយុ៧២ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិត បណ្តាលមកពីការវ៉ៃលុករបស់វីរុសកូវីដ-១៩ ធ្វើឲ្យវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាល់»។

មរណភាពរបស់ស្ត្រីអាយុ៧២ឆ្នាំខាងលើ គឺជាករណីទី៩ នៅកម្ពុជា។ ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង៩នាក់ គឺមានពលរដ្ឋខ្មែរ៨នាក់ (ស្រ្តី៣នាក់) និងបុរសជនជាតិចិនម្នាក់៕
 

Tag:
 COVID-19
  ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com