COVID-19
កំណាព្យ
ជាតិ
កំណាព្យ៖ វ៉ាក់សាំងអាវក្រោះការពារ
28, Mar 2021 , 9:18 am        
រូបភាព
ដោយ លោក ម៉ៅ ហុង

បទពាក្យ៨



១. វេលាដល់ហើយ កុំឡើយប្រមាទ
ថែខ្លួនសង្វាត ចិត្តស្អាតការពារ
កូវីដ អង់អាច កំណាចយក្សមារ
សហការគ្នា ចៀសវាឱ្យបាន ។

២. ឫទ្ធិកូរ៉ូណា ឫស្យាល្បាញល្បី
ពេញភពផែនដី អប្រិយសាមាន្យ
ចូលសួតយាយី រូងសុីអង្គប្រាណ
រស់នៅពុំបាន រុញច្រានឱ្យក្ស័យ ។

៣. កូវីដ ជំងឺ  លេចឮពាសវាល
សម្លាប់រង្គាល រោលរាលពេកក្រៃ
វីរុសឧក្រិដ្ឋ តាមកិតយប់ថ្ងៃ
ឃាតកចង្រៃ ប្រល័យប្អូនបង ។

៤. ទោះនៅគេហា ចិន្តាត្រជាក់
កុំបណ្តោយធ្លាក់ អន្ទាក់ចម្លង
ព្រោះការភ័យខ្លាច រោគកាចនាំឆ្លង
ជឿជាក់ផុតហ្មង បំណងយើងគាត់ ។

៥. ទោះមានវ៉ាក់សាំង ប្រឆាំងវីរុស
មេរោគទាំងនោះ រងគ្រោះពេលភ្លាត់
តែហ៊ានភ្លេចខ្លួន រុកកួនចូលព័ទ្ធ
ឱ្យយើងប្រាស់ព្រាត់ ពង្រាត់គ្រួសារ ។

៦. សូមប្រុងប្រយ័ត្ន វិបត្តិលាក់មុខ
ក្តៅជាងភ្លើងគុក រងទុក្ខខ្លោចផ្សា
កុំចេះតែហ៊ាន បំពានមាត្រា
ក្រសួងសុខា ចែងចារប្រកាស។

៧. វ៉ាក់សាំងការពារ រោគានឹងស្រុត
ថ្នាំទិព្វឱសថ ឆាប់ឆុតជួយផ្សះ
អាវក្រោះប្រឆាំង នឹងខ្មាំងក្រែលក្រាស់
វីរុសថ្មីខ្លះ លែងផ្ដាសឈោងឈាន។

៨. ប្រសាសន៍ឧត្តម បីកុំជួបជុំ
នៅពួនទ្រនំ ទុក្ខធំពុំមាន
កុំហូបអាហារ ហួសការស្រេកឃ្លាន
កូវីដរុករាន បើហ៊ានម្ហូបឆៅ ។

៩. ពីរដកខ្លួនស្និទ្ធ ជីវិតស្រស់ស្រាយ
មិត្រភក្តិទាំងឡាយ សប្បាយខាងក្រៅ
មួយទៀតពាក់ម៉ាស់ត្រូវច្បាស់កុំខ្លៅ
ប្រើផឹកទឹកក្តៅ កម្តៅខ្លួនប្រាណ ។

១០. សាប៊ូលាងដៃ យប់ថ្ងៃកុំភ្លេច
ជាប់ខ្លួនជានិច្ច ជាពេជ្រភ្លឺថ្កាន
អាកុលសម្លាប់ រោគស្លាប់ស្ងាត់ឋាន
កូវីដក្ស័យប្រាណ លែងបាននៅជិត ។

១១. អនាម័យស្អាត សម្អាតប្រឹងប្រែង
សព្វគ្រប់កន្លែង ចាំងចែងល្អពិត
តាមការណែនាំ ថែទាំជីវិត
ពេទ្យផ្តល់គំនិត  រឹងរឹតធានា ។

១២. ទោះរោគខ្លាំងក្លា ប្រាជ្ញាយើងជាក់
មានរឿងកុំលាក់ ពឹងពាក់រាល់គ្នា
ចេះរួមកម្លាំង តតាំងគ្រប់គ្រា
កូវីដ ចិត្តមារ ស្មារលាលោកិយ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com