អន្តរជាតិ
ប្រមុខកងទ័ព១២ប្រទេស ថ្កោលទោសការហិង្សារបស់យោធាមីយ៉ាន់ម៉ាលើជនស៊ីវិល
28, Mar 2021 , 11:58 am        
រូបភាព
ប្រមុខកងទ័ពមកពីប្រទេសចំនួន១២ មានអាមេរិក និងអង់គ្លេសជាដើម នៅថ្ងៃទី២៧ ខែមីនា បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយបានថ្កោលទោសយោធាមីយ៉ាន់ម៉ាដែលប្រើកម្លាំងហិង្សាបង្រ្កាបជនស៊ីវិលដែលតវ៉ាប្រឆាំងរដ្ឋប្រហារក្នុងប្រទេស។ មេទ័ពកំពូលៗទាំង១២ប្រទេស ទទូចឱ្យយោធាមីយ៉ាន់ម៉ាផ្លាស់ប្ដូរទង្វើរបស់ខ្លួនឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងដើម្បីស្ដារមុខមាត់យោធារបស់ខ្លួនឡើងវិញ។

 
អំពើហិង្សាលើបាតុករមីយ៉ាន់ម៉ាពីសំណាក់យោធាប្រទេសនេះ ធ្វើឱ្យប្រមុខកងទ័ពប្រទេសចំនួន១២ មកពីអាស៊ី អាមេរិក និងអឺរ៉ុបចេញសេចក្ដីថ្លែងការណ៍រួមដ៏កម្រមានមួយ។ អគ្គមេបញ្ជាការកងទ័ពអូស្ត្រាលី កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក ហូឡង់ កូរ៉េខាងត្បូង អ៊ីតាលី ជប៉ុន នូវែលសេឡង់ ចក្រភពអង់គ្លេស និងអាមេរិក បានរួមគ្នាថ្កោលទោសសកម្មភាពឃោរឃៅរបស់យោធាមីយ៉ាន់ម៉ាលើបាតុករស៊ីវិល។  
 
«ជាអគ្គមេបញ្ជាការកងទ័ព យើងថ្កោលទោសការប្រើកម្លាំងឃោរឃៅលើប្រជាជនគ្មានអាវុធពីសំណាក់យោធាមីយ៉ាន់ម៉ា និងកម្លាំងសន្តិសុខក្រោមចំណុះ។ យោធាមានវិជ្ជាជីវៈ ត្រូវអនុវត្តតាមបទដ្ឋានអន្តរជាតិ និងទទួលខុសត្រូវការពារ មិនមែនធ្វើបាបប្រជាជនដែលខ្លួនបម្រើ។» នេះជាសេចក្ដីថ្លែងការណ៍រួមរបស់ប្រមុខកងទ័ពទាំង១២ប្រទេស ដែលបានស្នើឱ្យកងទ័ពមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា និងស្ដារមុខមាត់ដែលបាត់បង់ដោយសកម្មភាពរបស់ខ្លួនឡើងវិញ។
 
យ៉ាងណាមិញ ក្នុងសេចក្ដីថ្លែងការណ៍រួមនេះ មេទ័ពកំពូលរបស់ប្រទេស១២ខាងលើ មិនបាននិយាយដល់រដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈឡើយ។ សេចក្ដីថ្លែងការណ៍នេះ ក៏ចេញក្រោយមនុស្សយ៉ាងហោចណាស់១១៤នាក់ ស្លាប់ការបង្ក្រាបរបស់កម្លាំងសន្តិសុខនៅថ្ងៃទី២៧ ខែមីនា ដែលជាទិវាកងទ័ពដ៏សំខាន់ផងនោះ។ នេះជាថ្ងៃបង្ហូរឈាមបំផុតមួយនៅមីយ៉ាន់ម៉ាតាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់បក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យមក។
 
បច្ចុប្បន្ន របបសឹកមួយនេះ ក៏កំពុងរងសម្ពាធខ្លាំងពីអន្តរជាតិ ខណៈមេដឹកនាំជាច្រើននាក់រាប់ទាំងអគ្គមេបញ្ជាការកងទ័ព ឧត្តសេនីយ៍ មីន អ៊ុងឡាំង ផង ស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក និងអង់គ្លេស។ ប្រទេសខ្លះក៏ផ្អាកទំនាក់ទំនងផ្នែកកងទ័ពដូចជានូវែលសេឡង់ និងកូរ៉េខាងត្បូងជាដើម៕
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com