COVID-19
ជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំអាជ្ញាធរឲ្យសហការជាមួយក្រសួងសុខាភិបាល លើការពិន័យអ្នកមិនពាក់ម៉ាស់ និងមិនរក្សាគម្លាត
28, Mar 2021 , 1:37 pm        
រូបភាព
ភ្នំពេញ៖  សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅអាជ្ញាធរមូលដ្ឋាន ឲ្យចូលរួមសហការជាមួយក្រសួងសុខាភិបាល ក្នុងអនុវត្តការផាកពិន័យប្រាក់ ចំពោះបុគ្គលដែលមិនពាក់ម៉ាស និងមិនរក្សាគម្លាតសុវត្ថិភាព (១ម៉ែត្រកន្លះ) នៅតាមភូមិសាស្រ្ត ដែលក្រសួងសុខាភិបាល បានកំណត់។



តាមរយៈលិខិត ផ្ញើទៅអភិបាលរាជធានី-ខេត្ត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា៖«នៅក្នុងការចាត់ចែងអនុវត្តការងារជាក់ស្តែង បើមានជួបការលំបាកឬបញ្ហាប្រឈមណាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវរាយការណ៍ជូនក្រសួងសុខាភិបាលនិងចម្លងជូនក្រសួងមហាផ្ទៃ។

ក្រសួងសុខាភិបាល បានកំណត់ឲ្យប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តព្រះសីហនុ និង ខេត្តសៀមរាប ជាប់កាតព្វកិច្ចពាក់ម៉ាស់និងរក្សាគម្លាត។ មានន័យថា បើប្រជាពលរដ្ឋក្នុងរាជធានី-ខេត្តទាំង៥នេះ មិនពាក់ម៉ាស់និងមិនរក្សាគម្លាត នៅទីសាធារណៈឬទីកន្លែងដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ នឹងទទួលទណ្ឌកម្ម ដូចមានចែងក្នុងអនុក្រឹត្យលេខ៣៧ អនក្រ.កប ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។

ផ្អែកតាមអនុក្រឹត្យលេខ៣៧ អនក្រ.កប បុគ្គល មិនពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាព នៅក្នុងភូមិសាស្រ្ត ដែលក្រសួងសុខាភិបាលកំណត់ នឹងត្រូវព្រមាន ហើយក្រោយពីព្រមានរួច បើនៅតែមិនពាក់ម៉ាស់ ឬមិនរក្សាគម្លាតសុវត្ថិភាពទៀត នឹងត្រូវពិន័យប្រាក់ពី២សែនរៀលដល់១លានរៀល។ អនុក្រឹត្យលេខ៣៧ អនក្រ.កប កំណត់ថា អ្នកដែលមានសមត្ថកិច្ច ព្រមាននិងផាកពិន័យ គឺជាមន្រ្តីក្រសួងសុខាភិបាល៕

Tag:
 COVID-19
  ពាក់ម៉ាស់
  រក្សាគម្លាត
  ពិន័យប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com