កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo មិនអស់ចិត្ត ក្រោយអាជ្ញាកណ្ដាលមិនឱ្យគ្រាប់ជ័យជម្នះដល់ព័រទុយហ្កាល់នាជំនួបទល់ស៊ែប៊ី
28, Mar 2021 , 3:04 pm        
រូបភាព
ដោយ៖ជា យូគៀង
 
ការប្រកួតជម្រុះ World Cup រវាងព័រទុយហ្កាល់ទល់នឹងស៊ែប៊ីនៅយប់ថ្ងៃទី២៧ ខែមីនា បានបញ្ចប់ដោយលទ្ធផល ២-២ ។ ភាពចម្រូងចម្រាស់ដោយសាអាជ្ញាកណ្តាលមិនផ្តល់បាល់មួយគ្រាប់ចុងម៉ោងទៅឱ្យព័រទុយហ្គាល់ធ្វើឱ្យកីឡាករឆ្នើម Cristiano Ronaldo ខកចិត្តខ្លាំងរហូតពោលពាក្យថា ព័រទុយហ្កាល់ត្រូវបានបំពានទៀតផង។



នាទី៩០បូកបីទៅហើយនោះ កីឡាករវ័យ៣៦ឆ្នាំ Cristiano Ronaldo បានប៉ុនប៉ងស៊ុតបញ្ចូលទីក្រុមស៊ែប៊ី ខណៈលទ្ធផលនៅពេលនោះនៅ២ទល់នឹង២ ។ ប៉ុន្តែខ្សែការពាររបស់ស៊ែប៊ីបានទាត់បាល់ចេញវិញ ខណៈបាល់នោះបានឆ្លងផុតខ្សែទីទៅហើយ។ អាជ្ញាកណ្ដាលលើទីលាន បដិសេធផ្ដល់បាល់មួយគ្រាប់នេះឱ្យព័រទុយហ្កាល់ ហើយពិន័យកាតលឿងដល់ Ronaldo ទៀតផង។
 
បើតាមវីដេអូពីការប្រកួត ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យរូបនេះ ខឹងនឹងអាជ្ញាកណ្ដាលយ៉ាងខ្លាំង រហូតដើរចេញពីទីលានទាំងការប្រកួតមិនទាន់ចប់ផង។ Ronaldo ថែមទាំងដោះស្លាកប្រធានក្រុមទម្លាក់ចោលទៅទៀត។ 
 
Ronaldo បានសរសេរលើ Instagram ដើម្បីពន្យល់ទង្វើរបស់ខ្លួន។ កីឡាកររូបនេះអះអាងថា រូបគេបពាក់ស្លាកប្រធានក្រុមព័រទុយហ្កាល់ដោយមោទនភាព ហើយការណ៍ដែលបោះចោលទៅដីនេះ ក៏ដោយសារតែកំហឹងព្រោះប្រជាជាតិទាំងមូលកំពុងត្រូវបំពាន។
 
«តំណែងប្រធានក្រុមព័រទុយហ្កាល់ ជាភាពដ៏អស្ចារ្យបំផុតមួយក្នុងជីវិតខ្ញុំ ហើយធ្វើឱ្យខ្ញុំពោរពេញដោយមោទនភាព។ ខ្ញុំតែងតែធ្វើគ្រប់យ៉ាង និងផ្តល់អ្វីគ្រប់យ៉ាងដល់ប្រទេសរបស់ខ្ញុំ ហើយវាមិនដែលប្រែប្រួលនោះទេ»។ Ronaldo បញ្ជាក់បែបនេះ មុនបន្តថា៖ «ប៉ុន្តែវាជាពេលវេលាមួយដ៏ពិបាកទទួលយក ជាពិសេសនៅពេលដែរយើងមានអារម្មណ៍ថា ប្រទេសទាំងមូលកំពុងតែរងគ្រោះ»។ 
 
 ព័រទុយហ្គាល់ នឹងត្រូវប្រកួតជម្រុះ World Cup ទល់នឹងក្រុមលុចសំបួនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ។ Ronaldo ក៏ឆ្លៀតដាស់តឿនដល់ក្រុមទាំងមូលឱ្យខិតខំឡើងវិញ៕
 

Tag:
 Cristiano Ronaldo
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com