COVID-19
ជាតិ
សុខភាព
ព្រឹត្តិការណ៍២០កុម្ភៈ អាចធ្វើឱ្យមនុស្សមួយចំនួន មានជំងឺផ្លូវចិត្ត ព្រោះបញ្ហាបំណុល គ្រួសារ ការងារ...
28, Mar 2021 , 3:59 pm        
រូបភាព
ការយកសំណាកទៅធ្វើតេស្តកន្លងមកនៅខេត្តសៀមរាប។ រូបថត Mey Sokharith
ការយកសំណាកទៅធ្វើតេស្តកន្លងមកនៅខេត្តសៀមរាប។ រូបថត Mey Sokharith
ភ្នំពេញ៖ ការកើតឡើងនៃវិបត្តិកូវីដ-១៩ ពិសេសគឺការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចេញពីរាជធានីភ្នំពេញ ហើយរាលដាលដល់ខេត្តផ្សេងៗ បានធ្វើឱ្យមនុស្សមួយចំនួនមានភាពតានតឹងចិត្តឬស្រ្តេស ព្រោះតែបញ្ហាបំណុល, បញ្ហាគ្រួសារ, បញ្ហាការងារ និង បញ្ហាសិក្សា ជាដើម។ អ្នកជំនាញប្រឹក្សាផ្លូវចិត្តនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អ្នកស្រី ស៊ុន សូលីដា បានលើកឡើងថា ការតានតឹងចិត្តលើបញ្ហាអស់ទាំងនេះ ដែលបណ្តាលមកពីព្រឹត្តិការណ៍២០កុម្ភៈ គឺអាចធ្វើឱ្យមនុស្សមួយចំនួនមានជំងឺផ្លូវចិត្ត និងឈានដល់គំនិតប៉ុនប៉ងសម្លាប់ខ្លួន។



 
ដើម្បីជ្រាបច្បាស់ សូមស្តាប់បទសម្ភាសរវាងអ្នកស្រី ស៊ុន សូលីដា អ្នកប្រឹក្សាប្រឹក្សាផ្លូវចិត្តនៃអង្គការTPO ជាមួយកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ តាមទូរសព្ទ ដូចតទៅ៖ 





 


បើតាមអ្នកស្រី ស៊ុន សូលីដា  ជុំវិញនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺបានកើតមានឡើងនូវកង្វល់ជាច្រើនមកលើមនុស្សដែលធ្វើឱ្យអ្នកទាំងនោះ មានការព្រួយបារម្ភនិងតានតឹងចិត្ត ដោយ មានអ្នកខ្លះទៀតក៏អាចមានឱកាសវិវត្តន៍ពីភាពតានតឹងចិត្តនេះ  ទៅជាជំងឺផ្លូវចិត្តមួយចំនួន។ ជាពិសេស កើតឡើងចំពោះអ្នកដែលមានបទពិសោធន៍វិបត្តិផ្លូវចិត្តកន្លងមក ដែលធ្វើឱ្យជំងឺផ្លូវចិត្តនេះ មានឱកាសរីកធំបន្ថែមទៀត។ 
 
ស្របពេលនឹងការរាតត្បាតដោយជំងឺកូវីដ-១៩នៅកម្ពុជា ឃើញមានវិបត្តិមួយចំនួនដែលចូលខ្លួនមករំខានផ្លូវចិត្តមនុស្សមួយចំនួន ដែលទាក់ទងនឹងបំណុលធនាគារ, វិបត្តិពេលវេលាមើលថែកូន ខណៈសាលារៀនមួយចំនួនបិទទ្វារ, វិបត្តិការងារជាដើម...។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey.com អ្នកស្រី ស៊ុន សូលីដា បាននិយាយដូច្នេះ៖« ស្របក្នុងពេលហ្នឹង ទាំងបញ្ហាជំងឺ[កូវីដ-១៩]ផង! ទាំងបញ្ហាបំណុលផង! ទាំងបញ្ហាបុគ្គលផ្ទាល់ផង! ដែលពីមុនអត់ទាន់បានដោះស្រោយ ហើយថែមទាំងវិបត្តិថ្មីមកទៀត ធ្វើឱ្យផ្លូវចិត្តយើងនៅពេលហ្នឹង គឺមានភាពផុយស្រួយមែនទែន។ អ៊ីចឹង! ឱកាសធ្វើឱ្យកើតមានជំងឺផ្លូវចិត្តនិងបាក់ទឹកចិត្តនោះ មានច្រើន»។ 
 
ក្នុងមួយសប្តាហ៍ៗនៃព្រឹត្តិការណ៍២០កុម្ភៈ មានមនុស្សមិនក្រោម១០០នាក់ទេ ដែលបានទាក់ទងមកអង្គការPTO ដើម្បីប្រឹក្សាស្វែងរកដំណោះស្រោយនៃបញ្ហានានា ដើម្បីបញ្ចៀសពីហានិភ័យជំងឺផ្លូវចិត្ត។ ក្នុងចំណោមអ្នកដែលបានរកសេវាប្រឹក្សាដោយឥតគិតថ្លៃពីអង្គការTPOនេះ  មានមួយចំនួនធំ គឺត្អូតត្អែរពីបញ្ហាបំណុល និងរឿងកូន។ អ្នកស្រី ស៊ុន សូលីដា បន្តអះអាងថា៖«ក្នុងចំណោម១០០ភាគរយនៃអ្នក ហៅ(Call)ចូលអង្គការTPO គឺមានរហូតទៅដល់ចន្លោះពី១០ទៅ១៥ភាគរយ មានបំណងចង់សម្លាប់ខ្លួនឯង ដោយសារតែវិបត្តិទាំងអស់ហ្នឹង»។ 


អ្នកស្រី ស៊ុន សូលីដា អ្នកប្រឹក្សាផ្លូវចិត្តនៃអង្គការTPO 

ដើម្បីជួយទប់ស្កាត់ ឬការពារខ្លួនកុំឱ្យមានភាពតានតឹងចិត្តឈានទៅដល់ជំងឺផ្លូវចិត្តនោះ អ្នកជំនាញប្រឹក្សាផ្លូវចិត្តរូបនេះ បានរៀបរាប់ ថា មនុស្សម្នាក់ៗត្រូវស្វែងយល់ពីខ្លួនឯងថា ការប៉ះទង្គិចផ្លូវចិត្តនោះបណ្តាលមកពីអ្វី និងស្គាល់ពីមូលហេតុឱ្យបានច្បាស់ ដូចជា៖ បញ្ហាបំណុល, កូន, ការងារ វិបត្តិគ្រួសារ ឬអំពើហិង្សាផ្សេងៗជាដើម ហើយ ត្រូវឱ្យអទិភាពនៃបញ្ហានីមួយៗក្នុងការដោះស្រោយ ដោយត្រូវកំណត់ថាបញ្ហាណាមួយចាំបាច់, បន្ទាន់ និងសំខាន់ ត្រូវដោះស្រោយមុន។
 
«បញ្ហាបំណុល សំខាន់ តែវាអត់ទាន់ចាំបាច់ឥឡូវទេ ព្រោះនៅមានពេលវេលាចចារជាមួយម្ចាស់បំណុល។ រឿងកូន ក៏សំខាន់ និងចំបាច់ដែរ ប៉ុន្តែវាអត់បន្ទាន់ទេ។ ប៉ុន្តែ អ្វីដែលសំខាន់ ចាំបាច់ និងបន្ទាន់ខ្លាំងជាងគេបំផុត ក្នុងការដោះស្រោយនោះ គឺខ្លួនឯង»។ អ្នកស្រី ស៊ុន សូលីដា លើកឡើងយ៉ាងដូច្នេះដោយបន្តថា៖«នៅពេលដែលខ្លួនឯងជាម្តាយ ឬជាឪពុក យើងត្រូវប្រឈមនឹងវិបត្តិទាំងអស់នោះ យើងត្រូវមើលថែខ្លួនឯង ថាតើធ្វើម្តេច ដើម្បីឱ្យអារម្មណ៍ផ្លូវចិត្តរបស់យើងរឹងមាំ ដែលយើងត្រូវប្រឈមមុខដោះស្រោយបញ្ហានោះ។  តែប្រសិនយើងអនុញ្ញាតឱ្យខ្លួនយើងផ្លូវចិត្តយើងលិចលង់ជាមួយបញ្ហាទាំងអស់នោះ អ៊ីចឹងអ្នកគ្រប់គ្នានៅក្បែរយើងនឹងជួបហានិភ័យទាំងអស់គ្នា»។
 
នាអំឡុងពេលរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា អ្នកស្រី ស៊ុន សូលីដា បានអំពាវនាវ ក៏ដូចលើកចិត្តដល់ពលរដ្ឋគ្រប់រូបឱ្យថែទាំខ្លួន ព្រោះវាពិតជាមានសារៈសំខាន់ទាំងផ្លូវចិត្ត និង ផ្លូវកាយ។ អ្នកប្រឹក្សាផ្លូវចិត្តរូបនេះ លើកឡើងថា ចំពោះឪពុកម្តាយ ឬអាណាព្យាបាលត្រូវយកចិត្តទុកដាក់កិច្ចការប្រចាំថ្ងៃ និងរក្សាទម្លាប់រស់នៅល្អ ទាំងការបិរភោគ គេង និង ធ្វើលំហាត់ប្រាណ ជាដើម ដើម្បីឱ្យសរីរាង្គរាងកាយរឹងមាំ និងអារម្មណ៍ស្រស់ថ្លា។ ក្រៅពីនេះ ក៏ត្រូវ បង្កើន ភាពសិទ្ធិស្នាល ជាមួយក្រុមគ្រួសារ។ ពិសេសជាមួយកូនៗ ដោយឱ្យកូនៗរបស់លោក-អ្នក ចូលរួមសកម្មភាពនានា របស់ឪពុកម្តាយឬ ឪពុកម្តាយចូលរួមសកម្មភាពរបស់កូន ដើម្បីចៀសវាងការប្រើទូរសព្ទលើសលុប។
 
បន្ថែមពីនេះ ឪពុកម្តាយត្រូវបង្កើតបរិយាកាសកម្សាន្តនិងភាពរីករាយនានាជាមួយកូនៗ ផងដែរ។ ជាមួយគ្នានេះ អ្នកស្រី ស៊ុន សូលីដា បាននិយាយប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ៖«ការយកចិត្តទុកដាក់ និងមើលថែទាំខ្លួនឯងឱ្យល្អជាមុន ទើបយើងអាចផ្តល់ការមើលថែទាំដ៏ល្អ ដល់មនុស្សជាទីស្រលាញ់របស់យើងបាន។ ជាពិសេសកូនៗ ពីព្រោះ ពួកគាត់ ងាយរងសម្ពាធផ្លូវចិត្តឬឥទ្ធិពលអារម្មណ៍ពីមនុស្សពេញវ័យ ឬពីឪពុកម្តាយ»។
 
អ្នកជំនាញរូបនេះ បានបញ្ជាក់ថា ការស្វែងរកការគាំទ្រផ្លូវចិត្ត មិនជាសញ្ញាបង្ហាញថា អ្នកជាមនុស្ស វិកលចរិត ឬឆ្កួតទេ។ ផ្ទុយទៅវិញ ការស្វែងរកការគាំទ្រផ្លូវចិត្តនេះ គឺជាការស្វែងរកការជួយប្រកបដោយវិជ្ជាជីវៈ, ជួយពង្រឹងអារម្មណ៍ស្មារតី និងពង្រឹងសមត្ថភាពរបស់បុគ្គលម្នាក់ ក្នុងការដោះស្រាយ វិបត្តិផ្ទាល់ខ្លួនប្រកបដោយគុណភាព និងការពេញចិត្ត៕
 

Tag:
 COVID-19
  ជំងឺផ្លូវចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com