អន្តរជាតិ
អាមេរិកនិងកាណាដាមិនសប្បាយចិត្ត ក្រោយចិនដាក់ទណ្ឌកម្មតបវិញពាក់ព័ន្ធសំណុំរឿងស៊ីនជាំង
28, Mar 2021 , 6:59 pm        
រូបភាព
នៅថ្ងៃទី២៧ ខែមីនា អាមេរិក និងកាណាដាបង្ហាញការមិនសប្បាយចិត្ត ក្រោយរដ្ឋាភិបាលប៉េកាំងប្រកាសទណ្ឌកម្មតបវិញពាក់ព័ន្ធសំណុំរឿងបំពានសិទ្ធិមនុស្សនៅស៊ីនជាំង។ អាមេរិក និងកាណាដា បូករួមសហភាពអឺរ៉ុប និងអង់គ្លេសផង បានដាក់ទណ្ឌកម្មលើមន្ត្រីចិននៅខេត្តស៊ីនជាំងនៅដើមសប្ដាហ៍នេះក្រោមហេតុផលថា ទទួលខុសត្រូវលើការធ្វើទុក្ខបុកម្នេញជនភាគតិចវីហ្គ័រនៅខេត្តភាគខាងលិចមួយនេះ។ 

 
ក្រសួងការបរទេសចិន នៅយប់ថ្ងៃទី២៧ ខែមីនា ប្រកាសដាក់ទណ្ឌកម្មលើជនជាតិអាមេរិកពីរនាក់ សមាជិកសភាកាណាដាម្នាក់ និងអង្គការតស៊ូមតិផ្នែកសិទ្ធិមនុស្សមួយ ក្រោយពួកគេរិះគន់បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ ពួកគេត្រូវហាមធ្វើដំណើរជាន់ទឹកចិន ហុងកុង និងម៉ាកាវ និងគ្មានសិទ្ធិរកស៊ីនៅចិន ហើយក្រុមហ៊ុនចិន និងជនជាតិចិន ក៏មិនអាចរកស៊ីអ្វីជាមួយពួកគេដែរ។
 
ទណ្ឌកម្មនេះ ត្រូវបានមើលឃើញថា ជាការឆ្លើយតបនឹងទណ្ឌកម្មដែលប្រកាសដោយអាមេរិក និងកាណាដាលើមន្ត្រីចិននៅខេត្តស៊ីនជាំងនៅដើមប្ដាហ៍នេះ។ សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសដែលដាក់ទណ្ឌកម្មលើសំណុំរឿងនេះដែរ ត្រូវបានរដ្ឋាភិបាលចិនចាត់វិធានការស្រដៀងគ្នានេះរួចមុនហើយដែរ។ ក្រសួងការបរទេសចិនអះអាងថា បុគ្គលដែលត្រូវទណ្ឌកម្ម ត្រូវបញ្ឈប់ការបំភ្លៃរឿងរ៉ាវទាក់ទងស៊ីនជាំង និងមិនត្រូវលូកលាន់កិច្ចការផ្ទៃក្នុងចិនគ្រប់ទម្រង់។
 
ភ្លាមៗ អាមេរិក និងកាណាដាក៏ចេញមកប្រតិកម្មវិញ។ រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន ចាត់ទុកទណ្ឌកម្មរបស់ចិនពេលនេះ ជាការបំបិទមាត់ការរិះគន់ និងជារឿងគ្មានមូលដ្ឋាន ហើយវានឹងធ្វើឱ្យសំណុំរឿងស៊ីនជាំងកាន់តែលេចត្រដែតជាងមុន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ប្ល៊ីងខិន អះអាងថា ការប៉ុនប៉ងរបស់ទីក្រុងប៉េកាំងដើម្បីបំបិទមាត់អ្នកនិយាយពីសិទ្ធិមនុស្ស នឹងរឹតតែធ្វើឱ្យអន្តរជាតិបង្កើនការយកចិត្តទុកដាក់លើបញ្ហានៅស៊ីនជាំង។
 
នាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ វិញ ហៅចំណាត់ការរបស់ប៉េកាំងជាការវាយប្រហារលើតម្លាភាព និងការបញ្ចេញមតិ។ ចំណែករដ្ឋមន្រ្តីការបរទេសកាណាដា Marc Garneau ចោទទីក្រុងប៉េកាំងថា កំពុងប្រើធម៌ក្ដៅដើម្បីតបទៅប្រទេសផ្សេង។
 
តាំងពីដើមមក ចិនទាត់ចោលការចោទប្រកាន់របស់ក្រុមលោកខាងលិចដែលចោទថា មានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅតំបន់ស្វយ័តស៊ីនជាំង។ របាយការណ៍នានាចង្អុលទៅរកកន្លែងឃុំឃាំងជាច្រើននៅតំបន់ភាគខាងលិចនេះ ដែលដាក់ជនភាគតិចវីហ្គ័រ និងជនភាគតិចផ្សេងទៀតប្រមាណមួយលាននាក់។ បេកាំងដែលពីដំបូងថាគ្មានកន្លែងរបៀបនេះនោះ បញ្ជាក់ថា វាជាទីតាំងបន្សាបមនោគមន៍ជ្រុលនិយម និងផ្ដល់អាជីពដល់ប្រជាជនប៉ុណ្ណោះ៕
 
 
 
 

Tag:
 អាមេរិក
  កាណាដា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com