អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិប្រចាំសប្តាហ៍
28, Mar 2021 , 8:19 pm        
រូបភាព
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានកើតឡើង។ ក្នុងសប្តាហ៍នេះ ទំនាក់ទំនងអាមេរិក និងចិន គឺប្រធានបទដ៏ក្តៅ ខណៈពេលបញ្ហាឧបទ្វីបកូរ៉េក៏សំខាន់ផងដែរ។ ស្របគ្នានេះ បញ្ហានយោបាយមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយ និងមានមនុស្សស្លាប់ជាបន្តបន្ទាប់។ ក្រៅពីនេះ បញ្ហាកូវីដ-១៩ នៅតែជាបន្តរាតត្បាល ក្នុងពេលប្រទេសជាច្រើនដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំង។

 
ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍៖ 
 
ថ្ងៃទី២២ ខែមីនា
 
នាយករដ្ឋមន្ត្រីឡាវ ថងលួន ស៊ីសូលីត ត្រូវបានសភាឡាវបោះឆ្នោតក្លាយជាប្រធានាធិបតីថ្មី។ លោក ថងលួន ជំនួសលោក ប៊ុនញ៉ាង វរាជិត ដែលចូលនិវត្តន៍។
 
រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប បានអនុម័តទណ្ឌកម្មលើមេដឹកនាំយោធាមីយ៉ាន់ម៉ាជាច្រើនរូប ដែលមានពាក់ព័ន្ធនឹងរដ្ឋប្រហារយោធានៅដើមខែកុម្ភៈ។ ជាមួយគ្នានេះ អាមេរិក សហភាពអឺរ៉ុប អង់គ្លេស និងកាណាដា ក៏បានដាក់ទណ្ឌកម្មលើមន្ត្រីចិនពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សតំបន់ស៊ីនជាំងផងដែរ។ 
 
ថ្ងៃទី២៣ ខែមីនា
 
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិអះអាងថា ជនភៀសខ្លួនចំនួន១៥នាក់ស្លាប់ ខណៈជាង៤០០នាក់ទៀត បានបាត់ខ្លួនក្នុងហេតុការណ៍ឆេះជំរំជនភៀសខ្លួន Balukhali នៅបង់ក្លាដែស។ 
 
អង្គការជួយសង្គ្រោះកុមារ បានអះអាងថា ក្មេងៗច្រើនជាង ២០នាក់បានបាត់បង់ជីវិត ដោយសារតែការបង្រ្កាបពីសំណាក់ក្រុមប៉ូលិសមីយ៉ាន់ម៉ា ខណៈក្មេង ១៧នាក់ផ្សេងទៀត នៅតែបន្តជាប់ឃុំ បើគិតចាប់តាំងពីរដ្ឋប្រហារយោធាមក។ 
 
ថ្ងៃទី២៤ ខែមីនា
 
រដ្ឋាភិបាលចិនបានចេញរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅអាមេរិកក្នុងឆ្នាំ២០២០។ ក្នុងរបាយការណ៍នេះ ចិនបន្លិចបញ្ហាជាច្រើនដែលអាមេរិកជួបប្រទះមានស្ថានការណ៍ជំងឺកូវីដ-១៩ ដែលមិនអាច គ្រប់គ្រងបាន អស្ថិរភាពនយោបាយ ជម្លោះរវាងជាតិសាសន៍ និងការបែងចែកសង្គម។
 
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្ល៊ីងខិន អះអាងថា អាមេរិកនឹងមិនបង្ខំឱ្យសម្ពន្ធមិត្តណាតូរបស់ខ្លួន ជ្រើសរើសការនៅខាងអាមេរិក ឬចិនឡើយ។ យ៉ាងណាក្តី ប្រមុខការបរទេសអាមេរិក ព្រមានថា ប្រទេសបស្ចិមលោកចាំបាច់ត្រូវបង្ហាញរបបផ្តាច់ការពីភាពឧត្តុង្គឧត្តមនៃលទ្ធិប្រជាធិបតេយ្យ។
 
ថ្ងៃទី២៥ ខែមីនា 
 
កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន ២គ្រាប់ជាថ្មី ទៅក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ក្នុងរយៈពេលតែ ៥ថ្ងៃប៉ុណ្ណោះ កូរ៉េខាងជើង បានបាញ់មីស៊ីលដល់ទៅ៤ គ្រាប់។ 
 
ប្រធានាធិបតីអាមេរិក ចូ បៃឌិន អះអាងថា លោកនឹងរារាំងមិនឱ្យចិនវ៉ាឈ្នះអាមេរិក និងក្លាយជា មហាអំណាច ដឹកនាំពិភពលោកឡើយ។ 
 
ថ្ងៃទី២៦ ខែមីនា 
 
កូរ៉េខាងជើង បានអះអាងថា មីស៊ីល ដែលបាញ់ទៅក្នុងសមុទ្រជប៉ុន គឺជាមីស៊ីលប្រដេញប្រភេទថ្មី ដែលត្រូវបានអភិវឌ្ឍជាថ្មី។ 
 
ក្រសួងការបរទេសចិន បញ្ជាក់ជំហរជាថ្មីរបស់ចិនដែលគ្មានចេតនាផ្ដួលអាមេរិកអ្វីឡើយ និងថា ការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ ជារឿងធម្មតាព្រោះផលប្រយោជន៍ប្រទេសទាំងពីរចាក់ស្រែះចូលគ្នា។ 
 
ថ្ងៃទី២៧ ខែមីនា
 
របបយោធាមីយ៉ាន់ម៉ា បានរៀបចំក្បួនព្យុហយាត្រាដ៏ធំមួយដើម្បីអបអរទិវាកងទ័ព ខណៈបាតុករ១៦នាក់ទៀត បានបាត់បង់ជីវិតក្នុងការតវ៉ាប្រឆាំងរបសឹក។ ប្រមុខកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រកាសជាថ្មីថា នឹងផ្ទេរអំណាចទៅអ្នកឈ្នះការបោះឆ្នោតដែលនឹងរៀបចំនៅពេលក្រោយ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com