ពីនេះ ពីនោះ
បើចង់បានជីវភាពធម្មតាមកវិញ ត្រូវចាក់វ៉ាក់សាំង
29, Mar 2021 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
ក្លើសុធីរ និងសំណាង ដណ្ដឹងសួរគ្នាអំពីអ្នកដែលមិនចាក់វ៉ាក់សាំង ហើយសំអាងត្រឹមថា ជាសិទ្ធិ ឬគោលការណ៍ស្ម័គ្រចិត្ត។ កល្យាណមិត្តទាំងពីរនេះ យល់ដូចគ្នាថា មានតែវ៉ាក់សាំងទេ ដែលនាំឱ្យជីវិតពីមុនឆ្នាំ២០២០ ត្រឡប់មកវិញ ទោះមិនដូចដើម ១០០ភាគរយ។


សំណាង៖ ទោះបីមានមនុស្សផ្អើលតម្រង់ជួរគ្នាកកកុញចាក់វ៉ាក់សាំងក៏ដោយ តែអញឃើញអ្នកខ្លះដូចនៅមិនទាន់ខ្វល់អីសោះ។ អ្នកខ្លះថា ចេះតែខ្ជិលទៅចាំចាប់លេខរង់ចាំ, អ្នកខ្លះថា ពុកម៉ែមិនឱ្យចាក់, អ្នកខ្លះថាខ្លាចសុវត្ថិភាព។ អញសសើរអ៊ំៗ ពូមីង ចាស់ៗ អ្នកខ្លះមិនមានកូនចៅជូនទៅផង ពួកគាត់ទៅរង់ចាំចាក់ថ្នាំតាំងពីម៉ោង៤ ម៉ោង៥ទៀបភ្លឺ។
 
សុធីរ៖ អញអត់យល់ដូចគ្នា។ អ្នកដែលមិនខ្វល់ខ្វាយរឿងចាក់វ៉ាក់សាំងទាំងនោះ ក៏ខ្លាចឆ្លងកូវីដដែរ។ ខ្លាចឆ្លងកូវីដ តែខ្ជិលចាក់ថ្នាំ ហើយអាងតែនិយាយចោលថា គោលការណ៍ស្ម័គ្រចិត្ត។ អញជឿថា ពាក្យគោលការណ៍ស្ម័គ្រចិត្តនេះ គឺជាពាក្យច្បាប់របស់សុខាភិបាល។ តែគោលគំនិតរដ្ឋាភិបាល គឺប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំង ទើបអាចជួយសម្រាលបន្ទុកសង្គម និងសេដ្ឋកិច្ចបាន។
 
សំណាង៖ អឺ អ្ហែងពន្យល់លម្អិតបន្តិចមក អញសុំថតសំឡេងអ្ហែង ផ្ញើទៅអ្នកផ្ទះអញផង។
 
សុធីរ៖ ទី១ អញនិយាយរឿង គោលការណ៍ស្ម័គ្រចិត្ត។ យើងត្រូវយល់ដោយស្មោះត្រង់ជាមួយគ្នាថា នេះជាវ៉ាក់សាំងថ្មីសន្លាងដែលក្រុមពេទ្យជំនាញព្យាយាមផលិត។ ឯងក៏ធ្លាប់រអ៊ូដែរឆ្នាំកន្លងទៅថា ពេលណាមានវ៉ាក់សាំង? សីលធម៌ពេទ្យគឺត្រូវសង្គ្រោះជីវិតមនុស្សជាការពិត តែពេទ្យក៏ត្រូវអាចចាកផុតពីការទទួលខុសត្រូវ តាមរយៈការស្ម័គ្រចិត្តរបស់អ្នកជំងឺ ឬគ្រួសារអ្នកជំងឺ ក្នុងករណីស្ថានភាពជំងឺធ្ងន់ធ្ងរដែរ។ វាជារឿងធម្មតា។ 
 
សំណាង៖ ចុះទី២?
 
សុធីរ៖ ទី២ គឺត្រូវចាក់វ៉ាក់សាំង បើយើងពិតជាគ្មានលេសថា ខ្ជិល និងមិនមានជំងឺដែលពេទ្យត្រូវហាម។ មើលនិន្នាការពិភពលោកទៅ! ពេលនេះប្រទេសណាក៏គេនិយាយអំពីការចាក់វ៉ាក់សាំងដែរ។ ប្រទេសនីមួយៗដណ្ដើមគ្នាទិញវ៉ាក់សាំង។ រដ្ឋាភិបាលកម្ពុជា ព្យាយាមទិញវ៉ាក់សាំងឱ្យបានច្រើនតាមតែអាចធ្វើបាន គឺមានបំណងចាក់វ៉ាក់សាំងបង្ការដល់ប្រជាជនខ្លួនហើយ។ បើយើងបានចាក់វ៉ាក់សាំងបង្ការ យើងមិនបារម្ភពីការវាយប្រហារពីវីរុស។ កាលណាយើងមានសុខភាពល្អ យើងអាចធ្វើការរកចំណូលចិញ្ចឹមគ្រួសារ។ យើងអាចធ្វើការបាន ក្រុមហ៊ុន សហគ្រាស វិស័យឯកជន វិស័យរដ្ឋដំណើរការឡើងវិញ ប្រទេសជាតិមិនជួបវិបត្តិសេដ្ឋកិច្ច ឬសង្គមធ្ងន់ធ្ងរទៀតទេ។
 
សំណាង៖ អញឃើញអ្នកខ្លះសរសេរលើហ្វេសប៊ុកថា ចាក់វ៉ាក់សាំងហើយក៏ឆ្លងមេរោគដែរ។
 
សុធី់រ៖ ការយល់ឃើញ គឺជាសិទ្ធិរបស់គេ។ ប៉ុន្តែអញថា បើគេគិតឱ្យជ្រៅ គ្រប់ជ្រុងជ្រោយជាងនេះ កុំឌឺដង ហើយស្វែងរកអានព័ត៌មានត្រឹមត្រូវឱ្យបានច្រើន ពិចារណាទទួលស្គាល់ការពិតខ្លះ ពួកគេនឹងទៅតម្រង់ជួរចាក់វ៉ាក់សាំង ដូចអ្ហែង និងអញពុំខាន។ 

សំណាង៖ មែនហើយអញដឹងតើ! មន្ត្រីសុខាភិបាលបានអប់រំហើយតើ ទោះបានចាក់វ៉ាក់សាំង ក៏ត្រូវតែប្រយ័ត្នការពារខ្លួនដែរ គ្រាន់តែថាយើងមានអារម្មណ៍នឹងន ជាងមុនខ្លះដែរ ត្រង់ថា ក្នុងខ្លួនយើងមានកងការពារដែលអាចជួយយើងបានខ្លះ។ បើមិនបានចាក់វ៉ាក់សាំងសោះ យើងដឹងតែប្រឈមនឹងវីរុស ១០០ភាគរយតែម្តង។ ឯងពន្យល់សមហេតុផល។ អញនឹកការជួបជុំគ្នាណាស់វើយ។ បន់ស្រន់ឱ្យស្ថានភាពមកធម្មតាវិញឱ្យបានឆាប់។ 

សុធីរ៖ ចាក់វ៉ាក់សាំង! 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com