អាមេរិក និងអឺរ៉ុប ចាត់ទុកទង្វើក្រុមយោធាមីយ៉ាន់ម៉ាជាអំពើយង់ឃ្នង
អន្តរជាតិ
អាមេរិក និងអឺរ៉ុប ចាត់ទុកទង្វើក្រុមយោធាមីយ៉ាន់ម៉ាជាអំពើយង់ឃ្នង
29, Mar 2021 , 11:51 am        
រូបភាព
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell នៅថ្ងៃទី២៨ ខែមីនា បានថ្កោលទោសរបបសឹកយោធា ដែលបានបាញ់សម្លាប់ក្រុមបាតុករប្រឆាំងនឹងក្រុមយោធាយ៉ាងសាហាវឃោឃៅ។ ក្រុមយោធា នៅថ្ងៃទី២៧ ខែមីនា កន្លងទៅ បានបាញ់សម្លាប់បាតុករមីយ៉ាន់ម៉ាយ៉ាងហោចណាស់ ១០៧នាក់ ដោយក្នុងនោះរួមមានទាំងកុមារផងដែរ។


 
ចាប់តាំងពីរដ្ឋប្រហារយោធាមក ក្រុមយោធាមីយ៉ាន់ម៉ា បានបង្រ្កាបក្រុមបាតុករតវ៉ានឹងរបបសឹកយ៉ាងខ្លាំង។ ជាចំនួនដ៏ច្រើនបំផុតចាប់តាំងពីដើមខែកុម្ភៈមក ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់ ១០៧នាក់។ មកទល់ពេលនេះ អ្នកស្លាប់បានកើនដល់ ៤២៩នាក់ និងមនុស្សជាច្រើនពាន់នាក់ត្រូវបានចាប់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Irrawady។ 
 
ទាក់ទិននឹងករណីស្លាប់ដ៏ច្រើនបែបនេះ អាមេរិកបានចេញមកថ្កោលទោសជាថ្មី។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋ Delaware លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បានលើកឡើងថា វាពិតជាអាក្រក់ណាស់។ «វាពិតជាសាហារយង់ឃ្នងណាស់ ដោយផ្អែកលើរបាយការណ៍ដែលខ្ញុំបានទទួល»។ លោកបៃឌិនបានលើកឡើងបែបនេះ ដោយបន្ថែមថា មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ដោយឥតប្រយោជន៍។
 
ស្របគ្នានោះដែរ សហភាពអឺរ៉ុប ក៏បានរិះគន់ករណីស្លាប់ចំថ្ងៃទិវាកងទ័ពនេះដែរ។ ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ លោក Josep Borrell ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានចាត់ទុកទង្វើរបស់យោធាមីយ៉ាន់ម៉ា គឺជារឿងមិនអាចទទួលយក ព្រោះរបបសឹក បានបាញ់សម្លាប់ប្រជាជនខ្លួនជាច្រើននាក់។ បើតាមលោកប្រធានគោលនយោបាយការបរទេស នៅខាងក្រៅនៃការប្រារព្ធទិវាកងទ័ព ក្រុមយោធាបានធ្វើរឿងគួរឱ្យតក់ស្លុត និងគួរឱ្យអាម៉ាស់យ៉ាងខ្លាំង។ 
 
គួររំលឹកថា ក្នុងទិវាកងទ័ពនេះ លោកឧត្តមសេនីយ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធា បានបញ្ជាក់ថា កងទ័ងមីយ៉ាន់ម៉ា នឹងការពារប្រទេស និងការពារប្រជាជន។ ប៉ុន្មានម៉ោងក្រោមសុន្ទរកថានោះ ក្រុមប៉ូលិស បានបាញ់បង្រ្កាបក្រុមបាតុកម្ម ដែលបានធ្វើនៅស្ទើតែទូទាំងប្រទេស។ 
 
កន្លងមក អាមេរិក និងអឺរ៉ុបធ្លាប់ដាក់ទណ្ឌកម្មលើក្រុមយោធា និងក្រុមហ៊ុនពាក់ព័ន្ធរួចហើយ ប៉ុន្តែរបបសឹកមីយ៉ាន់ម៉ា ហាក់មិនរអានឹងទណ្ឌកម្មឡើយ ហើយក៏មិនបន្ធូរបន្ថយសកម្មភាពរបស់ខ្លួនដែរ។ ក្រៅពីអាមេរិក និងអឺរ៉ុប នៅមានអង់គ្លេស និងកាណាដាថែមទៀត ដែលដាក់ទណ្ឌកម្ម។ 
 
សូមបញ្ជាក់ថា ដោយសារតែមានរដ្ឋប្រហារយោធា និងការបង្រ្កាបលើក្រុមបាតុករ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ បានភៀសខ្លួនទៅព្រំដែនដូចជា ឥណ្ឌា និងថៃជាដើម ដើម្បីស្វែងរកសុវត្ថិភាពផ្ទាល់ខ្លួន។ អ្នកភៀសខ្លួនទាំងនោះរួមមានក្រុមយុវជន ប៉ូលិស មេធាវី អ្នកសារព័ត៌មានជាដើម៕ 
 

Tag:
 អាមេរិក
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com