ជាតិ
សង្គមជាតិ
កុមារជាង២០០នាក់ផ្ទុកមេរោគអេដស៍នៅខេត្តបាត់ដំបងកំពុងត្រូវការជំនួយ
30, Mar 2021 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
បាត់ដំបង៖ ក្រុមការងារមនុស្សធម៌នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបងកំពុងរៀបចំកម្មវិធីគៀងគរថវិកាដើម្បីជួយឧបត្ថម្ភដល់កុមារដែលកំពុងផ្ទុកមេរោគអេដស៍ចំនួន២១១នាក់ ស្ថិតនៅក្នុងតំបន់មូលដ្ឋានសុខាភិបាលចំនួន៤ក្នុងនោះរួមមានខេត្តបាត់ដំបង ឃុំរការ ស្រុកមោងឫស្សី និងស្រុកសំពៅលូន ដែលកំពុងទទួលរងប៉ះពាល់ធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍មកលើជីវភាពរស់នៅ ការសិក្សា និងការថែទាំសុខភាពប្រចាំថ្ងៃរបស់ពួកគេ។


កន្លងមកកុមារទាំង២១១នាក់នេះបានជួបការលំបាក និងភាពខ្វះខាតយ៉ាងខ្លាំងនៅពេលពួកគេមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក។ នៅក្នុងអំឡុងពេលជាមួយគ្នានោះ ថវិកាជំនួយពីអង្គការដៃគូក៏ត្រូវបានកាត់បន្ថយ ជាពិសេស នៅក្នុងពេលដែលមានការរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។
 
លោកវេជ្ជបណ្ឌិត ស៊ូ សានិត អនុប្រធានមន្ទីរសុខាភិបាល និងជាអ្នកផ្តួចផ្តើមឱ្យមានកម្មវិធីសប្បុរសធម៍មួយនេះនឹងធ្វើការជួយឧបត្ថម្ភ អង្ករ១៥គីឡូ ម៉ាស់១ប្រអប់ សៀវភៅសរសេរ៥ក្បាល ប៊ិច៤ដើម ខ្មៅដៃ២ដើម សំលៀកបំពាក់២ឈុត នំចំណី មុង កន្ទេល ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងសាប៊ូម្សៅ ទៅកាន់កុមារដែលកំពុងផ្ទុកមេរោគអេដស៍ក្នុងតំបន់មូលដ្ឋានសុខាភិបាលចំនួន៤ខាងលើនេះ។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា៖«ការចូលរួមពីបងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសនៅក្នុងកម្មវិធីមនុស្សធម៍មួយនេះពិតជាមានតម្លៃក្រៃលែងក្នុងការជួយដោះស្រាយការលំបាកមួយគ្រាដល់កុមារដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ហើយក៏កំពុងទទួលរងផលប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ១៩កន្លងមកនេះដែរ»។ 
 
លោកបានបញ្ជាក់បន្ថែមដល់អាណាព្យាបាលកុមារទាំង២១១នាក់នេះឱ្យបានជ្រាបថា ជំនួយឧបត្ថម្ភនេះមិនមែនជារបបដែលជូនគ្រប់ពេលនោះទេ ប៉ុន្តែវាជាជំនួយសប្បុរសធម៍ដែលទទួលបានពីការគៀងគរថវិកាពីសប្បុរសជនដែលពួកគាត់មានសទ្ធារជ្រះថ្លាក្នុងការជួយដល់កុមារផ្ទុកមេរោគអេដស៍ដែលកំពុងត្រូវការជំនួយតែប៉ុណ្ណោះ ពិសេសក្នុងរដូវកាលកូវីដដែលមនុស្សភាគច្រើនកំពុងតែជួបប្រទះការលំបាក។ កន្លងមកក្រុមការងារនេះក៏ធ្លាប់បានទទួលជំនួយពីសប្បុរសជនដែលនៅក្រៅប្រទេសដោយផ្តោតលើការឧបត្ថម្ភថវិកាធ្វើដំណើរសំរាប់បងប្អូនអ្នកផ្ទុកមេរោគអេដស៍ក្រីក្រជួបការលំបាកមកមន្ទីរពេទ្យ ក្នុងអំឡុងពេលដែលការរង់ចាំថវិកាអនុវត្តគម្រោងរបស់អង្គការដៃគូពុំទាន់ត្រូវបានអនុម័តពីម្ចាស់ជំនួយ។
 
លោក លឹម គឹមសេង មន្ត្រីកម្មវិធីអេដស៍នៃគម្រោង EpiC អង្គការ FHI360 និងជាតំណាងឲ្យសមាជិកដែលបានចូលរួមផ្តួចផ្តើមកម្មវិធីសប្បុរសធម៍នេះបានសម្តែងនូវសេចក្តីដឹងគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស រួមទាំងសប្បុរសជនជា ជនបរទេសផងដែរដែលមានទឹកចិត្តជ្រះថ្លាចូលរួមជួយដល់កុមារដែលមានការលំបាកនេះ។
 
ក្រុមការងារមនុស្សធម៍ដឹកនាំដោយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលបាត់ដំបងគ្រោងនឹងធ្វើការចែកជូនឧបត្ថម្ភកុមារទាំងនោះនា ថ្ងៃទី១មេសា នៅមន្ទីរពេទ្យខេត្តបាត់ដំបង ថ្ងៃទី២មេសា នៅមន្ទីរពេទ្យបង្អែកឃុំរការ ថ្ងៃទី៦មេសា នៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី និងថ្ងៃទី៧មេសា នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន មុនរដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ គិតចាប់ពីថ្ងៃទី១៧ រហូតដល់ ថ្ងៃទី២៨ មីនា ២០២១ ក្រុមការងារមនុស្សធម៍ដើម្បីជួយដល់កុមារផ្ទុកមេរោគអេដស៍ក្រីក្រក្នុងខេត្តបាត់ដំបងបានទទួលថវិកាឧបត្ថម្ភពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសសរុបចំនួន ៤,៥៨៤ ដុល្លារ និង២,៧០៦,៥០០ រៀល និងសម្ភារមួយចំនួនទៀតពីអង្គការសង្គមស៊ីវិល។ 
 
ចំពោះសប្បុរសជនដែលមានបំណងចូលរួមក្នុងកម្មវិធីមនុស្សធម៍ដើម្បីជួយដល់កុមារផ្ទុកមេរោគអេដស៍ក្រីក្រក្នុងខេត្តបាត់ដំបង លោកអ្នកអាចចូលរួមបរិច្ចាកថវិកា និងសម្ភារ´តាមរយៈក្រុមការងារខាងក្រោម៖
 
លោក លឹម គឹមសេង ០១២ ៩៣ ៧៨ ៨២ (អេស៊ីលីដាទាន់ចិត្ត) / ABA: 500076073
លោក សាន ស៊ីណា ០៨៧ ២៤ ២៤ ៦៩ (អេស៊ីលីដាទាន់ចិត្ត) / ABA: 000828363
 
 
 

Tag:
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com