COVID-19
អន្តរជាតិ
ជោគជ័យលើយុទ្ធនាចាក់វ៉ាក់សាំង ធ្វើឱ្យអង់គ្លេសបន្ធូរបន្ថយការរឹតត្បិតជាបន្តបន្ទាប់
30, Mar 2021 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេសទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ រូបភាព៖ Xinhua
នាយករដ្ឋមន្រ្តីអង់គ្លេសទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ រូបភាព៖ Xinhua
បន្ទាប់ពីជោគជ័យលើយុទ្ធនាការចាក់វ៉ាក់សាំង អង់គ្លេសបានចាប់ផ្តើមបន្ធូរបន្ថយការ បិទប្រទេសជាបន្តបន្ទាប់ ស្របពេលករណីឆ្លងប្រចាំថ្ងៃក៏ធ្លាក់ចុះ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី បូរីស ចនសុន ក៏បានអំពាវនាវឱ្យប្រជាជននៅតែបន្តរក្សាគម្លាត រក្សាអនាម័យ និងពាក់ម៉ាស់ជាដើម។ អង់គ្លេស បានចាប់ផ្តើមការបន្ធូរបន្ថយការរឹតបន្តឹងក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២៩ ខែមីនា តទៅ។

 
នៅដើមខែមករាកន្លងមក ករណីឆ្លងប្រចាំថ្ងៃនៅអង់គ្លេស បានហក់ឡើងរហូតដល់ជាង ៦ម៉ឹនករណីឯណោះ ស្របពេលប្រទេសនៅតំបន់អឺរ៉ុបមួយនេះ កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ អង់គ្លេស បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេសនៅដើមខែធ្នូ ឆ្នាំ២០១៩ កន្លងមក។ 
 
យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយករណីឆ្លងនៅក្នុងប្រទេស។ នៅថ្ងៃទី២៩ ខែមីនា អង់គ្លេស ត្រូវបានរាយការណ៍មានករណីឆ្លងប្រចាំថ្ងៃជាង ៤ពាន់ករណីប៉ុណ្ណោះ។ ចំនួននេះ មានភាពដូចគ្នានឹងតួលេខ ដែលអង់គ្លេស រងការវាយប្រហាររលកឆ្លងលើកទីមួយ។ 
 
ជោគជ័យនៃការចាក់វ៉ាក់សាំងទូទាំប្រទេសនេះហើយ បានធ្វើឱ្យអង់គ្លេស បន្ធូរបន្ថយស្ថានភាពរឹតបន្តឹងដំណាក់កាលពីរនៅក្នុងប្រទេស ចាប់ពីថ្ងៃទី២៩ ខែមីនា។ ក្នុងការបន្ធូរបន្ថយដំណាក់កាលពីរនេះ អង់គ្លេសបានលើកចោលបម្រាមនៅផ្ទះដោយអនុញ្ញាតឱ្យប្រជាជនអាចជួបជុំបាន ៦នាក់ ឬពីរគ្រួសារ នៅក្នុងផ្ទះ ឬសួនច្បារ, ពិធីអាពាហ៍ពិពាហ៍ត្រូវបានអនុញ្ញាត និងឱ្យមនុស្សចូលបាន៦នាក់ ចំណែកមជ្ឈមណ្ឌលកីឡាដូចជា កន្លែងហែលទឹក, វាយកូនបាល់, និងកន្លែងវាយកូនហ្គោលជាដើម ត្រូវអនុញ្ញាតឱ្យបើកដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន DW។ 
 
យ៉ាងណាមិញ សកម្មភាពមួយចំនួន នៅតែបន្តហាមឃាត់ដដែល។ ការបរិភោគអាហារនៅតែបន្តហាមឃាត់ ឯហាងមិនចាំបាច់មួយចំនួន កន្លែងហាត់ប្រាណ, រោងភាពយន្ត, សារមន្ទីរមិនអនុញ្ញាតឱ្យបើកឡើយ។ លើសពីនេះ  ការធ្វើដំណើរលំហែកាយនៅបរទេសត្រូវហាមឃាត់ ហើយប្រជាជន ត្រូវបាន ស្នើឱ្យធ្វើការពីផ្ទះដដែល។ 
 
ទោះអង់គ្លេសឈានចូលដល់ការបន្ធូរបន្ថយក្នុងដំណាក់កាលទីពីរក្តី ប៉ុន្តែប្រមុខរដ្ឋាភិបាលអង់គ្លេស លោក បូរីស ចនសុន នៅតែបន្តឱ្យប្រជាជនគោរពការរក្សាគម្លាតសុវត្ថិភាព និងគោលការណ៍អនាម័យជាដើម។ លោកនាយករដ្ឋមន្រ្តីបានសាទរយ៉ាងខ្លាំងលើដំណាក់កាលពីរនៃការបន្ធូរបន្ថយនេះ ហើយលោកថែមទាំងព្រលយពាក្យថា អង់គ្លេសអាចនឹងលើកចោលការ រឹតត្បិតទាំងស្រុងនៅត្រឹមខែមិថុនា ស្របពេលការចាក់វ៉ាក់សាំងមានដំណើរការល្អ។
 
អង់គ្លេស បានបន្ធូរបន្ថយលើកទីមួយ នៅថ្ងៃទី៨ ខែមីនាមកម្លេះ។ ចំណែកការបន្ធូរបន្ថយដំណាក់កាលបី អាចនឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ប្រសិនបើ ករណីឆ្លងក្នុងប្រទេសស្ថិតនៅក្រោមការគ្រប់គ្រង។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ អង់គ្លេស បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩មួយដូសលើប្រជាជនអង់គ្លេស បានច្រើនជាង ៣០លាននាក់ហើយ និងច្រើនជាង ៣,៦លាននាក់ បានទទួលវ៉ាក់សាំងចំនួន ២ដូស។ ក្នុងមួយថ្ងៃអង់គ្លេសចាក់វ៉ាក់សាំងបានចំនួន ៣៥០០០០ដូស។ អង់គ្លេស បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងចំនួន ៣ប្រភេទ ក្នុងនោះមានដូចជា វ៉ាក់សាំងក្រុមហ៊ុន AstraZeneca, វ៉ាក់សាំងក្រុមហ៊ុន Pfizer និងវ៉ាក់សាំងក្រុមហ៊ុន Moderna ៕ 
 

Tag:
 អង់គ្លេស
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com