COVID-19
ជាតិ
អ្នកពាក់ព័ន្ធជំងឺកូវីដ-១៩ គួរស្ម័គ្រចិត្តបញ្ចេញអត្តសញ្ញាណជាសាធារណៈ?
30, Mar 2021 , 6:40 pm        
រូបភាព
កម្ពុជា អាចនឹងមានលទ្ធភាពយកឈ្នះជំងឺកូវីដ-១៩បានលឿន បើអ្នកពាក់ព័ន្ធ ពិសេសអ្នកជំងឺកូវីដ-១៩ ស្ម័គ្រចិត្តបញ្ចេញអត្តសញ្ញាណជាសាធារណៈ។



ពេលអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ពិសេសអ្នកផ្ទុកជំងឺកូវីដ-១៩ អ្នកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ និង អ្នកកំពុងធ្វើចត្តាឡីស័ក បង្ហាញអត្តសញ្ញាណជាសាធារណៈ អ្នកដទៃ នឹងបានដឹងថា ពួកគេ បានពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ដែរ ដូច្នេះ ពួកគេ នឹងទៅធ្វើតេស្តរកវីរុសកូវីដ-១៩ និងទៅធ្វើចត្តាឡីស័ក។ ពេលនោះ រដ្ឋាភិបាលកម្ពុជា នឹងមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការគ្រប់គ្រងការរាលជំងឺកូវីដ-១៩។

បច្ចុប្បន្ន ចំណាត់ការមួយ ក្នុងការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ គឺអាជ្ញាធរ ត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ អាជ្ញាធរ ត្រូវសួរព័ត៌មានពីអ្នកផ្ទុកជំងឺកូវីដ-១៩ អ្នកទៅធ្វើតេស្ត និង អ្នកធ្វើចត្តាឡីស័ក ដើម្បីដឹងថា ពួកគេ ទៅកន្លែងណា ធ្លាប់បានជួបអ្នកណាខ្លះ ហើយបន្ទាប់មក អាជ្ញាធរ ក៏បន្តរុករកអ្នកពាក់ព័ន្ធ យកទៅឃុំគ្រងនិងធ្វើតេស្តរកវីរុសកូវីដ-១៩។

ជួនកាល ទម្រាំតែរកឃើញអ្នកពាក់ព័ន្ធ គឺអ្នកពាក់ព័ន្ធទាំងនោះ បានទៅកន្លែងនេះ កន្លែងនោះ ទៅជួបអ្នកនេះ អ្នកនោះរួចបាត់ហើយ។ ម្យ៉ាងទៀត បើអ្នកពាក់ព័ន្ធទាំងនោះ ធ្វើតេស្តលទ្ធផលចេញមកវិជ្ជមានកូវីដ-១៩ អ៊ីចឹង លទ្ធភាពនៃការចម្លងទៅអ្នកដទៃ ក៏មានច្រើននិងកាន់តែខ្ពស់ដែរ។

ប៉ុន្តែ បើអ្នកពាក់ព័ន្ធ បានដឹងខ្លួនថា ពួកគេ ធ្លាប់ពាក់ព័ន្ធជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬ ធ្លាប់ពាក់ព័ន្ធជាមួយអ្នកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ពួកគេ នឹងប្រញាប់ទៅធ្វើតេស្តរកវីរុសជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក ដោយអាជ្ញាធរ មិនចាំបាច់ទៅរកពួកគេនោះទេ ហើយអាជ្ញាធរ ថែមទាំងអាចគ្រប់គ្រងអ្នកពាក់ព័ន្ធបានលឿនទៀតផង។

ជាទូទៅ អ្នកផ្ទុកជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ មិនហ៊ានបញ្ចេញអត្តសញ្ញាណ ព្រោះបារម្ភពីការរើសអើងលើពួកគេនិងគ្រួសាររបស់ពួកគេ។ ជាការពិត ប្រជាពលរដ្ឋ ត្រូវរក្សាគន្លាតពីគ្នានិងត្រូវពាក់ម៉ាស់ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ តែមិនត្រូវរើសអើង រហូតមិនហ៊ានទៅរាប់រកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ឬ ក្រុមគ្រួសាររបស់ពួកគេនោះទេ។

ផ្ទុយមកវិញ សាធារណជន គួរតែសរសើរចំពោះអ្នកផ្ទុកជំងឺកូវីដ-១៩ ឬអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលហ៊ានបញ្ចេញអត្តសញ្ញាណឲ្យអ្នកដទៃបានដឹង ដើម្បីឲ្យអ្នកដទៃ ប្រុងប្រយ័ត្នកាន់តែខ្ពស់ ក្នុងការពារខ្លួនពីជំងឺកូវីដ-១៩ ហើយប្រញាប់ប្រញាល់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័ក។

អ្នកផ្ទុកជំងឺកូវីដ-១៩ ឬអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ អាចមិនបញ្ចេញអត្តសញ្ញាណជាសាធារណៈ បើធ្លាប់ប្រព្រឹត្តអំពើគួរឲ្យខ្មាសអៀន ឬធ្លាប់ទៅកន្លែងគួរឲ្យខ្មាសអៀនណាមួយ ហើយក្រោយមកក៏ឆ្លងជំងឺកូវីដ-១៩។ តែពួកគេ នៅតែត្រូវផ្តល់ព័ត៌មានជូនអាជ្ញាធរថា ពួកគេ ធ្លាប់ទៅកន្លែងណានិងជួបអ្នកណា ដើម្បីអាជ្ញាធរ ទៅស្វែងរកអ្នកពាក់ព័ន្ធ។

កន្លងមក មានបុគ្គលសាធារណៈមួយចំនួន ដូចជា អ្នកចម្រៀង ជាដើម ស្ម័គ្រចិត្តបញ្ចេញអត្តសញ្ញាណនិងប្រកាសលើបណ្តាញសង្គម អំពីករណីពួកគេ ឆ្លងជំងឺកូវីដ-១៩។ ពេលអ្នកចម្រៀងនិងអ្នកសិល្បៈដូចគ្នា រួមទាំងអ្នកផ្សេងទៀត បានដឹងថា ធ្លាប់មានទំនាក់ទំនង ឬធ្លាប់ពាក់ព័ន្ធជាមួយអ្នកចម្រៀង ដែលផ្ទុកជំងឺកូវីដ-១៩នោះ ពួកគេ បាននាំគ្នាទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ក ដោយអាជ្ញាធរ មិនពិបាកក្នុងការស្រាវជ្រាវរកពួកគេឡើយ។ នេះ បញ្ជាក់ឲ្យឃើញថា ការ ដែលអ្នកផ្ទុកជំងឺកូវីដ-១៩ ឬអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បញ្ចេញអត្តសញ្ញាណជាសាធារណៈ គឺជាចំណុចដ៏សំខាន់ ក្នុងការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩។

យ៉ាងណា សាធារណជន បានដឹងពីអត្តសញ្ញាណរបស់អ្នកផ្ទុកជំងឺកូវីដ-១៩ តែមួយចំនួនតូចប៉ុណ្ណោះ ពីព្រោះ ជាទូទៅ អ្នក ដែលបញ្ចេញអត្តសញ្ញាណទាំងនោះ គឺជាបុគ្គលសាធារណៈ ដូចជា អ្នកចម្រៀង ជាដើម។ បើអ្នកផ្ទុកជំងឺកូវីដ-១៩ ផ្សេងទៀត ដែលជាប្រជាពលរដ្ឋទូទៅ ស្ម័គ្រចិត្តបញ្ចេញអត្តសញ្ញាណដែរនោះ អាជ្ញាធរ នឹងអាចគ្រប់គ្រងលើអ្នកពាក់ព័ន្ធបានកាន់ឆាប់រហ័ស ហើយការគ្រប់គ្រងជំងឺកូវីដ-១៩ គឺកាន់មានប្រសិទ្ធភាពខ្ពស់។

មានប្រជាពលរដ្ឋខ្លះ ដែលផ្ទុកជំងឺកូវីដ-១៩  ក៏បានស្ម័គ្រចិត្តបញ្ចេញអត្តសញ្ញាណរបស់ពួកគាត់ដែរ និងប្រាប់ព័ត៌មានរបស់ពួកគាត់ ដែលធ្លាប់ទៅកន្លែងនានា និងធ្លាប់មានទំនាក់ទំនងជាមួយអ្នកនោះឬអ្នកនោះ។ ជាក់ស្តែង នារីម្នាក់ ឈ្មោះ ចែត  ណារី វ័យ២៣ ឆ្នាំ បានប្រកាសលើគណនីហ្វេសប៊ុករបស់នាងថា នាង បានឆ្លងជំងឺកូវីដ-១៩។ នាង បានស្នើឲ្យអ្នកដែលពាក់ព័ន្ធជាមួយនាង ទៅធ្វើតេស្តរកវីរុសកូវីដ-១៩។

កន្លងមក រដ្ឋាភិបាលកម្ពុជា ធ្លាប់បញ្ចេញអត្តសញ្ញាណអ្នកផ្ទុកជំងឺកូវីដ-១៩ជាសាធារណៈ ដោយក្នុងនោះ មានការបញ្ចេញទាំងរូបថត និង ឈ្មោះរបស់ពួកគេ។ ដោយសាររងការរិះគន់ថា បានបំពានសិទ្ធិមនុស្ស ជាពិសេសសិទ្ធិឯកជន រដ្ឋាភិបាលកម្ពុជា ក៏សម្រេចបញ្ឈប់ការបញ្ចេញអត្តសញ្ញាណអ្នកផ្ទុកជំងឺកូវីដ-១៩វិញ។

ឥឡូវនេះ ក្រសួងសុខាភិបាល បានត្រឹមតែផ្តល់ព័ត៌មានដល់សាធារណជន ពីភេទ ជាតិសាសន៍ អាយុ និង អាសយដ្ឋានរបស់អ្នកជំងឺកូវីដ-១៩ប៉ុណ្ណោះ។ អាជ្ញាធរតាមខេត្តខ្លះ បានបញ្ចេញឈ្មោះអ្នកផ្ទុកជំងឺកូវីដ-១៩ ដើម្បីឲ្យអ្នកពាក់ព័ន្ធ ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័ក តែមិនមានការបញ្ចេញរូបថតឡើយ។

បើអ្នកផ្ទុកជំងឺកូវីដ-១៩ ស្ម័គ្រចិត្តបញ្ចេញអត្តសញ្ញាណជាសាធារណៈ រដ្ឋាភិបាលកម្ពុជា នឹងមិនមានកំហុស ដូចលើកមុនឡើយ។ លើសពីនេះ រដ្ឋាភិបាល គួរតែអំពាវនាវឲ្យអ្នកជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ស្ម័គ្រចិត្តបញ្ចេញអត្តសញ្ញាណជាសាធារណៈ។

បើអ្នកជំងឺកូវីដ-១៩ណា ស្ម័គ្រចិត្តឲ្យបញ្ចេញអត្តសញ្ញាណរបស់ពួកគេ ក្រសួងសុខាភិបាល ត្រូវបញ្ចេញ។ បើអ្នកជំងឺកូវីដ-១៩ណា មិនយល់ព្រមឲ្យបញ្ចេញអត្តសញ្ញាណរបស់ពួកគេ ក្រសួងសុខាភិបាល ត្រូវគោរពតាមការសម្រេចចិត្តរបស់ពួកគេ ដោយមិនត្រូវបញ្ចេញឡើយ។

ក្រៅពីស្ម័គ្រចិត្តឲ្យក្រសួងសុខាភិបាលបញ្ចេញអត្តសញ្ញាណ បើអ្នកផ្ទុកជំងឺកូវីដ-១៩ បង្ហាញអត្តសញ្ញាណដោយខ្លួនឯង និងផ្តល់ព័ត៌មានលើបណ្តាញសង្គមថា ខ្លួនធ្លាប់ទៅកន្លែងណា ធ្លាប់ជួបអ្នកណាទៀតនោះ គឺកាន់តែប្រសើរ ពីព្រោះ សព្វថ្ងៃនេះ ប្រជាពលរដ្ឋភាគច្រើន ទទួលបានព័ត៌មានលឿនតាមរយៈបណ្តាញសង្គម។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏គួរពិចារណាពីការទទួលបានព័ត៌មានលើបណ្តាញសង្គមដែរ ដោយមិនត្រូវចេះតែជឿនោះទេ។

អ្នកផ្ទុកជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ គួរយល់ថា ការបញ្ចេញអត្តសញ្ញាណជាសាធារណៈ គឺជាការរួមចំណែកដ៏ចាំបាច់មួយ ក្នុងការយកឈ្នះជំងឺកូវីដ-១៩៕

Tag:
 COVID-19
  បញ្ចេញអត្តសញ្ញាណ
© រក្សាសិទ្ធិដោយ thmeythmey.com