គ្រូ Honda៖ គោលដៅរបស់កម្ពុជា គឺស៊ីហ្គេម២០២៣
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Honda៖ គោលដៅរបស់កម្ពុជា គឺស៊ីហ្គេម២០២៣
31, Mar 2021 , 3:29 pm        
រូបភាព
លោក Keisuke Honda នៅព្រឹថ្ងៃទី៣១ ខែមីនា បានប្រកាសតាមរយៈវីដេអូថា គោលដៅចម្បងរបស់លោក និងក្រុមជម្រើសជាតិកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
 
អត្ថបទទាក់ទង
 
 
វីដេអូដែលបង្ហោះក្នុងផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្បុជា (FFC) ដែលមានរយៈពេលជាង១នាទី Honda ដែលទើបយល់ព្រមបន្តកិច្ចសន្យាដឹកនាំគោព្រៃកម្ពុជារហូតដល់ឆ្នាំ២០២៣ មិននិយាយអ្វីច្រើននោះទេ ក្រៅតែពីក្រុមជម្រើសជាតិ។
 
អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះ ចង់ប្រាប់កូនក្រុម និងក្រុមអ្នកគាំទ្រកម្ពុជាទាំងអស់ពីគោលបំណងរបស់លោក ក្នុងការបន្តធ្វើជាអ្នកចាត់ការទូទៅ គឺផ្តោតសំខាន់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខណៈកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ 
 
«សួស្តីអ្នកទាំងអស់គ្នា វីដេអូមួយនេះគឺទាក់ទងនឹងក្រុមជម្រើសជាតិកម្ពុជា ខ្ញុំពិតជារីករាយក្នុងការបន្តកុងត្រាជាមួយកម្ពុជាក្នុងតួនាទីជាអ្នកចាត់ការទូទៅ។ គោលដៅរបស់យើងគឺការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ ដូចគ្រប់គ្នាបានដឹងហើយថា មានក្រុមជម្រើសជាតិច្រើនដែលខ្លាំងជាងយើង ប៉ុន្តែយើងនឹងព្យាយាមយកឈ្នះក្រុមទាំងនោះ»។ អតីតសមាជិកក្រុមជម្រើសជាតិជប៉ុន អះអាងដូច្នេះ មុនលោកអរគុណចពោះការគាំទ្ររបស់កម្ពុជា និងស្នើគាំទ្រខ្លួន និងជម្រើសជាតិបន្តទៀត៕
 
 
Honda ដែលទើបចូលរួមជាមួយក្លិប Neftci PFK នៃលីគកំពូលអាស៊ែបៃហ្សង់ ធ្លាប់បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា លោកចង់ឲ្យក្រុមកម្ពុជាមានរបៀបលេងថ្មី និងជួយផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកផងនោះ ថែមទាំងប្តេជ្ញាជួយក្រុមកម្ពុជា ឱ្យអស់ពីសម្ថភាពតែម្តង។
 
អ្នកចាត់ការវ័យ៣៤ឆ្នាំរូបនេះ ទើបនាំយកលោក Ryu Hirose មកធ្វើជាគ្រូបង្គោលថ្មីរបស់ជម្រើសជាតិកម្ពុជា ដើម្បីជំនួសលោក Felix Dalmas ដែលបានបញ្ចប់ការងារនេះ។ Honda នឹងត្រូវចាប់ដៃគូជាមួយលោក Hirose ក្នុងគម្រោងការជួយគោព្រៃកម្ពុជានៅឆ្នាំ ២០២៣៕
 

Tag:
 Keisuke Honda
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com