ជាតិ
កសិករនៅអូរសោម សប្បាយចិត្តព្រោះម្រេចផ្តល់ទិន្នផលច្រើន ឯតម្លៃក៏ថ្លៃ
31, Mar 2021 , 11:58 pm        
រូបភាព
ដោយ:
 កសិករដាំម្រេចនៅឃុំអូរសោម អះអាងថា ម្រេចបានចាប់ផ្តើមឡើងថ្លៃ  ថ្លៃលក់នៅរយៈពេលពីរខែចុងក្រោយនេះ។ លោក ចាន់ ឡា ដែលកំពុងប្រមូលផលម្រេច ប្រមាណ៦ពាន់ជន្លង់ នៅឃុំអូរសោម ប្រាប់ សារព័ត៌មាន Thmeythmey25 ថាលោកអាចលក់ម្រេចស្ងួតបាន ១៥ ០០០រៀល ក្នុងមួយគីឡួក្រាម  និងតម្លៃ ៥ ០០០រៀល សម្រាប់ម្រេចស្រស់។ ក្រៅពីតម្លៃបានថ្លៃហើយ ទិន្នផលម្រេច នៅក្នុងឃុំអូរសោម ក៏ល្អប្រសើរដែរ ដោយសារតែមានទឹកភ្លៀង និងប្រភពទឹកស្រោចស្រពគ្រប់គ្រាន់។

 
លោក ចាន់ ឡា ជាអ្នកដាំដុះម្រេចមួយរូប នៅក្នុងឃុំអូរសោម។ លោក មានម្រេច ១៦០០ជន្លង់ ដែលដាំដុះលើផ្ទៃដី ១ហិកតា ជាប់នឹងមាត់អាងទឹកអាតៃតែម្តង។ កសិកររូបនេះ បានប្រាប់សារព័ត៌មាន Thmeythmey25 ថាឆ្នាំនេះម្រេចរបស់លោក ផ្តល់ផលច្រើនជាងឆ្នាំមុន រីឯតម្លៃបានថ្លៃជាងដែរ។ ក្រៅពីម្រេចថ្លៃ កសិករនៅតំបន់អូរសោម មិនប្រឈមនឹងបញ្ហាស្រោចស្រពនោះទេ។


 
កសិករដាំម្រេចរូបនេះ និងអ្នកដាំម្រេចជាច្រើនសប្បាយចិត្ត ព្រោះដំណាំរបស់ខ្លួនមានទីផ្សារក្នុងឆ្នាំនេះ។ តាមលោក ចាន់ ឡា ថា រយៈពេល២ខែហើយដែលម្រេចរបស់លោក លក់បានតម្លៃថ្លៃ ពោលគឺម្រេចស្ងួតលក់ចេញបាន ១៥ ០០០រៀល ក្នុងមួយគីឡួក្រាម  និងតម្លៃ ៥ ០០០រៀល សម្រាប់ម្រេចស្រស់។ កាលមិនទាន់ឡើងថ្លៃ កសិកររូបនេះ អាចលក់ម្រេចស្ងួតក្នុងតម្លៃ ៩ ០០០រៀល ក្នុងមួយគីឡួក្រាម និងម្រេចស្រស់ ៣ ៥០០រៀលប៉ុណ្ណោះ។ កសិកររូបនេះ បញ្ជាក់ទៀតថា អ្នកដែលមកទិញម្រេច ក្នុងចម្ការរបស់លោក ភាគច្រើនយកលក់បន្តនៅប្រទេសវៀតណាម និងប្រទេសថៃ។
 
លោកលោក ចាន់ ឡា រៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 ថា៖ « ម្រេចឆ្នាំនេះគឺឡើងថ្លៃ ហើយទិន្នផលនៅនេះ(ឃុំអូរសោម) គឺល្អព្រោះមានភ្លៀងធ្លាក់ ហើយនៅនេះសម្បូរទឹក »។
ក្នុងមួយថ្ងៃ កសិកររូបនេះ អាចលក់ម្រេចស្រស់ បានចន្លោះពី ៤០០ ទៅ ៥០០ គីឡូក្រាម ដោយឈ្មួញ មកបេះដល់ចម្ការផ្ទាល់ដោយខ្លួនឯង។ ដោយឡែកម្រេចស្ងួត យូៗ ទើបលោកលក់ឱ្យឈ្មួញម្ដង៕


 
 
 
 

Tag:
 ម្រេច
  ពោធិ៍សាត់
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com