អន្តរជាតិ
ការសិក្សា៖ នៅឆ្នាំ២០២០ ពិភពលោកបាត់បង់ព្រៃឈើទំហំប៉ុនផ្ទៃដីហូឡង់
01, Apr 2021 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
បើទោះបីជាមានការព្រមានពីក្រុមស្ថាប័នពាក់ព័ន្ធ ការសន្យាក្នុងការសហការដាំដុះព្រៃឈើឡើងវិញ និងសកម្មភាពជាច្រើនទៀតក៏ពិតមែន ព្រៃឈើនៅក្នុងពិភពលោកនៅតែបន្តបាត់បង់ជារៀងរាល់ថ្ងៃក្នុងកម្រិតមួយដែលគួរឲ្យបារម្ភ។ បើតាមការស្រាវជ្រាវមួយចុះផ្សាយនៅថ្ងៃទី៣១ ខែមិនា ព្រៃឈើបាត់បង់មានផ្ទៃក្រឡាប្រហាក់ប្រហែលផ្ទៃដីប្រទេសហូឡង់នៅតំបន់អឺរ៉ុបទៅហើយ។



៤១,៥៤៣គីឡូម៉ែត្រការ៉េ ជាទំហំផ្ទៃព្រៃឈើបាត់បង់លើពិភពលោកនៅឆ្នាំ២០២០ ។ នេះបើតាមការសិក្សាមួយដែលផ្សាយដោយគេហទំព័រ Grist.org ។ ទំហំនេះ គឺស្មើនឹងផ្ទៃក្រឡារដ្ឋអឺរ៉ុបហូឡង់ទៅហើយដែរ។ 
 
ក្រៅពីសកម្មភាពមនុស្សដែលដើរតួនាទីសំខាន់ជាងគេក្នុងការបាត់បង់ព្រៃឈើនេះ ការប្រែប្រួលអាកាសធាតុក៏ជាកត្តាមួយដែរ។ ការស្រាវជ្រាវចុះផ្សាយនៅថ្ងៃទី៣១ ខែមីនាលើកឡើងរថា អាកាសធាតុក៏ជាផ្នែកមួយដែលជួយជំរុញឱ្យមានផលប៉ះពាល់ទៅដល់ព្រៃឈើផងដែរ ពិសេសអាកាសធាតុក្តៅខ្លាំងបានកើតឡើងនៅតាមប្រទេសមួយចំនួនដូចជាអូស្រ្តាលី ប្រេស៊ីល អាល្លឺម៉ង់ ឬរុស្ស៊ីដែលនាំឱ្យភ្លើងឆេះព្រៃ។ 
 
«ព្រៃឈើទាំងនេះមានអាយុកាលច្រើនរយឆ្នាំមកហើយ។ ពួកវាទាំងនេះបានស្តុកទុកបរិមាណកាបូនយ៉ាងច្រើន។ បើព្រៃឈើទាំងអស់នោះនឹងបាត់បង់ បញ្ហាដែលមិនអាចបកក្រោយមួយចំនួននឹងកើតឡើងទៅលើប្រព័ន្ធធម្មជាតិ និងការប្រែប្រួលអាកាសធាតុ»។ នេះជាការបញ្ជាក់របស់លោក Rod Taylor ដែលជាប្រធាននៃវិទ្យាស្ថានធនធានពិភពលោក (World Resources Institute)។
 
ផ្ទុយពីប្រទេសខ្លះដែលព្រៃឈើរងគ្រោះខ្លាំង សម្រាប់ប្រទេសមួយចំនួនដូចជាកាណាដា និងឥណ្ឌូណេស៊ី ព្រៃឈើរបស់ពួកគេហាក់បីដូចជាមានសភាពប្រសើរជាងមុនដោយសារតែវត្តមាននៃអាកាសធាតុត្រជាក់ និងសើម។ ឥណ្ឌូណេស៊ី ដែលស្ថិតក្នុងចំណោមប្រទេសបីមានការកាប់បំផ្លាញព្រៃឈើខ្លាំងជាងគេលើពិភពលោកក្នុងពេល១៩ឆ្នាំកន្លងមក បានធ្លាក់មកឈរក្នុងលេខរៀងទីបួនវិញនៅក្នុងឆ្នាំ២០២០។ នេះក៏ដោយសារតែឥណ្ឌូណេស៊ីបានទទួលប្រមាណទឹកភ្លៀងច្រើនសមរម្យកាលពីឆ្នាំមុន។ 
 
ជាមួយគ្នានេះ ជំងឺកូវីដ-១៩ ក៏មានចំណែកជួយកាត់បន្ថយព្រៃឈើនៅឥណ្ឌូណេស៊ីដែរ។ ជំងឺនេះ ធ្វើឱ្យទីផ្សារដូងប្រេងធ្លាក់ចុះក្នុងកម្រិតមួយ ហើយការធ្លាក់ចុះនៃទីផ្សារដូងប្រេងនេះបានកាត់បន្ថយសកម្មភាពកាប់ព្រៃឈើដើម្បីដាំដំណាំដូងប្រេងបន្ថែម។ 
 
បើតាមការស្រាវជ្រាវខាងលើ នៅក្នុងតំបន់មួយចំនួនក្នុងទ្វីបអាហ្វ្រិកឯណោះវិញ ការកាប់បំផ្លាញព្រៃឈើត្រូវបានធ្វើឡើងដោយក្រុមកសិករតូចៗធម្មតាជាជាងក្រុមហ៊ុនកសិឧស្សាហកម្មធំៗ ដែលការនេះធ្វើឱ្យព្រៃឈើបាត់បង់ក្នុងល្បឿនយឺតៗប៉ុណ្ណោះ។ ក្រុមកសិករទាំងនោះត្រូវការដីព្រៃមានជីវជាតិបន្ថែមក្នុងការដាំដំណាំរបស់ពួក ដោយសារតែពួកគេមានកង្វះខាតក្នុងការរកទិញជីធម្មជាតិសម្រាប់ការដាំដំណាំនៅមួយកន្លែង៕
 

Tag:
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com