ជាតិ
សមត្ថកិច្ចព្រះសីហនុ ឃាត់ខ្លួនបុរស៦នាក់ ដែលជិះរថយន្តគេចពីគោលដៅត្រួតពិនិត្យការធ្វើចត្តាឡីស័ក
01, Apr 2021 , 8:59 pm        
រូបភាព
បុរសទាំង៦នាក់ ដែលគេចពីគោលដៅត្រួតពិនិត្យការធ្វើចត្តាឡីស័ក។ (រូបពី នគរបាលជាតិ)
បុរសទាំង៦នាក់ ដែលគេចពីគោលដៅត្រួតពិនិត្យការធ្វើចត្តាឡីស័ក។ (រូបពី នគរបាលជាតិ)
ភ្នំពេញ៖ សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់បុរសចិន៤នាក់និងខ្មែរ២នាក់ ដែលគេចវេះពីគោលដៅត្រួតពិនិត្យការធ្វើចត្តាឡីស័ក ក្នុងបំណងចេញពីខេត្តព្រះសីហនុមកភ្នំពេញ។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។


កាលពីថ្ងៃទី៣១មីនា ក្រុមគោលដៅត្រួតពិនិត្យការធ្វើចត្តាឡីស័កស្រុកកំពង់សិលា បានឃាត់រថយន្តមួយរថយន្តមួយគ្រឿងមានគ្នា៥នាក់ ដែលបើកដោយបុរសជនជាតិខ្មែរ ហើយ៤នាក់ទៀតជាជនចិន។ សមត្ថកិច្ចបញ្ជាក់ថា ពួកគេទាំងនោះបានក្លែងបន្លំសំលៀកបំពាក់ជាឯកសណ្ឋានក្រុមការងារផ្លូវល្បឿនលឿន និងបើកគេចកន្លែងត្រួតពិនិត្យ។ បន្ទាប់ឃាត់ខ្លួននិងសាកសួរ ក៏បានរកឃើញមេខ្លោងជនជាតិខ្មែរម្នាក់ទៀត ហើយមេខ្លោងនោះអះអាងថា ធ្លាប់ដឹកជនជាតិចិនពីភ្នំពេញចូលខេត្តព្រះសីហនុ ច្រើនដងរួចមកហើយ។ រីឯ ជនសង្ស័យចិនទាំង៤នាក់ក៏បានបញ្ជាក់ថា ពួកគេបានធ្វើចត្តាឡីស័ករួចហើយ តែគ្មានឯកសារជាប់ខ្លួន ។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីរៀបចំសំណុំរឿងដោះស្រាយតាមនីតិវិធី។ 
 
កន្លងមក លោក ឃៀង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុបានបញ្ជាក់ថា អាជ្ញាធរក្នុងខេត្តធ្លាប់បានឃាត់ខ្លួនម្ចាស់បើកបរយានយន្ត ដែលគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យនេះបាន១៤នាក់។ លោកអះអាងថា អ្នកមិនអនុវត្តតាមវិធានការរបស់អាជ្ញាធរនឹងត្រូវពិន័យតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ដែលនឹងពិន័យពី១លានដល់១០លានរៀល។
 
យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាត្រា១០ចែងថា ជនណាមិនគោរពវិធានការរដ្ឋបាលដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត នឹងត្រូវពិន័យពី១លានរៀល ទៅ ៥លានរៀល។ លើសពីនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យ២លានរៀលទៅ១០លានរៀល បើអំពើខាងលើនេះ មិនបណ្ដាលឱ្យឆ្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ ជាមួយគ្នាដែរ បើអំពើខាងលើនេះ បណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យ៥លានរៀល ទៅ២០លានរៀល។
 
សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសសម្រេចផ្អាកអាជីវកម្មសេវាដឹកជញ្ជូនអ្នកធ្វើដំណើរគ្រប់ប្រភេទ កាលពីថ្ងៃទី៤មីនា ។ ចំពោះពលរដ្ឋដែលកំពុងនៅខេត្តព្រះសីហនុ ត្រូវផ្អាកធ្វើដំណើរចេញ-ចូលមួយរយៈផងដែរ។ ចំណែករថយន្តដឹកទំនិញ ដែលត្រូវបានអនុញ្ញាតចេញ-ចូល គឺកម្រិតឲ្យមានតែមនុស្ស២នាក់ប៉ុណ្ណោះ។ ការអនុវត្តបែបនេះ រហូតទាល់តែមានសេចក្ដីជូនដំណឹងថ្មី ពីរដ្ឋបាលខេត្តព្រះសីហនុ៕ 
 
 

Tag:
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com