COVID-19
ជាតិ
ឈ្វេងយល់ពីការធ្វើដំណើរបាននិងមិនបាន ក្នុងចន្លោះ «ម៉ោង៨យប់ ដល់ ម៉ោង៥ទៀបភ្លឺ»
01, Apr 2021 , 9:59 pm        
រូបភាព
ភាពស្ងប់ស្ងាត់លើដងផ្លូវមុខព្រះបរមរាជវាំង នារាត្រីទី១នៃការអនុវត្តបម្រាមគោរចរ ក្នុងរាជធានីភ្នំពេញ គឺការមិនអនុញ្ញាតឲ្យអ្នកដែលគ្មានភារកិច្ចចាំបាច់ ធ្វើចរាចរណ៍និងធ្វើដំណើរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។ បម្រាមគោចរនេះ ត្រូវបានដាក់ឲ្យប្រជាជន ក្នុងរាជធានីភ្នំពេញអនុវត្តរយៈពេល២សប្តាហ៍ គឺចាប់ពីយប់ថ្ងៃទី១ ខែមេសានេះ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ រូបដោយ៖ សៅ ផលនិស្ស័យ
ភាពស្ងប់ស្ងាត់លើដងផ្លូវមុខព្រះបរមរាជវាំង នារាត្រីទី១នៃការអនុវត្តបម្រាមគោរចរ ក្នុងរាជធានីភ្នំពេញ គឺការមិនអនុញ្ញាតឲ្យអ្នកដែលគ្មានភារកិច្ចចាំបាច់ ធ្វើចរាចរណ៍និងធ្វើដំណើរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។ បម្រាមគោចរនេះ ត្រូវបានដាក់ឲ្យប្រជាជន ក្នុងរាជធានីភ្នំពេញអនុវត្តរយៈពេល២សប្តាហ៍ គឺចាប់ពីយប់ថ្ងៃទី១ ខែមេសានេះ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ រូបដោយ៖ សៅ ផលនិស្ស័យ
ដោយ: ថ្មីៗ
នៅរាជធានីភ្នំពេញ បើគ្មានភារកិច្ចចាំបាច់ គឺមិនអាចធ្វើចរាចរណ៍ និងធ្វើដំណើរទៅណាមកណាបានគ្រប់២៤ម៉ោង ដូចមុនឡើយ។



រដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់ អនុក្រឹត្យ ប្រកាស និង សេចក្តីសម្រេចផ្សេងជាបន្តបន្ទាប់ ដោយមានគោលបំណងតែម្យ៉ាង គឺដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយថែមទៀត ដោយកំណត់ម៉ោង ដែលប្រជាជន អាចនិងមិនអាចធ្វើដំណើរបាន។

ច្បាប់ អនុក្រឹត្យ ប្រកាស សេចក្តីសម្រេចទាំងនោះ ដែលចែងពីអ្វី ដែលប្រជាជន អាចធ្វើបាន និងអ្វី ដែលប្រជាជន មិនអាចធ្វើបាន ហាក់មានភាពស្មុគ្រស្មាញនិងពិបាកយល់បន្តិច។ សារព័ត៌មានថ្មីៗ សូមសង្ខេបអំពីខ្លឹមសារក្នុងច្បាប់ អនុក្រឹត្យ ប្រកាស និង សេចក្តីសម្រេចទាំងនោះ ជូនប្រិយមិត្ត ដើម្បីងាយល់ ជាពិសេសអំពីបម្រាមគោចរ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ រួមទាំងការពាក់ម៉ាស់ ការរក្សាគម្លាតពីគ្នា ការបិទតំបន់ និង ការបិទស្ថាប័ន។ 
 
ការធ្វើដំណើរបាននិងមិនបាន ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ 

អនុក្រឹត្យលេខ៥៧ អនក្រ.កប ចែងថា ប្រជាជន មិនត្រូវអនុញ្ញាតឲ្យចេញពីផ្ទះ និងមិនត្រូវអនុញ្ញាតឲ្យធ្វើដំណើរទៅណាមកណា ក្នុងចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺឡើយ។ មានករណីលើកលែងមួយចំនួន ដែលប្រជាជន អាចចេញពីផ្ទះនិងអាចធ្វើដំណើរបាន ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។ 

ករណីលើកលែងទាំងនោះ គឺ មានបញ្ហាសុខភាព ដែលត្រូវទៅមន្ទីរពេទ្យជាប្រញាប់, មានភាពចាំបាច់និងបន្ទាន់ក្នុងគ្រួសារ, ដឹកជញ្ជូនទំនិញ, ទៅបំពេញកាតព្វកិច្ច ដែលបម្រើផលប្រយោជន៍សាធារណៈ, ទៅកន្លែងការងារ ឬកន្លែងអាជីវកម្ម។ 
 
ជាងនេះទៀត រាល់គ្រឹះស្ថានរដ្ឋ គ្រឹះស្ថានឯកជន និង ទីតាំងអាជីវកម្ម ក៏មិនអនុញ្ញាតឲ្យប្រតិបត្តិការ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺដែរ។ ចំពោះគ្រឹះស្ថានរដ្ឋនិងឯកជន ដែលបម្រើសេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល  និង ស្ថានីយ៍ប្រេងឥន្ទនៈ អាចប្រតិបត្តិការ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។ 
 
ទោះអនុក្រឹត្យលេខ៥៧ អនក្រ.កប ចែងពីបម្រាមមិនឲ្យប្រជាជនធ្វើដំណើរ និងមិនឲ្យគ្រឹះស្ថានដំណើរការ ក្នុងចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺក្តី តែបម្រាមនេះ មិនត្រូវយកមកអនុវត្តតែម្តងនោះទេ ដោយទាមទារឲ្យមានសេចក្តីសម្រេចដោយឡែកផ្សេងទៀត ពីរដ្ឋាភិបាល ឬពីអភិបាលរាជធានី-ខេត្ត។ 
 
បើចង់ហាមប្រជាជនទូទាំងប្រទេស មិនឲ្យធ្វើដំណើរ និងហាមគ្រឹះស្ថាន មិនឲ្យដំណើរការ ក្នុងចម្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ គឺរដ្ឋាភិបាល ជាអ្នកចេញសេចក្តីសម្រេច។ បើចង់ហាមប្រជាជនក្នុងរាជធានី-ខេត្តណាមួយ មិនឲ្យធ្វើដំណើរ និងហាមគ្រឹះស្ថាន មិនឲ្យដំណើការ ក្នុងចម្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ គឺអភិបាលរាជធានី-ខេត្តនោះ ជាអ្នកចេញសេចក្តីសម្រេច។ 
 
ជាក់ស្តែង រាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តមុនគេ នូវបម្រាមក្នុងអនុក្រឹត្យលេខ៥៧ អនក្រ.កប ស្តីពីការហាមប្រជាជន មិនឲ្យធ្វើដំណើរ និងហាមគ្រឹះស្ថាន មិនឲ្យដំណើរការ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ ខណៈខេត្តផ្សេងៗ មិនទាន់ចាប់ផ្តើមអនុវត្តនោះទេ។ ការដាក់ឲ្យអនុវត្តបម្រាមនេះ គឺធ្វើឡើងតាមរយៈសេចក្តីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលចេញនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ 
 
សេចក្តីសម្រេចរបស់អភិបាលរាជធានីភ្នំពេញ មានខ្លឹមសារស្ទើរតែដូចគ្នាទាំងស្រុង ទៅនឹងអនុក្រឹត្យលេខ៥៧ អនក្រ.បក ពាក់ព័ន្ធនឹងការហាមប្រជាជន មិនឲ្យធ្វើដំណើរ និងការហាមគ្រឹះស្ថាន មិនឲ្យដំណើរការ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។ 
 
ប្រជាជន ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកមិនឲ្យធ្វើដំណើរ ក្នុងចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ ដោយលើកលែងករណីមួយចំនួន។ ករណីលើកលែងនោះ គឺ ការធ្វើដំណើរក្រោមមូលហេតុសុខភាពបន្ទាន់ ឬក្រោមមូលហេតុចាំបាច់ក្នុងគ្រួសារ តែត្រូវមានការអនុញ្ញាតពីអាជ្ញាធរ, ការធ្វើដំណើររបស់ក្រុមគ្រូពេទ្យ ក្រុមពន្លត់អគ្គិភ័យ មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ការធ្វើដំណើរទៅបំពេញការងាររបស់បុគ្គលិក និងកម្មករ-កម្មការិនី, ការធ្វើដំណើរដឹកជញ្ជូនអាហារជូនភ្ញៀវ, ការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញ រថយន្តកុងតឺនឺ រថយន្តបាញ់បេតុង រថយន្តដឹកសម្ភារផ្គត់ផ្គង់ការដ្ឋានសំណង់, រថយន្តដឹកសំរាម-សំណល់រឹង-សំណល់វេជ្ជសាស្រ្ត។ 
 
ប្រភេទទីតាំងអាជីវកម្មមួយចំនួន ក្នុងរាជធានីភ្នំពេញ រួមមាន ហាងកាហ្វេ ហាងភេសជ្ជៈ តូបលក់អាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ភោជនីយដ្ឋានតាមសណ្ឋាគារ រួមទាំងទីតាំងអាជីវកម្មទាំងឡាយណា ដែលទទួលភ្ញៀងពិសាគ្រឿងស្រវឹង និងភេសជ្ជៈ ត្រូវផ្អាកដំណើរការ (បិទទ្វារ) ជាកំហិត ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ តែអនុញ្ញាតឲ្យលក់ដោយការវេចខ្ចប់ជូនភ្ញៀវបាន។ 
 
រាល់ការជួបជុំ ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ ត្រូវហាមឃាត់។ ការជួបជុំ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ ដែលត្រូវអនុញ្ញាត គឺ ការជួបជុំ ក្នុងពិធីបុណ្យសព, ការជួបជុំរបស់បុគ្គលិកសុខាភិបាល, ការជួបជុំរបស់អាជ្ញាធរ និងកងកម្លាំង, ការជួបជុំ ដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។ 
 
ក្នុងដែនដីរាជធានីភ្នំពេញ បើបុគ្គលណា បំពានបម្រាមណាមួយ ក្នុងចំណោមបម្រាមទាំង៣ប្រភេទ គឺបម្រាមមិនឲ្យធ្វើដំណើរ បម្រាមមិនឲ្យដំណើរការគ្រឹះស្ថាន និង បម្រាមមិនឲ្យជួបជុំ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ បុគ្គលនោះ នឹងត្រូវទទួលទោស តាមការកំណត់របស់ស្ថាប័នមានសមត្ថកិច្ច។ លោក ឃួង ស្រេង ដាក់ឲ្យប្រជាជនក្នុងរាជធានីភ្នំពេញ អនុវត្តបម្រាមទាំង៣ប្រភេទនេះ តែរយៈពេល២សប្តាហ៍ប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ 
 
ក្រៅពីប្រជាជនក្នុងរាជធានីភ្នំពេញ ប្រជាជនតាមបណ្តាខេត្ត នៅអាចធ្វើដំណើរ និងបើកដំណើរការគ្រឹះស្ថានឬទីតាំងអាជីវកម្មរបស់ខ្លួន បាន២៤ម៉ោងជាធម្មតា ដរាបណាអភិបាលខេត្ត មិនទាន់ចេញសេចក្តីសម្រេច ស្តីពីការកំណត់ម៉ោងក្នុងការធ្វើដំណើរនិងការដំណើរអាជីវកម្ម។
 
ការពាក់ម៉ាស់ និង ការរក្សាគម្លាត

ពេលស្ថិតក្នុងទីសាធារណៈ ឬកន្លែង ដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ ប្រជាជន ត្រូវតម្រូវឲ្យពាក់ម៉ាស់ និងរក្សាគម្លាតឲ្យបាន១ម៉ែត្រកន្លះពីគ្នា ពោលគឺ ការពាក់ម៉ាស់ និងការរក្សាគម្លាត ក្លាយជាកាតព្វកិច្ចរបស់ប្រជាជនទូទៅ។ ការកំណត់កាតព្វកិច្ច ឲ្យប្រជាជនពាក់ម៉ាស់និងរក្សាគម្លាត គឺមាននៅក្នុងប្រកាសលេខ០៨១ ស.នក.ប្រក របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
 
ប្រកាសលេខ០៨១ ស.នក.ប្រក ក៏មានលក្ខណៈ ដូចអនុក្រឹត្យលេខ៥៧ អនក្រ.កប ដែរ គឺប្រកាសនេះ គ្រាន់តែចែងពីវិធានការគោល តែមិនអាចយកទៅដាក់ឲ្យប្រជាជនទូទាំងប្រទេស អនុវត្តតែម្តងនោះទេ។ បើចង់ឲ្យប្រជាជន ក្នុងរាជធានី-ខេត្តណាមួយ អនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាត គឺរដ្ឋមន្រ្តីក្រសួងសុខាភិបាល ត្រូវចេញសេចក្តីជូនដំណឹងផ្សេងទៀត។ 
 
មកដល់ពេលនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទើបតែចេញសេចក្តីជូនដំណឹងបាន១លើកប៉ុណ្ណោះ ដោយកំណត់ឲ្យប្រជាជនក្នុងរាជធានីភ្នំពេញ និង ប្រជាជនក្នុងខេត្ត៤ទៀត គឺ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តព្រៃវែង និង ខេត្តសៀមរាប ជាប់កាតព្វកិច្ចពាក់មាស់ និងរក្សាគម្លាត។ បើប្រជាជនក្នុងរាជធានី-ខេត្តទាំង៥នេះ មិនពាក់ម៉ាស់ ឬមិនរក្សាគន្លាត នៅទីសាធារណៈ ដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ នឹងត្រូវព្រមានសម្រាប់លើកទី១ ហើយបើនៅតែមិនពាក់ម៉ាស់ឬមិនរក្សាគម្លាតទៀត នឹងត្រូវពិន័យពី២សែនរៀល ដល់ ១លានរៀល។ 
 
ចំពោះប្រជាជនក្នុងខេត្តដទៃ ដែលរដ្ឋមន្រ្តីក្រសួងសុខាភិបាល មិនទាន់កំណត់កាតព្វកិច្ចឲ្យពាក់ម៉ាស់និងរក្សាគម្លាត គឺមិនប្រឈមនឹងការពិន័យប្រាក់ទេ ទោះមិនពាក់ម៉ាស់ឬមិនរក្សាគម្លាត ក្នុងទីសាធារណៈ ដែលមានមនុស្សចាប់ពី២នាក់ឡើងទៅក៏ដោយ។ ថ្វីបើមិនរងការពិន័យប្រាក់ តែប្រជាជនគ្រប់រូប គួរតែពាក់ម៉ាស់និងរក្សាគម្លាត ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់ជំងឺនេះ។ 
 
ការបិទតំបន់ និង ការបិទស្ថាប័ន 

ច្បាប់ អនុក្រឹត្យ ប្រកាស សេចក្តីសម្រេច ជាទូទៅ គឺផ្តល់សិទ្ធិដល់អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ច ក្នុងការបិទបណ្តោះអាសន្ន នូវតំបន់ គ្រឹះស្ថានរដ្ឋ សហគ្រាសឯន និង ទីតាំងអាជីវកម្មណាមួយ បើតំបន់ និងទីតាំងទាំងនោះ មានជំងឺកូវីដ-១៩ រាលដាលខ្លាំង ឬប្រឈមហានិភ័យខ្ពស់នៃការរាលដាលជំងឺនេះ។ 
 
អាជ្ញាធរ បានអនុវត្តរួចហើយ និងកំពុងបន្តអនុវត្ត ក្នុងការបិទតំបន់ និងទីតាំងនានា។ ទីតាំងអាជីវកម្មជាច្រើន ក្នុងរាជធានីភ្នំពេញ ត្រូវបិទបណ្តោះអាសន្ន ហើយក៏មានទីតាំងអាជីវកម្មខ្លះ ត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្រោយអាជ្ញាធរ សង្កេតឃើញថា ទីតាំងអាជីវកម្មទាំងនោះ អស់ហានិភ័យនៃការរាលដាលជំងឺកូវីដ-១៩។ នៅខេត្តព្រះសីហនុឯណោះវិញ ត្រូវផ្អាកមិនឲ្យប្រជាជនធ្វើដំណើរចេញចូល។ ក្រៅពីនេះ តំបន់ខ្លះ តាមបណ្តាខេត្តនានា ត្រូវបិទបណ្តោះអាសន្ន  ឬក៏ត្រូវរឹតត្បិតក្នុងការធ្វើដំណើរចេញចូល ដូចជា ភូមិអូររុន ក្នុងខេត្តកំពង់ចាម ត្រូវរឹតត្បិតយ៉ាងតឹងរ៉ឹងក្នុងការធ្វើដំណើរចេញចូល។ 
 
ច្បាប់ អនុក្រឹត្យ ប្រកាស សេចក្តីសម្រេច គឺជាឧបករណ៍គតិយុត្តិមួយ ដែលរដ្ឋាភិបាល យកមកប្រើប្រាស់ ដើម្បីរារាំងការរាលដាលជំងឺកូវីដ-១៩។ វិធានការសំខាន់មួយទៀត ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ គឺរដ្ឋាភិបាល ប្រឹងពន្លឿនចាក់វ៉ាក់សាំងជូនប្រជាជនទូទៅឲ្យបានលឿនតាមតែអាចធ្វើទៅបាន ដោយអមជាមួយនឹងការជំរុញប្រជាជន ឲ្យអនុវត្តពាក្យស្លោក ៣កុំ និង៣ការពារ៕ 
 

Tag:
 COVID-19
  បម្រាមគោចរ
© រក្សាសិទ្ធិដោយ thmeythmey.com