ជាតិ
លោកស្រី កែវ មុំ ជាប់ជាប្រធានសមាគមសហគ្រិនស្រ្តី-កម្ពុជា អាណត្តិទី៤
02, Apr 2021 , 9:57 am        
រូបភាព
ដោយ:
ភ្នំពេញ៖ លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ ជាប់ជាប្រធានសមាគមសហគ្រិនស្រ្តី-កម្ពុជា ក្នុងអណត្តិទី៤ បន្ទាប់ពីអ្នកស្រីទទួលបានសម្លេងបោះឆ្នោតខ្ពស់ជាងគេ ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងផែនការទិសដៅបន្តឆ្នាំ២០២១ ដែលរៀបចំដោយ CWEA នៅថ្ងៃទី៣១ មីនា ដែលមានការចូលរួមពីលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។

 
លោកស្រី កែវ មុំ ត្រូវបានសមាគម CWEA បោះឆ្នោតឲ្យជាប់ជាប្រធានសមាគម CWEA នៅអាណត្តិទី៤ ឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។ ជាសហគ្រិនស្រ្តីឆ្នើមមួយរូប លោកស្រី កែវ មុំ ក៏ធ្លាប់ជាប្រធានសមាគម CWEA នៅអាណត្តិទី២ កាលពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ផងដែរ។ ដោយសារមានការគាំទ្រពីសមាគម ទើបអ្នកស្រីបន្តឈរឈ្មោះបោះឆ្នោត ហើយបានជាប់ជាប្រធានសមាគមក្នុងអាណត្តិទី៤នេះ។
 
មិនត្រឹមជាសហគ្រិនឆ្នើមនោះទេ លោកស្រី កែវ មុំ ក៏ជាស្រ្តីក្លាហាន និងរឹងមាំមួយរូប ដែលមានការលះបង់ខ្ពស់ចំពោះការងារ។ ហើយលោកស្រីក៏ជាផ្នែកមួយ ជួយបណ្ដុះស្មារតីសហគ្រិនជាស្រ្តីផ្សេងទៀតឲ្យមានភាពក្លាហាន ក្នុងអាជីវកម្ម និងសង្គមផងដែរ។
 


ជាមួយគ្នានេះលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងក្នុងមហាសន្និបាតនោះថា រាជរដ្ឋាភិបាលបានរកឃើញបញ្ហាប្រឈមមួយចំនួន ដែលសហគ្រិនស្រ្តីកម្ពុជា ជួបប្រទះនាពេលបច្ចុប្បន្ន ហើយបញ្ហាទាំងនេះ រាជរដ្ឋាភិបាល និងសមាគម CWEA នឹងចូលរួមដោះស្រាយនាពេលខាងមុខ។ 
 
«បញ្ហាដែលសហគ្រិនស្ដ្រីកម្ពុជា ជួបប្រទះមាន ការចូលទៅកាន់ទីផ្សារ និងការផ្សព្វផ្សាយនៅមានកម្រិត,ខ្វះដើមទុនដើម្បីចាប់ផ្ដើមអាជីវកម្ម និងខ្វះជំនាញ និងចំណេះដឹងផ្នែកព័ត៌មានវិទ្យាសម្រាប់ពាណិជ្ជកម្ម តាមអេឡិចត្រូនិច»។ នេះជាការលើកឡើងរបស់លោកស្រី អ៊ឹង កន្ថាផាវី។
 
លោកស្រីរដ្ឋមន្រ្តីបានលើកឡើងថា៖«CWEA មិនត្រឹមតែជាសរសរស្ដម្ភ ដ៏សំខាន់សម្រាប់សហគ្រិនស្រ្តីនោះទេ CWEA បានពង្រឹងសមត្ថភាពស្រ្តី និងបង្កើនភាពក្លាហានរបស់ស្រ្តីកម្ពុជាផងដែរ»៕
 
 

Tag:
 កែវ មុំ
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com