COVID-19
ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យ៖ ផ្សារដើមគរ និងផ្សារលក់ដូរនានាពេលយប់ មិននៅក្នុងលក្ខខណ្ឌបម្រាមគោចរឡើយ
02, Apr 2021 , 2:23 pm        
រូបភាព
ក្រៅពីផ្សារដើមគរ, ផ្សារដទៃទៀតដែលលក់ដូរបន្លែ-ផ្លែឈើ និងទំនិញផ្សេងៗនៅរាជធានីភ្នំពេញ គឺមិនបានស្ថិតនៅក្នុងបម្រាមគោចរចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ របស់រដ្ឋបាលរាជធានីភ្នំពេញឡើយ។ នេះជាការលើកឡើងរបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដោយបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey នាព្រឹកថ្ងៃទី២មេសាថា ត្បិតគ្មានបម្រាមគោចរសម្រាប់អាជីវករទិញ-លក់ទំនិញ នៅក្នុងផ្សារក៏ពិតមែន ប៉ុន្តែអាជីវករក្នុងផ្សារទាំងអស់គឺត្រូវចូលរួមអនុវត្តវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

 
ដើម្បីជ្រាបច្បាស់សូមស្តាប់ប្រសាសន៍របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ខាងក្រោមតទៅ៖ 

 
បើតាមលោក ម៉េត មាសភក្តី អាជីវករលក់ដូរនៅក្នុងផ្សារនាពេលយប់ មិនថាផ្សារដើមគរក្តី ផ្សារនាគមាសក្តី ឬផ្សាររាត្រីក្តី ដែលស្ថិតនៅក្នុងម៉ោងបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ អត់ត្រូវបានបិទសកម្មភាពជួញដូរទេ ពោលគឺនៅតែអាចលក់ដូរបានជាធម្មតា។ ហើយសូម្បីតែអាជីវករនានាដែលត្រូវដឹកទំនិញឱ្យអតិថិជន ក៏មិនស្ថិតនៅក្នុងបម្រាមគោចរ ហាត់ឃាតរដោយអាជ្ញាធរមានសមត្ថកិច្ចដែរ។  
 
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញរូបនេះ បានពន្យល់ដោយសង្កត់ធ្ងន់ដូច្នេះ៖ បើរថយន្តរបស់អាជីវករ! ជារថយន្តដឹកទំនិញក៏ពិតមែន តែរថយន្តនោះអត់មានដឹកអ្វីសោះ! ជិះតាមផ្លូវ[ក្នុងម៉ោងបម្រាមគោចរ] គឺគេឃាត់។ ប៉ុន្តែបើរថយន្តនោះកំពុងដឹកបន្លែ ផ្លែឈើ ឬមានទំនិញផ្សេងៗនៅពេញឡានយកទៅឱ្យម៉ូយ[អតិថិជន]នោះ អាហ្នឹងគឺចូលទៅក្នុងការលើកលែង[បម្រាមគោចរ]ហើយ»។ 
 


លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

កាលពីព្រឹកថ្ងៃទី១មេសា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេលពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។
 
តាមប្រការ២នៃសេចក្តីសម្រេច សកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីដ្ឋាននៅតាមសណ្ឋាគារ ត្រូវផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែទីតាំងទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។
 
ប្រការ៣ ត្រូវបានផ្អាកការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ លើកលែងតែចំពោះករណីជួបជុំក្នុងចំណោមគ្រួសារ ការរៀបចំពិធីបុណ្យសព ការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីយកសំណាក ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំចាំបាច់សម្រាប់បម្រើប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងៗ ក្រោមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។


 សកម្មភាពលក់ដូរបន្លែនៅផ្សារដើមគរ ពេលយប់។ រូបថត៖ គណៈកម្មការគ្រប់គ្រងផ្សារដើមគរ

ដូចគ្នាផងដែរ ប្រការ៤ លើកឡើងពីការផ្អាកបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ដោយលើកលែងចំពោះករណី ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ភាពចាំបាច់ក្នុងគ្រួសារ ដែលមានការបញ្ជាក់ពីអាជ្ញាធរ ការបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព ការធ្វើចរាចរណ៍រថយន្តកុងតឺនឺ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ការផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកសំរាម និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហារ ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀត។
 
លោកអភិបាលរាជធានីភ្នំពេញ តម្រូវឲ្យនាយករដ្ឋបាលសាលារាជធានី ស្នងការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា៕
 

Tag:
 សង្គម
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com