COVID-19
ជាតិ
សង្គមជាតិ
ចូលឆ្នាំ៖ ក្រសួងសុខាភិបាល ណែនាំម្ចាស់រថយន្តឈ្នួល រៀបចំឲ្យភ្ញៀវអង្គុយ១ម៉ែត្រកន្លះពីគ្នា
02, Apr 2021 , 6:30 pm        
រូបភាព
រថយន្តឈ្នួល ដឹកនាំអ្នកដំណើរ កាលពីក្រសួងសុខាភិបាល មិនទាន់ណែនាំឲ្យរៀបចំអ្នកដំណើរអង្គុយឃ្លាតពីគ្នា១ម៉ែត្រកន្លះ
រថយន្តឈ្នួល ដឹកនាំអ្នកដំណើរ កាលពីក្រសួងសុខាភិបាល មិនទាន់ណែនាំឲ្យរៀបចំអ្នកដំណើរអង្គុយឃ្លាតពីគ្នា១ម៉ែត្រកន្លះ
ក្រសួងសុខាភិបាល បានណែនាំទៅគ្រប់ក្រុមហ៊ុន និងម្ចាស់រថយន្តឈ្នួល ឲ្យរៀបចំកៅអីឲ្យអ្នកដំណើរអង្គុយឃ្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ ជាពិសេសការដឹកអ្នកដំណើរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ក្រសួងសុខាភិបាល ណែនាំបែបនេះ គឺដើម្បីការពារកុំឲ្យមានការរាលដាលជំងឺកូវីដ-១៩។



តាមរយៈសេចក្តីណែនាំ ចេញនៅថ្ងៃ១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ថែមទាំងប្រាប់ក្រុមហ៊ុននិងម្ចាស់រថយន្តឈ្នួលថា អ្នកដំណើរ ដែលត្រូវជិះរថយន្តឈ្នួលរបស់ខ្លួន ត្រូវពាក់ម៉ាស់ជាចាំបាច់ ហើយត្រូវបើកបង្អួចរថយន្ត ឲ្យមានខ្យល់ចេញចូល ដើម្បីចៀសវាងការប្រើម៉ាស៊ីនត្រជាក់ច្រើនជ្រុល។ ជាងនេះទៀត គ្រប់រថយន្តឈ្នួល ត្រូវមានអាល់កុលឬជែល សម្រាប់ឲ្យអ្នកដំណើរសម្អាតដៃ។ បន្ថែមពីនេះ ម្ចាស់រថយន្តឈ្នួល ត្រូវសម្អាតរថយន្តជាប្រចាំ ដោយប្រើទឹកសាប៊ូ និង ប្រើអាល់កុលជូតតាមកៅអីក្នុងរថយន្ត។

ក្រៅពីណែនាំទៅក្រុមហ៊ុននិងម្ចាស់រថយន្តឈ្នួល ក្រសួងសុខាភិបាល ក៏បានណែនាំទៅប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរ ក្នុងពិធីចូលឆ្នាំដែរ។ ក្រសួងសុខាភិបាល ណែនាំឲ្យប្រជាពលរដ្ឋ ចៀសវាងការធ្វើដំណើរតាមមធ្យោបាយសាធារណៈ ដែលផ្ទុកអ្នកដំណើរច្រើន។

ក្រសួងសុខាភិបាល ក្រើនរម្លឹកថា ពេលធ្វើដំណើរតាមមធ្យោបាសាធរណៈ ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស់ ត្រូវរក្សាគម្លាតពីគ្នា និង ត្រូវមានអាល់កុលឬជែលតាមខ្លួន។ ក្រសួងសុខាភិបាល ដាស់តឿនប្រជាពលរដ្ឋ ឲ្យចៀសវាងការធ្វើដំណើរ បើមានអាការក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាពណាមួយ។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល គឺបន្ថែមលើសារាចរណ៍ណែនាំរបស់ប្រមុខរដ្ឋាភិបាល។ ក្នុងសារាចរណ៍ណែនាំ ចេញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាល លើកទឹកចិត្តឲ្យប្រជាជន ជួបជុំក្រុមគ្រួសារតាមផ្ទះរៀងៗខ្លួន ក្នុងពិធីចូលឆ្នាំ ដោយចៀសវាងការចេញក្រៅផ្ទះ ឬការធ្វើដំណើរឆ្លងរាជធានី-ខេត្ត បើមិនចាំបាច់។ ពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១៕

Tag:
 COVID-19
  ចូលឆ្នាំខ្មែរ
  រថយន្តឈ្នួល
  ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com