COVID-19
ជាតិ
ករណីទី១៧៖ ស្រ្តីខ្មែរអាយុ៦១ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ-១៩ ក្រោយចូលព្យាបាលបាន២ថ្ងៃ
02, Apr 2021 , 6:55 pm        
រូបភាព
បុគ្គលិកសុខាភិបាល រៀបចំបញ្ជូនអ្នកដែលតេស្តវិជ្ជមានកូវីដ-១៩ ទៅសម្រាកព្យាបាលនៅមន្ទីរពេ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ រូបពី AFP
បុគ្គលិកសុខាភិបាល រៀបចំបញ្ជូនអ្នកដែលតេស្តវិជ្ជមានកូវីដ-១៩ ទៅសម្រាកព្យាបាលនៅមន្ទីរពេ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ រូបពី AFP
ស្រ្តីខ្មែរវ័យ៦១ឆ្នាំម្នាក់ទៀត បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីបញ្ជូនទៅសម្រាកព្យាបាលបាន២ថ្ងៃ នៅមន្ទីរពេ្យហ្លួងម៉ែ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។



ក្រសួងសុខាភិបាល បញ្ជាក់ថា៖«ស្រ្តីជនជាតិខ្មែរអាយុ៦១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវីដ-១៩»។

នៅថ្ងៃទី៣០ ខែមីនា ស្រ្តីខ្មែររូបនោះ មានអាស័យដ្ឋាននៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ត្រូវបានរកឃើញថា ផ្ទុកជំងឺកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ កាលពីថ្ងៃទី៣១ ខែមីនា។  ក្រសួងសុខាភិបាល អះអាងថា ស្រ្តីខ្មែររូបនោះ មានស្ថានភាពធ្ងន់ធ្ងរតាំងពីពេលចូលសម្រាកដំបូង។

ក្រសួងសុខាភិបាល បន្តថា ក្រុមគ្រូពេទ្យ បានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះស្រ្តីខ្មែរូបនោះ តាមបច្ចេក ហើយដោយសារតែគាត់ មានសភាពកាន់តែធ្ងន់ធ្ងរឡើង ក្រុមគ្រូពេទ្យ បានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះគាត់ ប៉ុន្តែនៅតែមិនអាចជួយបាន ហើយក៏ទទួលមរណភាព នៅម៉ោង១០កន្លះយប់ ថ្ងៃទី១ ខែមេសា។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានសេចក្តីប្រកាសព័ត៌មាន១ផ្សេងទៀតដែរ ជុំវិញមរណភាពរបស់ស្រ្តីខ្មែរវ័យ៥៦ម្នាក់។ ក្រសួងសុខាភិបាល បដិសេធថា ស្រ្តីវ័យ៥៦ឆ្នាំរូបនោះ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ ដូចការផ្សាយរបស់សារព័ត៌មានមួយចំនួន កាលពីព្រឹកនោះទេ តែគាត់ស្លាប់ដោយសារស្ទះសរសៃឈាមភ្លាមៗ ក្នុងពេលកំពុងធ្វើចត្តាឡីស័ក នៅផ្ទះ។ 

បើតាមក្រសួងសុខាភិបាល ក្រោយស្រ្តីខ្មែរវ័យ៥៦រូបនោះ ទទួលមរណភាព ក្រុមគ្រូពេទ្យ បានយកសំណាកពីសព ទៅធ្វើតេស្ត ហើយលទ្ធផល ដែលបង្ហាញ គឺវិជ្ជមានជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា ពេលនៅមានជីវិត គាត់ មានជំងឺលើសសម្ពាធឈាមប្រចាំកាយ ដែលកំពុងប្រើប្រាស់ថ្នាំជាប្រចាំ។

ក្រសួងសុខាភិបាល សរសេរថា៖«នៅថ្ងៃទី១ ខែមេសា ពេលកំពុងពិសាបាយ ស្រាប់តែសន្លប់បាត់បង់ស្មារតីភ្លាមៗ។ ក្រុមគ្រួសារ បានជួយសង្គ្រោះដោយធ្វើចលនាបេះដូងមួយសន្ទុះ គាត់ ក៏បានស្លាប់នៅម៉ោង១២ថ្ងៃត្រង់ នៅគេហដ្ឋានរបស់គាត់»។   

មកពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ១៧នាក់ បានបាត់បង់ជីវិត ដោយក្នុងជនជាតិខ្មែរ១៦នាក់ (ស្រ្តី១០) និងបុរសជនជាតិចិនម្នាក់៕

Tag:
 COVID-19
  ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com