ជាតិ
សង្គមជាតិ
វៀតណាមផ្តល់ថវិកា២០ម៉ឺនដុល្លារដល់កម្ពុជាសម្រាប់ប្រឆាំងជំងឺកូវីដ-១៩
03, Apr 2021 , 11:26 am        
រូបភាព
លោក Nguyễn Xuân Phúc នាយករដ្ឋមន្រ្តីនិងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុនីស្តវៀតណាម ទទួលសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសសម្តេចទៅបំពេញទស្សនកិច្ចនៅវៀតណាម
លោក Nguyễn Xuân Phúc នាយករដ្ឋមន្រ្តីនិងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុនីស្តវៀតណាម ទទួលសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសសម្តេចទៅបំពេញទស្សនកិច្ចនៅវៀតណាម
ដោយ:
 ភ្នំពេញ៖​ រដ្ឋាភិបាលវៀតណាមបានផ្តល់ថវិកាចំនួន២០ម៉ឺនដុល្លារមកកម្ពុជា ​ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ដែលកំពុងរាតត្បាតខ្លាំងនៅកម្ពុជា។​ នេះបើតាមលិខិតរបស់លោក ង្វៀន​ សួនហ្វ៊ុក​ នាយករដ្ឋមន្ត្រីវៀតណាម ដែលបានផ្ញើមកនាយករដ្ឋមន្ត្រីកម្ពុជា។



លោក  ង្វៀន​ សួនហ្វ៊ុក​ នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់នៅក្នុងលិខិតនោះថា​ កន្លងមកកម្ពុជា​ និងវៀតណាមបានរួមគ្នាដាក់ចេញនូវវិធានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ចែករំលែក​ និងសហការយ៉ាងជិតស្និទ្ធិក្នុងគ្រាដ៏លំបាកនេះ។​​​ ក្នុងស្ថានភាពជំងឺកូវីដ-១៩ កាន់តែធ្វើឲ្យគ្រប់ប្រទេស​ ទាំងកម្ពុជា និងវៀតណាមត្រូវបន្តខិតខំប្រឹងប្រែងឲ្យខ្លំាងជាងមុន  និងបង្កើនសាមគ្គីភាពបន្ថែមទៀត ដើម្បីប្រឆាំងជំងឺកូវីដ-១៩។

​នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងក្នុងលិខិតនោះថា៖«ខ្ញុំមានជំនឿយ៉ាងមុតមាំថា​ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជានឹងគ្រប់គ្រងបាននូវការរីករាលដាលជំងឺកូវីដ-១៩ក្នុងពេលឆាប់ៗ និងនាំមកនូវស្ថិរភាពជូនប្រជាជន»។

លោក​ ង្វៀន​ សួនហ្វ៊ុក​ ក៏បានអរគុណចំពោះនាយករដ្ឋមន្ត្រីកម្ពុជា​ និងស្ថាប័ននានាដែលបានជួយដល់សហគមន៍វៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកម្ពុជា។

សម្ដេចនាយកដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកថវិការបស់វៀតណាមនេះ ជាសកម្មភាពមនុស្សធម៌មួយ ក្នុងការជួយគ្នា ក្នុងគ្រាលំបាក។ «ការផ្តល់វិភាគទានដ៏សប្បុរសនេះ ក្នុងពេលដែលកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍លើកទី៣ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីស្មារតីជាអ្នកជិតខាងល្អរបស់វៀតណាមចំពោះកម្ពុជា ក្នុងគ្រាលំបាក»។នេះជាការឆ្លើយតបរបស់សម្ដេច ហ៊ុន សែន៕


© រក្សាសិទ្ធិដោយ thmeythmey.com